Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោក Tan Sri Michael Yeoh ប្រធានវិទ្យាស្ថាន KSI ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃអង្គារ ទី៩ ខែមេសា ឆ្នាំ២០២៤ ព័ត៌មានជាតិ 1108
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោក Tan Sri Michael Yeoh  ប្រធានវិទ្យាស្ថាន KSI ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោក Tan Sri Michael Yeoh ប្រធានវិទ្យាស្ថាន KSI ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

នៅព្រឹកថ្ងៃអង្គារ ១ កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ លោក តាន់ ស្រ៊ី មីឆែល យ៉េវ (Tan Sri Michael Yeoh) ប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រ KSI ប្រចាំតំបន់អាស៉ីប៉ាស៉ីហ្វិក ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

ជាកិច្ចចាប់ផ្ដើម សម្ដេចតេជោ បានស្វាគមន៍ចំពោះ ដំណើរតទស្សនកិច្ចរបស់ លោក តាន់ ស្រ៊ី មីឆែល យ៉េវ (Tan Sri Michael Yeoh) ប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រ KSI ប្រចាំតំបន់អាស៉ីប៉ាស៉ីហ្វិក និងគណៈប្រតិភូនៅកម្ពុជា។ សម្ដេចតេជោ ក៏បានថ្លែងអំណរគុណចំពោះ Tan Sri Michael Yeoh ដែលកន្លងមកវិទ្យាស្ថាន KSI តែងតែគាំទ្រកម្ពុជាជាហូរហែរពិសេសក្នុងពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះដឹកនាំអាស៊ានឆ្នាំ 2022 ហើយក៏អរគុណចំពោះវិទ្យាស្ថានដែលបានផ្ដល់ពានរង្វាន់មួយជីវិតដល់សម្ដេច ជាថ្នាក់ដឹកនាំឆ្នើមនៅក្នុងអាស៊ាន ដែលបានកាន់ញរញ៊ូអាស៊ានរហូតដល់ទៅ៣ដង។ សម្ដេចតេជោ ក៏បានសម្ដែងការរីករាយដោយបានធ្វើការជាមួយគ្នាក្នុងរយៈពេលជាងដប់ឆ្នាំនេះ ដែល លោក Tan Sri Michael Yeoh បានធ្វើការនេះតាំងពីឆ្នាំ 2012 រហូតដល់បច្ចុប្បន្ន។

ជាការឆ្លើយតប លោក Tan Sri Michael Yeoh បានថ្លែងអំណរគុណចំពោះសម្ដេច ដែលបានអនុញ្ញាតឲ្យចូលជួបសម្ដែងការគួរសមក្នុងពេលនេះ ក្នុងពេលដែលលោកបានបំពេញទស្សនកិច្ចនៅកម្ពុជា ហើយលោកក៏បានសំដែងការសរសើរចំពោះការដឹកនាំរបស់សម្ដេចតេជោ ចាប់តាំងពីលោកបានចាប់ផ្ដើមគ្រប់គ្រង KSI មក គឺលោកបានធ្វើការកត់សម្គាល់ឃើញថាកម្ពុជាមានការអភិវឌ្ឍ រីកចម្រើន យ៉ាងសម្បើម ដែលបង្ហាញពីការដឹកនាំរបស់សម្ដេចតេជោ ហើយសង្ឃឹមថា សម្ដេចតេជោ នឹងមានការចែករំលែកនូវការដឹកនាំរបស់សម្ដេច ប្រកបដោយប្រសិទ្ធភាពនេះដល់បណ្ដាលថ្នាក់ដឹកនាំនៃបណ្ដាប្រទេសអាស៊ានផ្សេងទៀត។ ការដឹកនាំរបស់ សម្ដេច បាននាំមកនូវស្ថិរភាព សន្តិសុខដល់កម្ពុជា ធ្វើឲ្យមានកំណើនក្នុងវិស័យសេដ្ឋកិច្ច សង្គម ហើយប្រែក្លាយប្រទេសកម្ពុជាទៅជាប្រទេសដែលមានការអភិវឌ្ឍន៍លឿននៅក្នុងតំបន់របស់យើងនេះ។ ហើយលោក Tan Sri Michael Yeoh បានសំដែងការចាប់អារម្មណ៍ចំពោះ សម្ដេចធិបតី នាយករដ្ឋមន្ត្រី កាលពីម្សិលមិញ ដែលលោកបានមានប្រសាសន៍ថាសម្ដេចធិបតី នាយករដ្ឋមន្ត្រី មានចក្ខុវិស័យវែងឆ្ងាយ មានភាពឆ្លាតវៃក្នុងការដឹកនាំ ហើយសង្ឃឹមថា សម្ដេចធិបតី នឹងបន្តពីសម្ដេចតេជោ ដឹកនាំកម្ពុជាទៅរកការរីកចម្រើននៅក្នុងសម័យកាលថ្មីមួយថែមទៀត។

