Khmer First Close

ព្រឹទ្ធសភាកម្ពុជា ប្រកាសថ្កោលទោសចំពោះទង្វើវាយប្រហារនិងគ្មានការគោរព គ្មានសេចក្តីថ្លៃថ្នូរក្នុងនាមជាមនុស្សជាតិរបស់ជនជាតិថៃមួយចំនួន

ដោយ៖ សម្បត្តិ កិត្យា ​​ | ថ្ងៃពុធ ទី៨ ខែតុលា ឆ្នាំ២០២៥ ព័ត៌មានជាតិ 182
ព្រឹទ្ធសភាកម្ពុជា ប្រកាសថ្កោលទោសចំពោះទង្វើវាយប្រហារនិងគ្មានការគោរព គ្មានសេចក្តីថ្លៃថ្នូរក្នុងនាមជាមនុស្សជាតិរបស់ជនជាតិថៃមួយចំនួន ព្រឹទ្ធសភាកម្ពុជា ប្រកាសថ្កោលទោសចំពោះទង្វើវាយប្រហារនិងគ្មានការគោរព គ្មានសេចក្តីថ្លៃថ្នូរក្នុងនាមជាមនុស្សជាតិរបស់ជនជាតិថៃមួយចំនួន

យោងតាមសេចក្តីថ្លែងការណ៍របស់ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា ព្រឹទ្ធសភាកម្ពុជាបានប្រកាសថ្កោលទោសយ៉ាងខ្លាំងក្លាបំផុតចំពោះទង្វើវាយប្រហារ និងគ្មានការគោរព ប្រព្រឹត្តមកលើសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងឥស្សរជនកម្ពុជាផ្សេងទៀត នេះគឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរដល់សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ តម្លៃសីលធម៌ និងការគោរពគា្នទៅវិញទៅមករវាងប្រជាជាតិ និងប្រជាជាតិ។ ទង្វើបែបនេះក៏បានធ្វើឱ្យប៉ះពាល់ទៅដល់ស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាព និងសន្តិសហវិជ្ជមាន ដែលជាគោលការណ៍គ្រឹះក្នុងការដឹកនាំទំនាក់ទំនងរវាងកម្ពុជា និងថៃ ក្នុងនាមជាសមាជិកក្នុងអាស៊ាន និងសហគមន៍អន្តរជាតិ។

យោងតាមប្រភពដដែលបានឱ្យដឹងបន្ថែមថា ព្រឹទ្ធសភា សូមវាយតម្លៃខ្ពស់ចំពោះការបញ្ចេញមតិកាលពីថ្ងៃទី៦ តុលា២០២៥ របស់សម្តេចតេជោ ហ៊ុន សែន ប្រកបដោយភាពឈ្លាសវៃ អត់ធ្មត់ និងក្នុងស្មារតីជារដ្ឋបុរស ដោយបានឆ្លុះបញ្ចាំងពីភាពជាអ្នកដឹកនាំប្រកបដោយសីលធម៌ និងស្មារតីទទួលខុសត្រូវខ្ពស់។ នៅចំពោះមុខការបង្កហេតុដោយចេតនានេះ សម្តេចតេជោ បានអំពាវនាវដល់ប្រជាជនខ្មែរទាំងអស់ឱ្យរក្សាភាពស្ងប់ស្ងាត់ ចៀសវាងការសងសឹក និងប្រកាន់ខ្ជាប់នូវស្មារតីនៃការឯកភាពជាតិនិងការអត់ធ្មត់។ ការអំពាវនាវនេះបានបង្ហាញពីចរិតថ្លៃថ្នូរដ៏ឧត្តុង្គឧត្តម និងភាពស្អាតស្អំខាងសីលធម៌ដែលបន្តជំរុញឱ្យមានសន្តិភាព និងភាពសុខដុមរមនានៅក្នុងប្រទេសកម្ពុជា និងតំបន់។

ទន្ទឹមនោះផងដែរ ព្រឹទ្ធសភាកម្ពុជា ក៏បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការអំពាវនាវរបស់សម្តេចតេជោ ដើម្បីលើកកម្ពស់អធិបតេយ្យភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់កម្ពុជា។ ការពង្រឹងការប្រើប្រាស់រូបិយវត្ថុជាតិ និងការកាត់បន្ថយការពឹងផ្អែកលើខាងក្រៅ គឺជាជំហានដ៏សំខាន់ឆ្ពោះទៅកាន់ការពង្រឹងការគ្រប់គ្រងខ្លួនឯង ភាពធន់របស់ជាតិ និងឯករាជ្យភាព។ ទន្ទឹមនឹងនេះ ព្រឹទ្ធសភាក៏សូមគូសបញ្ជាក់អំពីទំនួលខុសត្រូវរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ក្នុងការចាត់វិធានការសមស្របដើម្បីដោះស្រាយបញ្ហានេះ ក្នុងលក្ខណៈសមស្របជាប្រទេសជាតិមួយដែលមានអរិយធម៌ និងថ្លៃថ្នូរ ដើម្បីទប់ស្កាត់កុំឲ្យអំពើស្រដៀងគ្នានេះកើតឡើងនៅពេលអនាគត៕

អត្ថបទទាក់ទង