សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ប្រជាជនគឺជាស្នូលនៃការអភិវឌ្ឍ
យោងតាមសារលិខិតក្នុងទិវាប្រជាជនពិភពលោកលើកទី៣៥ អបអរសាទរខួប៣០ឆ្នាំនៃវត្តមានរបស់ UNFPA នៅកម្ពុជា និងខួប៣០ឆ្នាំនៃសន្និសីទអន្តរជាតិស្តីពីប្រជាជននិងអភិវឌ្ឍន៍ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ប្រជាជនគឺជាស្នូលនៃការអភិវឌ្ឍ។
យោងតាមសារលិខិតដដែលនេះ បានឱ្យដឹងថា ការផ្តល់សេវាសង្គមចាំបាច់ដល់ប្រជាជន ដូចជាការអប់រំ ការថែទាំសុខភាព ការងារ ការបង្កើនភាពអង់អាចដល់ស្រ្តី និងសេវាសង្គមផ្សេងទៀត គឺជាមូលដ្ឋានគ្រឹះនៃការកសាងមូលធនមនុស្ស ដើម្បីសម្រេចបាននូវសក្តានុពលពេញលេញក្នុងការទាញយកអត្ថប្រយោជន៍ឱ្យបានជាអតិបរមាពីភាគលាភប្រជាសាស្រ្តដែលកំពុងមាន។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ទិន្នន័យអាចបង្ហាញពីនិន្នាការបម្រែបម្រួលឌីណាមិកប្រជាជន និងតម្រូវការកម្លាំងពលកម្មក្នុងបរិការណ៍នៃបរិវត្តកម្មសេដ្ឋកិច្ច និងអាទិភាពតាមវិស័យ។ ផ្អែកលើទិន្នន័យទាំងនេះ យើងអាចផ្តល់ការងារ និងសេវាសង្គមចំគោលដៅ និងមានប្រសិទ្ធភាព ដូចជាការអភិវឌ្ឍកម្មវិធីបណ្តុះបណ្តាលជំនាញជាក់លាក់ ការជំរុញនវានុវត្តន៍ ការទាក់ទាញវិនិយោគ និងការបង្កើតពិពិធកម្មសេដ្ឋកិច្ច និងការប្រកួតប្រជែង ដែលអាចបង្កើតការងារសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសង្កត់ធ្ងន់ថា ក្នុងន័យនេះ យើងត្រូវតែជំរុញការប្រាស្រ័យទាក់ទងជិតសិ្នទ្ធ និងបើកចំហ ដើម្បីកសាងទំនុកចិត្តរវាងរដ្ឋាភិបាល និងពលរដ្ឋ៕