លោក Tan Sri Michael Yeoh បានជម្រាបជូនសម្ដេចតេជោ ថាលោកគ្រោងនឹងនាំមកនូវសហគ្រិន អ្នកវិនិយោគជាច្រើន ដែលផ្ដោតទៅលើ វិស័យហិរញ្ញវត្ថុ វិស័យកសិកម្ម វិស័យថាមពលដែលកកើតពីជីវម៉ាស លោកក៏បានជម្រាបជូនសម្ដេច ថា ពី លោកបានគោរពស្នើសុំសម្ដេចធិបតី ដើម្បីបានរៀបចំនូវវេទិកា ២ សំខាន់ ដែលគ្រោងរៀបចំនៅខែវិច្ឆិកា ឆ្នាំ 2024 នេះ ដែលចង់ឱ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ ៖

ទី១) កិច្ចប្រជុំកំពូលសកលស្ដីពីបច្ចេកវិទ្យា និងសេដ្ឋកិច្ចចិន ២០២៤ ( Global Chinese Economic and Technology Summit 2024 )
ទី២) កិច្ចប្រជុំកំពូលស្ដីពីសហគ្រិនភាព និង សេដ្ឋកិច្ចអាស៊ី (ASIA Economic Entrepreneurship Summit) ដែលនឹងនាំអ្នកវិនិយោគិនពីបណ្ដាប្រទេសទូទាំងពិភពលោក វិនិយោគិនពី អាមេរិក អ៉ឺរ៉ុប ចិន មកកាន់តំបន់អាស៊ាន ពិសេសកម្ពុជា ដើម្បីស្វែងរកឱកាសដើម្បីវិនិយោគ ដោយលោកសង្ឃឹមថាវេទិកាទាំងពីរនេះនឹងទាក់ទាញវិនិយោគិននៅក្នុងតំបន់ និងជុំវិញពិភពលោក ហើយលោកបានជម្រាបថា សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានឯកភាពនៃការស្នើសុំអញ្ជើញសម្ដេចធិបតី ជាអធិបតីថ្លែងសុន្ទរកថាគន្លឹះនៅក្នុងវេទិកាទាំងពីរនេះរួចហើយ។

សម្ដេចតេជោ បានថ្លែងអំណរគុណចំពោះការរៀបចំវេទិកាទាំងពីរនោះ និងបានផ្ដល់យោបល់ថា សូមឲ្យកម្មវិធីនានា ចូលរួមដោយ សម្ដេចធិបតី នាយករដ្ឋមន្ត្រី។

