ឯកឧត្តម កើត ឆែ៖ ការចាត់ចែងធនធានមនុស្ស និងធនធានហិរញ្ញវត្ថុ នៅថ្នាក់ក្រោមជាតិ ឱ្យបានត្រឹមត្រូវ និងចំទិសដៅ គឺជាប្រយោជន៍ដល់ការអភិវឌ្ឍមូលដ្ឋាន និងការបម្រើសេវាជូនប្រជាពលរដ្ឋ

ឯកឧត្តម កើត ឆែ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញបានថ្លែងថា ការគ្រប់គ្រង និងចាត់ចែងធនធានមនុស្ស និងធនធានហិរញ្ញវត្ថុ នៅថ្នាក់ក្រោមជាតិ ឱ្យបានត្រឹមត្រូវ និងចំទិសដៅ ជាប្រយោជន៍ដល់ការអភិវឌ្ឍមូលដ្ឋាន និងការបម្រើសេវាជូនប្រជាពលរដ្ឋ ស្របតាមក្របខណ្ឌកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។
ឯកឧត្តម កើត ឆែ ថ្លែងដូចនេះក្នុង «កិច្ចប្រជុំបើកសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទ ២០២៣ និងបណ្តាឆ្នាំពាក់ព័ន្ធ នៅរដ្ឋបាលរាជធានីភ្នំពេញ ផ្នែករដ្ឋបាលស៊ីវិល ផ្នែកសន្តិសុខសាធារណៈ និងផ្នែកពន្ធនាគារ» ដែលឯកឧត្តមជាអធិបតីជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ ដែលប្រារព្ធធ្វើឡើងនៅសាលប្រជុំ សាលារាជធានីភ្នំពេញនារសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤។
ឯកឧត្តមអភិបាលរងបាន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ ដែលកន្លងមកតែងផ្តល់កិច្ចសហការ និងណែនាំដល់រដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ-សង្កាត់ និងអង្គភាពពាក់ព័ន្ធក្រោមឱវាទ ដើម្បីធានាបាននូវការគ្រប់គ្រង និងចាត់ចែងធនធានមនុស្ស និងធនធានហិរញ្ញវត្ថុ នៅថ្នាក់ក្រោមជាតិ ឱ្យបានត្រឹមត្រូវ និងចំទិសដៅ៕