ករណីឧបទ្ទវហេតុផ្ទុះគ្រាប់នៅទីបញ្ជាការយោធភូមិភាគទី៣ គឺជាបញ្ហាបច្ចេកទេសដោយសារប្រភេទអាវុធជាតិផ្ទុះចាស់ៗ ខូចគុណភាព រួមជាមួយអាកាសធាតុឡើងកម្ដៅ
កាលពីពេលកន្លងទៅថ្មីៗនេះ នៅទីបញ្ជាការយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ បានកើតឡើងនូវករណីឧបទ្ទវហេតុផ្ទុះគ្រាប់ ដែលបង្កឱ្យយោធិនចំនួន២០នាក់ បានពលីជីវិត និងយោធិនមួយ ចំនួនទៀតរងរបួស។ ជុំវិញករណីនេះ មានការភ័ន្ដច្រឡំ និងមានក្រុមប្រឆាំងជ្រុលនិយមមួយចំនួន បានធ្វើការផ្សព្វផ្សាយព័ត៌មានបំផ្លើសការពិត តាមបណ្តាញសង្គមនានា ធ្វើឱ្យសាធារណជនទាំងក្នុង និងក្រៅប្រទេសមានការភ័ន្តច្រឡំអំពីឧបទ្ទវហេតុផ្ទុះគ្រាប់នេះ។
ក្រោយមានការផ្សព្វផ្សាយព័ត៌មានមិនពិត ប្រឌិតដើម្បីកេងចំណេញលើផ្នែកនយោបាយលើករណីនេះ ក្រសួងការពារជាតិ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ បានចេញសេចក្ដីប្រកាសព័ត៌មាន ដោយបញ្ជាក់ថា តាមរយៈការចុះស្រាវជ្រាវផ្ទាល់នៅទីតាំងកើតហេតុរបស់ក្រុមការងារចម្រុះ ករណីឧបទ្ទវហេតុផ្ទុះគ្រាប់កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ នៅទីបញ្ជាការយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ គឺជាបញ្ហាបច្ចេកទេសដោយសារប្រភេទអាវុធជាតិផ្ទុះចាស់ៗ ខូចគុណភាព រួមជាមួយ អាកាសធាតុឡើងកម្ដៅ មិនមែនជាបញ្ហាកងទ័ពបះបោរ អំពើភេរវកម្ម ឬចេតនារបស់បុគ្គលណាមួយដូចបានបំផ្លើសឡើយ។
ទន្ទឹមនឹងនេះ ក្រសួងការពារជាតិ បានស្នើដល់សាធារណជន ព្រមទាំងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ បញ្ឈប់ការផ្សាយ ព័ត៌មានមិនពិត ដោយធ្វើការសន្និដ្ឋាន ឬយល់ឃើញណាមួយដោយបុគ្គលផ្ទាល់ខ្លួន មិនមានមូលដ្ឋានច្បាស់លាស់ ឬមានចេតនាបង្កចលាចលញុះញង់ បង្កផលប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ចសង្គម ដែលឈានទៅដល់ការទទួលខុសត្រូវចំពោះមុខច្បាប់៕