ក្រោយស្ថាបនារួច ស្ពានឆ្លងកាត់ទន្លេបាសាក់ នឹងអាចដោះស្រាយការកកស្ទះចរាចរណ៍ លើកំណាត់ផ្លូវជាតិលេខ១ កាន់តែប្រសើរថែមទៀត
បើតាមការលើកឡើងរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ខណៈឯកឧត្តមដឹកនាំមន្ត្រីជំនាញ និងតំណាងក្រសួងពាក់ព័ន្ធចុះពិនិត្យទីតាំងគម្រោងផ្លូវ និងស្ពានឆ្លងកាត់ទន្លេបាសាក់ ស្ថិតនៅក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ និងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ នារសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ បានឲ្យដឹងថា ស្ពានឆ្លងកាត់ទន្លេបាសាក់នេះ ក្រោយស្ថាបនារួចនឹងអាចដោះស្រាយការកកស្ទះចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ១ កាន់តែប្រសើរថែមទៀត ដោយសាររដ្ឋបាលរាជធានីភ្នំពេញ បង្កើតផ្លូវមួយខ្សែទៀត តភ្ជាប់ពីផ្លូវជាតិលេខ១ កាត់តាមបុរី ប៉េង ហួត បឹងស្នោរ រហូតដល់គល់ស្ពាននេះតែម្តង។
ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា ស្ពានកោះនរាក្រោយស្ថាបនាហើយ ដោះស្រាយការកកស្ទះចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ១ ចូលមកភ្នំពេញ បានប្រមាណ៣០ភាគរយ
ប៉ុណ្ណោះ ដោយវានៅតែបង្កការកកស្ទះចរាចរណ៍ជៀសមិនរួច តែនៅពេលយើងបើកផ្លូវថ្មីតភ្ជាប់ពីផ្លូវជាតិលេខ១ កាត់តាមបុរី ប៉េង ហួត បឹងស្នោរ រហូតដល់គល់ស្ពានឆ្លងកាត់ទន្លេបាសាក់(ចាក់អង្រែក្រោម-ព្រែកប្រា)នេះមួយខ្សែទៀតវានឹងដោះស្រាយការកកស្ទះចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ១ កាន់តែប្រសើរឡើងមួយកំរិតទៀត។
ផ្លូវថ្មីតភ្ជាប់ពីផ្លូវជាតិលេខ១ រហូតដល់គល់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា)គឺអាចដោះចរាចណ៍ពីផ្លូវជាតិលេខ១ ទៅផ្លូវ៦០ម៉ែត្រខណ្ឌមានជ័យនិងបន្តឆ្ពោះទៅ២១៧ (ផ្លូវចំការដូង)។
លោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ បានអោយដឹងផងដែរថា គម្រោងផ្លូវថ្មីតភ្ជាប់ពីផ្លូវជាតិលេខ១ កាត់តាមបុរី ប៉េង ហួត បឹងស្នោរ រហូតដល់គល់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា)នេះ មានផលប៉ះពាក់ដីប្រជាពលរដ្ឋមួយចំនួន តែការងារនេះយើងបាននឹងកំពុងខិតខំដោះស្រាយជាមួយប្រជាពលរដ្ឋ ដើម្បីធ្វើយ៉ាងណាអោយគម្រោងនេះទទួលបានជោគជ័យ ដោះស្រាយបាននូវការកកស្ទះចរាចរណ៍ពីផ្លូវជាតិលេខ១។
គួរបញ្ជាក់ថា៖ គម្រោងស្ថាបនាស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចការសាងសង់បានជាង១០%ហើយ ដោយបច្ចុប្បន្ន នេះ សសរគ្រឹះចំនួន២៤ដើម បានចាក់បេតុងរួចរាល់១០០% និងកំពុងបន្តរៀបចំដំឡើងពុម្ពជើងតាង ព្រមទាំងការងារសំខាន់ៗមួយចំនួនទៀត។ គម្រោង សាងសង់ស្ពានឆ្លងកាត់ទន្លេ បាសាក់នេះ មានប្រវែងសរុប ១.៦៥០ម៉ែត្រ (ប្រវែងស្ពាន ៨៤៥,៧០ម៉ែត្រ, ទទឹងផ្លូវ ២៧ម៉ែត្រ, ផ្លូវតភ្ជាប់ក្បាលស្ពានប្រវែង ៨០៤,៣០ម៉ែត្រ, ទទឹងផ្លូវ ២៧ម៉ែត្រ) សាងសង់ ដោយក្រុមហ៊ុន សំណង់សៀងហៃ និង ទីប្រឹក្សាគម្រោងដោយក្រុមហ៊ុនក្វាងចូវវ៉ានអាន។ ស្ពានចាក់អង្រែ ក្រោម-ព្រែកប្រា ត្រូវបានបើកការដ្ឋានសាងសង់កាល ពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
គម្រោងស្ថាបនា ស្ពានចាក់អង្រែក្រោម-ព្រែកប្រា ត្រូវបានសាងសង់ឡើងដោយចាយថវិកា ប្រមាណ៦០លានដុល្លារអាមេរិក និងប្រើរយៈពេលសាងសង់៤២ខែ ដោយឥណទានសម្បទានពីប្រទេសចិន។ នេះបើតាមអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ផន រឹម បានអោយដឹងកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤៕