ហេតុអ្វីបានជារាជរដ្ឋាភិបាលប្តេជ្ញាបន្តរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខសង្គម?
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា តាមរយៈការដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ប្តេជ្ញាបន្តរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសង្គម និងសមិទ្ធផលជាតិជាច្រើនដែលរាជរដ្ឋាភិបាលអាណត្តិមុនៗបានសម្រេចបាន ដែលបានរំលេចក្នុងបរិស្ថានគ្របដណ្តប់នៃយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១។
ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការ «ថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ» ដែលប្រារព្ធនៅសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃចន្ទ ទី១៦ ខែធ្នូ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ភាគលាភនៃសុខសន្តិភាព បានបង្កើតនូវបរិយាកាសអំណោយផល សម្រាប់កម្ពុជានៅក្នុងការរុញច្រានការអភិវឌ្ឍលើគ្រប់វិស័យ ដែលនៅក្នុងនោះការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធគឺជាអាទិភាពដ៏សំខាន់មួយដូចមានគូសរំលេចនៅក្នុងយុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល មានចក្ខុវិស័យអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យរីកធំធាត់ និងមានលទ្ធភាពធ្វើសមាហរណកម្មចូលក្នុងប្រព័ន្ធដើម្បីក្លាយជាកម្លាំងចលករដ៏សំខាន់នៅក្នុងការកែលម្អជីវភាពប្រជាពលរដ្ឋ និងរួមចំណែកជាអតិបរមាដល់ការបោះជំហានទៅមុខប្រកបដោយភាពប្រាកដនិយមសំដៅសម្រេចបាននូវការអភិវឌ្ឍប្រកបដោយបរិយាបន្ន ចីរភាព និងភាពធន់នឹងវិបត្តិ៕