សម្ដេចតេជោ ផ្ដល់យោបល់បន្ថែមថា សូមឱ្យមានការគិតគូរ ធ្វើការជាមួយដៃគូរនានានៅក្នុងកម្ពុជា ហើយផ្ដោតទៅលើពាណិជ្ជកម្មតម្រង់ទិសទៅលើ ពាណិជ្ជកម្មអាស៊ាន និងចិន ដោយសម្ដេច ចាត់ទុកថាប្រទេសចិនគឺជាទីផ្សារធំមួយសម្រាប់អាស៊ាន សម្រាប់កម្ពុជា ហើយប្រទេសចិនមានប្រជាជនច្រើន ហើយបើយើងប្រៀបធៀបប្រជាជនចិនគឺច្រើនជាងអាមេរិកនិងអឺរ៉ុបបូកចូលគ្នាទៀត ហើយសេចក្ដីត្រូវការរបស់ចិនគឺធំធេងណាស់ ដូច្នេះយើងត្រូវមើលទីផ្សារជិតប្រសើរជាងស្វែងរកទីផ្សារឆ្ងាយ ដោយសម្ដេច បានធ្វើការប្រៀបធៀបក្នុង សម័យ covid ដែលពីមុននោះយើងគិតគូរតែទីផ្សារឆ្ងាយៗ ផ្ទុយទៅវិញនៅពេលការរារាំងដោយជំងឺកូវីដ ពាណិជ្ជកម្មរបស់កម្ពុជានិងបណ្ដាប្រទេសអាស៊ានជាអាទិ៍ជាមួយ វៀតណាម ជាមួយថៃ ជាមួយម៉ាឡេស៊ី និងជាមួយចិន មានការកើនឡើងទ្វេរដង ឬ អាចលើសទ្វេរដងទៅទៀត។ ដូច្នេះ សម្ដេចតេជោបានផ្ដល់យោបល់ឲ្យយកចិត្តទុកដាក់ទៅលើទីផ្សារនៅក្នុងតំបន់ ត្រូវយកទុកដាក់លើអ្វីដែលយើងមានហើយដូចជាកិច្ចព្រមព្រៀង RCEP, China-ASEAN Free Trade និងសមាជិកអាស៊ាននីមួយៗ ជាមួយបណ្ដាប្រទេសផ្សេងទៀត។

សម្ដេចតេជោ បានរំលេចផងដែរថា នៅក្នុងបណ្ដាប្រទេសអាស៊ានយើងនេះ យើងមិនព្រួយបារម្ភពីការខ្វះស្បៀងនោះទេ ដោយសារបណ្ដាសមាជិកអាស៊ានមួយចំនួនជាប្រទេសផលិតស្រូវ ស្បៀង ហើយប្រទេសមួយចំនួនទៀតគឺជាប្រទេសដែលនាំចូលនូវស្បៀងអាហារ ដូច្នេះយើងអាចបំពេញឲ្យគ្នាទៅវិញទៅមក ហើយត្រូវធ្វើខិតខំធ្វើសមាហរដ្ឋកម្មលើវិស័យពាណិជ្ជកម្ម ការវិនិយោគផ្សេងៗជាមួយគ្នា។

សម្ដេចក៏បានផ្ដល់អនុសាសន៍សូមឲ្យ វិទ្យាស្ថាន KSI និង AVI របស់កម្ពុជាធ្វើការសិក្សារួមគ្នា ជំរុញទំនាក់ទំនងរកទីផ្សារនៅក្នុងតំបន់ជាពិសេសរវាងអាស៊ាន និងចិន។

ជាចុងក្រោយសម្ដេចតេជោ បានជូនពរដល់ លោក Tan Sri Michael Yeoh និងប្រតិភូ សូមឲ្យដំណើរទស្សនកិច្ចរបស់លោក បានប្រកបដោយជោគជ័យ និងជូនពរឲ្យការរៀបចំកិច្ចប្រជុំកំពូលទាំងពីរនៅខែវិច្ឆិកាខាងមុខនេះ ប្រកបដោយជោគជ័យ។

ជាការឆ្លើយតប លោក Tan Sri Michael Yeoh បានថ្លែងអំណរគុណចំពោះសម្តេចតេជោ ចំពោះ ផ្ដល់ជាអនុសាសន៍លើការទំនាក់ទំនងរវាង អាស៊ាន និងចិន និងបានកោតសរសើរនូវរចនាបទ និងការសំបូរណ៍បែបនៃវប្បធម៌ អរិយធម៌ បេតិកភណ្ឌរបស់កម្ពុជា ដោយថែរក្សាបានយ៉ាងល្អ៕

អត្ថបទទាក់ទង