តើរាជរដ្ឋាភិបាលមានសុទិដ្ឋិនិយមបែបណាចំពោះតំបន់ក្រុងអារិយក្សត្រ?
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងសុទិដ្ឋិនិយមថា តំបន់អរិយក្សត្រ នឹងមានភាពរីកចម្រើនដូចខាងលិចទន្លេ ដោយនឹងមានហេដ្ឋារចនាសម្ព័ន្ធកាន់តែស្អាត ងាយស្រួលធ្វើដំណើរទៅមក និងមានអគារខ្ពស់ៗជាច្រើនទៀត រួមទាំងមានស្ពានឆ្លងកាត់ងាយស្រួលទៀតផង។
ក្នុងពិធីបើកការដ្ឋានសាងសង់ទីក្រុងមេគង្គឃី របស់ក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប ប្រារព្ធនៅក្រុងអារិយក្សត្រ ខេត្តកណ្តាល នាព្រឹកថ្ងៃអង្គារ ទី១៧ ខែធ្នូ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការអភិវឌ្ឍទីក្រុងទំនើបនេះ នឹងរួមចំណែកជំរុញកំណើនអចលនទ្រព្យ ក្លាយជាទីក្រុងទេសចរណ៍ ជាបណ្ដុំសេដ្ឋកិច្ចពាណិជ្ជកម្មសម្រាប់ទាក់ទាញអ្នកវិនិយោគជាតិ និងអន្តរជាតិផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមភូមិសាស្រ្តតំបន់អារិយក្សត្រនេះ មិនត្រឹមតែជួយសម្រួលដល់ភាពងាយស្រួលក្នុងការរស់នៅរបស់ប្រជាពលរដ្ឋនៅទីនោះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានតភ្ជាប់ទៅកាន់តំបន់ផ្សេងៗផងដែរ ដូចជាការតភ្ជាប់ជាមួយកោះនរា ជាដើម៕