Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

ពលរដ្ឋជាង ៨ម៉ឺននាក់បានជិះរថយន្តក្រុងឥតគិតថ្លៃ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ព័ត៌មានជាតិ 763
ពលរដ្ឋជាង ៨ម៉ឺននាក់បានជិះរថយន្តក្រុងឥតគិតថ្លៃ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ ពលរដ្ឋជាង ៨ម៉ឺននាក់បានជិះរថយន្តក្រុងឥតគិតថ្លៃ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ

នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រយៈពេល៦ថ្ងៃ មានកម្មករ កម្មការិនី និង​ប្រជា​ពលរដ្ឋប្រមាណជាង៨ម៉ឺននាក់ បានជិះរថយន្តក្រុងឥតគិតថ្លៃ។

កម្មករ កម្មការិនី និងប្រជាពលរដ្ឋប្រមាណជាង៨ម៉ឺននាក់ បាន​ជិះ​រថយន្ត​ក្រុង​ឥតគិត​ថ្លៃ​ទាំ​ង​នៅ​ក្នុង​រាជធានីភ្នំពេញ និងទៅមកស្រុកកំណើតតាមបណ្តាខេត្តនានា នៅក្នុង​ឱកាស​ពិធី​បុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិខ្មែរ រយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា។ នេះ​បើ​តាម​ការ​បញ្ជាក់​ពីលោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៨ ខែ​មេសា​នេះ។​

លោក ម៉េត មាសភក្តី បានបន្តថា ជាការកត់សម្គាល់​ចំនួនអ្នកជិះរថយន្តក្រុង​ប្រមាណជាង​៨ម៉ឺននាក់​នៅ​ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ គឺមានការកើនឡើងជាង ២ម៉ឺននាក់ ស្មើ៣៥% បើ​ប្រៀប​ធៀប​ទៅនឹងការដឹកជញ្ជូនកាលពីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០២៣។ ខេត្តដែល​មាន​ពលរដ្ឋជិះរថយន្តក្រុងទៅមកច្រើន មានចំនួន២ខេត្ត រួមមានខេត្តសៀមរាប និង​ខេត្ត​បាត់ដំបង ក្នុងនោះ ខេត្តសៀមរាប មានចំនួនប្រមាណ២ម៉ឺន៥ពាន់នាក់ និងខេត្តបាត់ដំបង មាន​ចំនួន​ជាង​១ម៉ឺននាក់ ។

អ្នកនាំពាក្យរូបនេះបន្តថា ក្នុងអំឡុង​ពេល​ដឹក​ជញ្ជូន​អ្នក​ដំណើរ​នៅ​ក្នុង​អំឡុង​ពេល​ពិធី​បុណ្យចូ​ល​ឆ្នាំ​ថ្មី​នេះ គឺមិនមានបញ្ហាអ្វីកើតឡើងគួរឲ្យកត់សម្គាល់នោះទេ ពោល​គឺ​ការ​ដឹក​ជញ្ជូន​បាន​ដំណើរ​ការ​ដោយ​រលូនប្រកបដោយសុខសុវត្ថិភាពល្អប្រសើរ។ ជាមួយគ្នានេះ ពលរដ្ឋគ្រប់​មជ្ឈដ្ឋាន​ក៏​បាន​សាទរ និងថ្លែងអំណរគុណសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏ដូចជា​រដ្ឋបាល​រាជ​ធានី​ភ្នំពេញ ចំពោះការបន្តផ្តល់រថយន្តក្រុងឥតគិតថ្លៃទៅស្រុកកំណើតតាមបណ្តាខេត្តនានា នៅក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំថ្មីនេះ។

គួរបញ្ជាក់ថា ដើម្បី​ជួយ​សម្រួល​បន្ទុក​ចំណាយ​របស់​ប្រជាពលរដ្ឋ​ដែល​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត​ជួប​ជុំ​ក្រុមគ្រួសារនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សម្រាប់ឆ្នាំនេះ រដ្ឋបាល​រាជធានីភ្នំពេញបានបញ្ចេញរថយន្តក្រុងចំនួន ៤៥៥គ្រឿង សម្រាប់ដឹក​ពលរដ្ឋ​ដោយ​ឥត​គិត​ថ្លៃ​រយៈពេល ០៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា។ ក្នុងចំណោម​រថយន្ត​ក្រុង​ចំនួន​ជាង ៤០០គ្រឿងនេះ បានប្រើសម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ចំនួន ៦០គ្រឿង និងសម្រាប់​សេវា​ដឹក​ជញ្ជូន​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ពី​រាជ​ធានី​ភ្នំពេញ​ទៅ​មក​ស្រុក​កំណើត​តាម​បណ្តាខេត្ត ចំនួន ៣៩៥គ្រឿង៕




អត្ថបទទាក់ទង