Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

ផ្ទុះគ្រាប់ស្លាប់២០នាក់, សម្តេចធិបតី ហ៊ុន ម៉ាណែត ចូលរួម​រំលែកមរណទុក្ខយ៉ាងក្រៀមក្រំ ជាមួយគ្រួសារយោធិនពលីជីវិត និងឧបត្ថម្ភគ្រួសារសពក្នុង១សព២ម៉ឺនដុល្លារ អ្នករបួស ២០លានរៀល

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤ ព័ត៌មានជាតិ 1118
ផ្ទុះគ្រាប់ស្លាប់២០នាក់, សម្តេចធិបតី ហ៊ុន ម៉ាណែត ចូលរួម​រំលែកមរណទុក្ខយ៉ាងក្រៀមក្រំ ជាមួយគ្រួសារយោធិនពលីជីវិត និងឧបត្ថម្ភគ្រួសារសពក្នុង១សព២ម៉ឺនដុល្លារ អ្នករបួស ២០លានរៀល ផ្ទុះគ្រាប់ស្លាប់២០នាក់, សម្តេចធិបតី ហ៊ុន ម៉ាណែត ចូលរួម​រំលែកមរណទុក្ខយ៉ាងក្រៀមក្រំ ជាមួយគ្រួសារយោធិនពលីជីវិត និងឧបត្ថម្ភគ្រួសារសពក្នុង១សព២ម៉ឺនដុល្លារ អ្នករបួស ២០លានរៀល

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត​ជាមួយក្រុមគ្រួសារយោធិនពលីក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់នៅយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ។ សម្តេចធិបតី ក៏ចូលរួមសោកស្តាយជាមួយអ្នករងរបួសក្នុងហេតុការណ៍នេះផងដែរ។

សម្តេចធិបតី បានគូសរំលេចលើបណ្តាញសង្គមនៅយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤នេះថា «ខ្ញុំមានក្តីរន្ធត់ក្តុកក្តួលឥតឧបមា ដែលបានទទួលដំណឹងអំពីឧបទ្ទវហេតុផ្ទុះគ្រាប់ នៅយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤ ដែលបានបង្កឱ្យយោធិនចំនួន២០នាក់ បានពលីជីវិត និងយោធិនមួយចំនួនទៀតបានរបួស»

សម្តេចធិបតីបន្តថា «ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត​ចំពោះក្រុមគ្រួសារយោធិនពលី និងសម្តែងនូវសមានទុក្ខសោកស្តាយចំពោះអ្នករងរបួស ក្នុងឧបទ្ទវហេតុដ៏សោកសង្រេងនេះ»

សម្តេចធិបតីប្រមុខរាជរដ្ឋាភិបាល ណែនាំនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ចាត់ចែងជាបន្ទាន់រៀបចំពិធីបុណ្យសពជូនយោធិនដែលបានពលីក្នុងឧបទ្ទវហេតុនេះ ឱ្យបានសមរម្យស័ក្តិសមនឹងពលិកម្មរបស់ពួកគាត់ចំពោះជាតិ និងមាតុភូមិ។

សម្តេចធិបតី បានបញ្ជាក់ដែរថា នាយឧត្តមសេនីយ៍ ទៀ សីហា នឹងធ្វើជាតំណាងរបស់សម្តេចចូលរួមគោរពវិញ្ញាណក្ខន្ធ ហើយរាជរដ្ឋាភិបាលនឹងទទួលរ៉ាប់រងទាំងស្រុង លើការចំណាយរៀបចំពិធីបុណ្យសពនេះ។

សម្តេចធិបតី បានផ្តល់ការឧបត្ថម្ភជាថវិកាជូនគ្រួសារយោធិនពលី ចំនួន ២ម៉ឺនដុល្លារអាមេរិក ក្នុងមួយគ្រួសារសព ហើយចំពោះយោធិនដែលរងរបួសក្នុងឧបទ្ទវហេតុនេះ ក្នុងម្នាក់ៗចំនួន ២០ លានរៀល ។

សម្តេចធិបតី សូមឧទ្ទិសបួងសួងឱ្យដួងវិញ្ញាណក្ខន្ធរបស់យោធិនពលី បានចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ និងក៏សូមជូនពរយោធិន​ និងជនរងគ្រោះទាំងអស់ឆាប់បានជាសះស្បេីយ៕

 

អត្ថបទទាក់ទង