Khmer First Close

ថៃសម្តែងល្ខោនរាវមីនក្នុងផ្ទះប្រជាពលរដ្ឋកម្ពុជា ជាទង្វើបោកបញ្ឆោតសហគមន៍អន្តរជាតិ

ដោយ៖ សម្បត្តិ កិត្យា ​​ | ថ្ងៃសុក្រ ទី១០ ខែតុលា ឆ្នាំ២០២៥ ទស្សនៈ - នយោបាយ 1248
ថៃសម្តែងល្ខោនរាវមីនក្នុងផ្ទះប្រជាពលរដ្ឋកម្ពុជា ជាទង្វើបោកបញ្ឆោតសហគមន៍អន្តរជាតិ ថៃសម្តែងល្ខោនរាវមីនក្នុងផ្ទះប្រជាពលរដ្ឋកម្ពុជា ជាទង្វើបោកបញ្ឆោតសហគមន៍អន្តរជាតិ

នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥នេះ ថៃបានសម្តែងល្ខោនថ្ពិនភ្នែកមួយឈុតទៀត តាមរយៈការបង្កើតព្រឹត្តិការណ៏បំភាន់អន្តរជាតិ ដោយធ្វើជាសកម្មភាពចូលរាវមីននៅក្នុងលំនៅឋាននិងភូមិកររបស់ប្រជាពលរដ្ឋស៊ីវិលកម្ពុជាដែលពួកគេបានព័ទ្ធរបងលួសកាលពីថ្ងៃមុន ក្នុងគោលដៅចង់បង្ហាញប្រាប់ពិភពលោកថាក្នុងផ្ទះនិងភូមិដ្ឋានដែលប្រជាពលរដ្ឋកំពុងកាន់កាប់និងរស់នៅសុទ្ធតែមានគ្រាប់មីន ។ ធាតុពិត ទង្វើនេះ គឺជាការបោកបញ្ឆោត ដើម្បីលាក់បាំងគោលបំណងពិតនៃការរំលោភទឹកដីកម្ពុជាតែប៉ុណ្ណោះ។

ការចាប់ផ្តើមរាវមីននៅតំបន់ភូមិជោគជ័យ និង ភូមិព្រៃចាន់ ដែលជាផ្ទះសម្បែងរបស់ប្រជាពលរដ្ឋស៊ីវិលកម្ពុជារស់នៅ គឺជាការបំពានដ៏ធ្ងន់ធ្ងរលើកិច្ចព្រមព្រៀង GBC (General Border Committee) និងជាការរំលោភលើសិទ្ធិអធិបតេយ្យភាពរបស់កម្ពុជាយ៉ាងធ្ងន់ធ្ងរបំផុត។

ឈុតឆាកសម្តែងល្ខោនរាវមីនរបស់ថៃជាអំពើរំលោភបំពានមួយដែលមិនអាចទទួលយកបាន ដែលសកម្មភាពរបៀបនេះមិនមានជាតិសាសន៏ណាមួយអាចធ្វើបានក្រៅអំពីជាតិសាសន៏ថៃនោះទេ ពីព្រោះតាមធម្មតាតំបន់ផ្ទះសម្បែងដែលពលរដ្ឋកំពុងស្នាក់នៅប្រាដកណាស់មិនមានគ្រាប់មីន កាកសំណល់និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលត្រូវធ្វើការដោះមីននោះឡើយ គឺមានតែនៅក្នុងតំបន់ដែលជាអតីតសមរភូមិដែលធ្លាប់ជាកន្លែងវាយប្រយុទ្ធគ្នាតែប៉ុណ្ណោះដែលមានគ្រាប់មីន ជាពិសេសគឺនៅតំបន់ខ្សែព្រំដែនព្រំដែនកម្ពុជា-ថៃ ដែលគ្រាប់មីនសល់ពីសម័យសង្គ្រាម។

