Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំក្រុមការងារចុះពិនិត្យទីតាំងប្រារព្ធពិធីបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោក្នុងស្រុកកៀនស្វាយ

ដោយ៖ Yeung Sreypoch ​​ | ថ្ងៃពុធ ទី១០ ខែកក្កដា ឆ្នាំ២០២៤ ទស្សនៈ - នយោបាយ ព័ត៌មានជាតិ 285
ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំក្រុមការងារចុះពិនិត្យទីតាំងប្រារព្ធពិធីបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោក្នុងស្រុកកៀនស្វាយ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំក្រុមការងារចុះពិនិត្យទីតាំងប្រារព្ធពិធីបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោក្នុងស្រុកកៀនស្វាយ

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ដោយមានការចូលរួមពីរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងមន្ត្រីជំនាញមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើនរូប បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងាររៀបចំទីតាំង ត្រៀមប្រារព្ធពិធីបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ ស្ថិតនៅភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ពិធីបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ នឹងប្រព្រឹត្ដឡើងនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

គួរបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ ដែលតភ្ជាប់ប្រព័ន្ធដៃទន្លេមេគង្គ និងផ្លូវសមុទ្រ ប្រវែងសរុបប្រមាណ ១៨០ គីឡូម៉ែត្រ គ្រោងចំណាយថវិកាសរុបប្រមាណ ១ ៧០០ លានដុល្លារអាមេរិក ជាប្រភេទគម្រោងវិនិយោគ BOT ដោយចាប់ពីព្រែកតាកែវ ឆ្លងកាត់ព្រែកតាឯក ចូលតាមព្រែកតាហ៊ីង និងបន្តរហូតដល់សមុទ្រខេត្តកែប ឆ្លងកាត់ខេត្តចំនួន ៤ រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។

តាមការប៉ាន់ស្មាន មានចំនួនប្រជាជនសរុបប្រមាណ ១លាន៦សែននាក់ រស់នៅអមសងខាងព្រែកជីកនេះ និងទទួលផលពីព្រែកជីកនេះ។ ព្រែកជីកនេះ មានទទឹងខាងលើ ១០០ម៉ែត្រ ទទឹងខាងក្រោម ៨០ម៉ែត្រ និងជម្រៅ ៥,៤ម៉ែត្រ ហើយសន្ទះផ្លូវនាវាចរណ៍មាន ០៣កន្លែង ស្ពាន ១១កន្លែង ផ្លូវអមសងខាងប្រវែងសរុបប្រមាណ ២០៨គីឡូម៉ែត្រ។ ដោយគ្រោងសាងសង់ប្រើប្រាស់ពេលវេលាចំនួន ០៤ឆ្នាំ ហើយគ្រោងនឹងចាប់ផ្តើមសាងសង់ នៅចុងឆ្នាំ២០២៤។

ព្រែកជីកហ្វូណនតេជោ នឹងផ្តល់ផលប្រតោជន៍ដូចជា៖កាត់បន្ថយរយៈពេល ចម្ងាយ និងតម្លៃនៃការដឹកជញ្ជូននាពេលបច្ចុប្បន្ន ការបង្កើតតំបន់ពាណិជ្ជកម្ម និង មជ្ឈមណ្ឌលភស្តុភារកម្ម ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់ អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម និងចិញ្ចឹមសត្វ ការជួយគាំទ្រដល់ការអភិវឌ្ឍប៉ូល សេដ្ឋកិច្ចទី៤ របស់កម្ពុជា ការបង្កើតការងារបន្ថែមនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែផ្សេងៗទៀត ការជំរុញការអភិវឌ្ឍទីក្រុង នគរូបនីយកម្ម និងការជំរុញការរីកចម្រើនផ្នែកអចលនទ្រព្យផងដែរ៕