Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ខកចិត្តចំពោះជនឆ្លៀតឱកាសមួយចំនួនដែលបានផ្សព្វផ្សាយព័ត៌មានមិនពិត បង្កឲ្យមានការភ័ន្តច្រឡំ

ដោយ៖ Yeung Sreypoch ​​ | ថ្ងៃព្រហស្បតិ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២៤ ព័ត៌មានជាតិ 149
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ខកចិត្តចំពោះជនឆ្លៀតឱកាសមួយចំនួនដែលបានផ្សព្វផ្សាយព័ត៌មានមិនពិត បង្កឲ្យមានការភ័ន្តច្រឡំ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ខកចិត្តចំពោះជនឆ្លៀតឱកាសមួយចំនួនដែលបានផ្សព្វផ្សាយព័ត៌មានមិនពិត បង្កឲ្យមានការភ័ន្តច្រឡំ

នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ក្នុងសន្និសីទសារព័ត៌មាន ករណីឃាតកម្មប្រព្រឹត្តដោយជនល្មើស ឈ្មោះ ស្រី ស៊ីណា នៅទីស្តីការក្រសួងយុត្តិធម៌ ឯកឧត្តម កើត រិទ្ធ បានអរគុណចំពោះបងប្អូនជនរួមជាតិទាំងអស់ ក៏ដូចជាអ្នកសិក្សាស្រាវជ្រាវ និងអ្នកច្បាប់នានាដែលបានជួយតាមដានរឿងនេះ និងបញ្ចេញមតិយោបល់វែកញែកដោយសុទ្ធចិត្តពាក់ព័ន្ធនឹងសំណុំរឿងនេះប្រកបដោយសីលធម៌ និងសេចក្តីថ្លៃថ្នូរ ក្នុងគោលបំណងឈឺឆ្អាលដោយពិតប្រាកដចំពោះជនរងគ្រោះ និងក្រុមគ្រួសារជនរងគ្រោះនៅក្នុងសំណុំរឿងនេះ ក៏ដូចជាឆ្លុះបញ្ចាំងនូវគំនិតស្ថាបនានូវចំនុចខ្វះខាតនានាដែលមាននៅក្នុងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។

ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏មានការខកចិត្តចំពោះអ្នកឆ្លៀតឱកាសដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនមួយចំនួន ដែលបានធ្វើការផ្សព្វផ្សាយព័ត៌មានមិនពិត នាំឲ្យមានការភ័ន្តច្រឡំក្នុងចំណោមមហាជន ក៏ដូចជាបំភ្លៃការពិតទាំងស្រុងដោយគ្មានការទទួលខុសត្រូវ។

ជាក់ស្ដែង ការលើកឡើងថា “ករណីនេះជាប់គុកតែពី១០ ទៅ១៥ឆ្នាំ” គឺជាការបង្កើតឲ្យមានការភ័ន្តច្រឡំតាំងពីថ្ងៃទី១។ យើងឃើញថាព័ត៌មានរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ គឺបញ្ជាក់ច្បាស់ហើយថា ឈ្មោះ ស្រី ស៊ីណា នេះត្រូវបានចោទប្រកាន់ក្នុងសំណុំរឿង២ ដាច់ដោយឡែកពីគ្នា ដែលមានន័យថា “សាលក្រម២ ដាច់ដោយឡែកពីគ្នា”។ អ៊ីចឹង បើសាលក្រមមួយអាចមានទោសរហូតដល់១៥ឆ្នាំ តើអាចយើងអាចនិយាយបានទេថាជននេះមានទោសត្រឹម១៥ឆ្នាំអត់? បើមានសាលក្រមពីរ?

ដូចនេះ វាជាការលើកឡើងតែមួយជ្រុងហើយបន្ទរតាមគ្នា ហើយការបន្ទរតាមគ្នានេះក៏ចេះតែធ្វើបន្តទៅទៀតបង្កើតឲ្យមានការភ័ន្តច្រឡំកាន់តែខ្លាំង ទោះបីជាមានសេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញហើយក៏ដោយ។

ឯកឧត្តម កើត រិទ្ធ បានបញ្ជាក់ទៀតថា ផ្អែកលើការពិតនៃទិដ្ឋភាពច្បាប់ ករណីនៃការបាញ់ប្រហារនេះត្រូវបានចោទប្រកាន់ក្នុងសំណុំរឿងចំនួន២ ដាច់ដោយឡែកពីគ្នា ហើយដែលសំណុំរឿងនីមួយៗអាចប្រឈមនឹងការផ្តន្ទាទោសដាក់ពន្ធធនាគារពី១០ ទៅ ១៥ឆ្នាំ។ ដូច្នេះ ឯកឧត្តម បានស្នើសុំម្តងហើយម្តងទៀតដល់អ្នកសារព័ត៌មាន និងបងប្អូនជនរួមជាតិដែលប្រើប្រាស់បណ្តាញសង្គម ឬ Facebook មេត្តាជួយផ្សព្វផ្សាយព័ត៌មានឱ្យបានពិតប្រាកដនិងត្រឹមត្រូវ ដើម្បីចៀសវាងការភ័ន្តច្រឡំក្នុងចំណោមសាធារណៈមតិ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ក៏សូមអរគុណដល់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលបានបំបែកសំណុំរឿង តាមផ្លូវច្បាប់គេចោទប្រកាន់តែមួយសំណុំរឿងក៏បានដែរ ហើយអ្នកប្រើ Facebook ខ្លះលើកឡើងថា រឿងនេះត្រូវដាក់ទោសឲ្យធ្ងន់ ប៉ុន្តែគាត់ដាក់សំណួរមួយថាហេតុអីបានជាអយ្យការបំបែកសំណុំរឿងធ្វើអី? បើមិនបំបែកយ៉ាងម៉េចបានធ្ងន់ គាត់ប្រហែលជាបំបែកក្នុងគោលដៅហ្នឹង។

ម្យ៉ាងវិញទៀត ឯកឧត្តមរដ្ឋមន្ត្រី ចង់យកជ្រុងមួយមកបញ្ជាក់ថា យើងខ្ញុំក្នុងវិស័យនេះ ក៏ដូចជាបងប្អូនអ្នកសារព័ត៌មាន ក៏ដូចជាជនរួមជាតិទាំងអស់មានការខឹងសម្បារចំពោះការបាញ់ប្រហារបែបនេះក្នុងសង្គមជាតិយើង ហើយក៏មានការឈឺឆ្អាលរកយុត្តិធម៌ជូនដល់ជនរងគ្រោះដែរ ប៉ុន្តែយើងមិនអាចធ្វើទៅតាមអារម្មណ៍និងចិត្តរបស់យើងទេ គឺយើងធ្វើទៅតាមបច្ចេកទេសនីតិវិធី។ ដូច្នេះរឿងនេះប្រសិនបើគេចោទប្រកាន់តែមួយសំណុំរឿង វាបានតែមួយសំណុំរឿង ១៥ឆ្នាំមិនខុសទេ ប៉ុន្តែគាត់បំបែកសំណុំរឿងជា២ តាំងពីថ្ងៃដំបូងមកម៉្លេះ៕

អត្ថបទទាក់ទង