ទោះយ៉ាងណា ការធ្វើប្រត្តិបត្តិការរាវមីននៅព្រំដែននៃប្រទេសទាំងពីរនេះក៏ត្រូវតែធ្វើឡើងក្រោមកិច្ចសហការនិងឯកភាពគ្នាជាមុន ពោលគឺត្រូវធ្វើការរួមគ្នាឲ្យស្របទៅតាមច្បាប់អន្តរជាតិមិនមែនជាការធ្វើដោយឯកតោភាគីនោះទេ។ ប៉ុន្តែថៃវិញ បាននិងកំពុងបង្កើតសកម្មភាពយោធាឈ្លានពាន ដោយប្រើល្បិចបញ្ជូនយោធារាប់រយនាក់ប្រដាប់ដោយអាវុធទំនើបៗគ្រប់ដៃនិងគ្រឿងចក្រចូលឈូសឆាយនៅលើដីដែលពួកគេធ្លាប់ចូលមករាយបន្លាលួសក្នុងពេលកន្លងមក ដោយជ្រកក្រោមស្លាក ”រាវមីនមនុស្សធ៌ម” ដើម្បីបំភាន់ភ្នែកអន្តរជាតិ ជាពិសេសប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump។

តាមពិតការចូលរាវមីននិងឈូសឆាយផ្លូវក្នុងទឹកដីកម្ពុជានេះគឺមិនមែនជាការដោះមីនពិតប្រាកដនោះទេ គឺគ្រាន់តែជាការសម្ដែងល្ខោនបែបឡប់ឡែ ដើម្បីបញ្ចូនកងកម្លាំងយោធារបស់ខ្លួនចូលមកទន្ទ្រានកាន់កាប់ និងបន្តរំលោភលើទឹកដីកម្ពុជាតែប៉ុណ្ណោះ។ យ៉ាងណាមិញកម្ពុជាមិនអាចអនុញ្ញាតឲ្យ “ទង្វើមនុស្សធម៌ក្លែងក្លាយ” នេះ ក្លាយជាអាវុធបោកបញ្ឆោតអន្តរជាតិបានឡើយ ពោលគឺកម្ពុជានឹងចងក្រងឯកសារផ្លូវច្បាប់ដោយចាត់វិធានការទាំងយន្តការការទូតនិងយន្តការច្បាប់អន្តរជាតិ។

ទង្វើដ៏គឃ្លើនេះជាការបំពានដល់កិច្ចព្រមព្រៀង GBC ដែលជាការយល់ព្រមជាផ្លូវការរវាងកម្ពុជា–ថៃ កំណត់យ៉ាងច្បាស់ថា សកម្មភាពណាមួយតាមបណ្តោយព្រំដែនត្រូវធ្វើតាមការសម្របសម្រួលរួមគ្នា។ ការដោះមីនដោយឯកតោភាគីរបស់ថៃគឺជាការចូលបំពាននិងលុកលុយរំលោភចូលជ្រៅក្នុងដែនអធិបតយ្យភាពកម្ពុជាយ៉ាងពិតប្រាកដដែលត្រូវថ្កោលទោសពីអន្តរជាតិ។

បើទោះបីជាកងទ័ពកម្ពុជាបានជូនដំណឹងជាច្រើនលើកច្រើនសារទៅក្រុមយោធាថៃថា ការដោះមីននៅតំបន់នេះជាការបំពានច្បាប់ និងមិនអាចទទួលយកបានក៏ដោយ ប៉ុន្តែថៃនៅតែគឃ្លើនបន្តរំលោភនិងមិនគោរពតាមការព្រមព្រៀងអន្តរជាតិដែលខ្លួនបានចុះហត្ថលេខានោះឡើយ ។ សកម្មភាពនេះបានបង្ហាញថា ថៃមិនមែនជាប្រទេសដែលពិភពលោកគួរទុកចិត្តបាននិងមានភាពស្មោះត្រង់នោះឡើយ។

នេះគឺខុសពីគោលជំហររបស់កម្ពុជា ដែលបានប្រកាន់យ៉ាងតឹងរឹងថា ការដោះមីនអាចធ្វើបាន ល្គឹកណាតែកន្លែងដែលមានខ្សែបន្ទាត់ព្រំដែនច្បាស់លាស់ និង ជាតំបន់ដែលគ្មានទំនាស់តែប៉ុណ្ណោះ។

គួររំលឹកផងដែរថា តំបន់ភូមិជោគជ័យ និងភូមិព្រៃចាន់ គឺជាផ្ទះសម្បែងរបស់ប្រជាពលរដ្ឋស៊ីវិលកម្ពុជា ដែលបានរស់នៅយ៉ាងសុខសាន្តអស់ជាច្រើនទសវត្សកន្លងមកហើយ។ ការដែលថៃចូលមករាវមីនដោយមិនមានការអនុញ្ញាត គឺជាការរំលោភសិទ្ធិរស់នៅ និងសន្តិសុខស៊ីវិល។ ប្រជាពលរដ្ឋកម្ពុជានិងកងកម្លាំងកម្ពុជាដែលមិនប្រដាប់ដោយអាវុធកំពុងតាមឃ្លាំមើលនិងរង់ចាំការពារទឹកដីដោយការអត់ធ្មត់និងដោយសន្តិវិធីដោយមិនមានការតបតអ្វីឡើយ ។ ត្រង់នេះ ជាការបញ្ជាក់ថា កម្ពុជាគោរពយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់។

ថៃមិនអាចប្រើច្បាប់ថៃលើទឹកដីកម្ពុជាបានឡើយ ។ ទឹកដីកម្ពុជាគឺជាដែនអធិបតេយ្យភាពជាតិ ដែលមិនអាចឲ្យប្រទេសណាមួយយកច្បាប់របស់ខ្លួនមកអនុវត្តបាននោះទេ។ ការបង្ហាញថាថៃចង់ដោះមីនដោយយោងតាមច្បាប់ថៃ គឺជាការប៉ុនប៉ងរំលោភច្បាប់អន្តរជាតិ និងចង់បង្ហាញថាទឹកដីកម្ពុជាគឺជាផ្នែកមួយរបស់ប្រទេសថៃ ដែលនេះជាអ្វីដែលកម្ពុជាមិនអាចទទួលយកបានឡើយ។

ការបន្តបំពានមកលើអធិបតេយ្យភាពរបស់កម្ពុជា នឹងត្រូវបានថ្កោលទោសយ៉ាងដាច់អហង្ការពីសំណាក់ប្រជាជនកម្ពុជាចំពោះអំពើរំលោភបំពាននេះ។ សង្ឃឹមថា ទង្វើរបស់ថៃ នឹងមិនអាចលាក់បាំងបានឡើយ ដោយសារនៅថ្ងៃនេះ អ្នកសង្កេតការណ៍អន្តរកាល IOT ក៏បានទៅធ្វើជាសាក្សីដល់ទីកន្លែង នឹងបានឃើញច្បាស់នឹងភ្នែក ហើយពួកគេក៏ជាតួអង្គដ៏សំខាន់ ក្នុងការលាតត្រដាងការពិតប្រាប់ដល់ពិភពលោកផងដែរ។

សកម្មភាព “ដោះមីនមនុស្សធម៌ក្លែងក្លាយ” ដែលរៀបចំឆាកល្ខោនដោយថៃដើម្បីបោកបញ្ឆោតអន្តរជាតិ ក្នុងគោលដៅបិទបាំងនូវអំពើរំលោភដែនអធិបតេយ្យភាពនិងទឹកដីកម្ពុជា ត្រូវតែមានវិធានការរារាំងដើម្បីបញ្ឈប់ការឈ្លានពាននេះជាបន្ទាន់ ទើបធានាបាននូវដំណោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ និងបញ្ចៀសបាននូវការផ្ទុះអាវុធជាថ្មីកើតមានឡើង។

មកដល់ពេលនេះ សហគមន៍អន្តរជាតិ បានដឹងកាន់តែច្បាស់នូវការបំពានបទឈប់បាញ់ បង្កឡើងដោយភាគីថៃ យ៉ាងច្បាស់ក្រឡែត ហើយដែលថៃល្មមដល់ពេលឈប់បោកប្រាស់គេទៀតទៅ៕

ដោយ៖ ពិន វិជ័យ (អ្នកសិក្សាវិទ្យាសាស្ត្រនយោបាយ)

អត្ថបទទាក់ទង