សម្តេចតេជោ ហ៊ុន សែន ៖ កម្មករកម្មារិនីនៅកម្កុជា ទទួលបានប្រាក់បៀវត្សខ្ពស់ជាងគេ បើប្រៀបធៀបនឹងបណ្តាប្រទេសមួយចំនួន
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា កម្មករនៅប្រទេសស្រីលង្កាមានប្រាក់បៀវត្សក្នុងមួយខែទទួលបានត្រឹម ៣៦ដុល្លារអាមេរិកគត់, ប្រទេសបង់ក្លាសដែស កម្មករបានប្រាក់បៀវត្សត្រឹម ៧៦ដុល្លារអាមេរិកគត់, ប្រទេសឡាវ កម្មករបានប្រាក់ខែត្រឹម ៧១ដុល្លា តែប្រទេសឡាវប្រហែលជាមានទាក់ទិនជាមូយនឹងអត្រាប្តូរប្រាក់ តែគោលនយោបាយប្រាក់បៀវត្សអាចនឹងខ្ពស់ជាង ប៉ុន្តែដោយសារអតិផរណា បាត់បង់តម្លៃប្រាក់ទាប ទើបធ្វើឱ្យកម្មករទទួលបានប្រាក់បៀវត្សតិចជាង ហើយប្រទេសម៉ាយ៉ាម៉ា បានប្រាក់បៀវត្សត្រឹម ៦៩ដុល្លារតែប៉ុណ្ណោះ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងបែបនេះ នៅព្រឹក ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ (ROYAL GROUP PIINOM PENH SEZ) សរុបចំនួន ១៩.០០០នាក់ មកពីរោងចក្រ ម៉ាវ៉ល ហ្គាមិន (Marvel Garment), Rongwing Garment និងរោងចក្រ DNQIAN TEXTILE CAMBODIA។
សម្តេចតេជោ ហ៊ុន សែន ថ្លែងបន្តថា នៅពេលដែលមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុឌទាំងអស់ អត់បានឡើងប្រាក់ខែនៅឆ្នាំ២០២០ ឆ្នាំ២០២១ ឆ្នាំ២០២២ ប៉ុន្តែក្មួយៗ កម្មករកម្មារិនីបែរជាទទួលបានការឡើងប្រាក់ខែទៅវិញ បើទោះបីបានឡើងប្រាក់ខែតិចតួច ប្រសើរជាងមិនបានឡើងដែរ។ នេះជាបញ្ហាដែលរាជរដ្ឋាភិបាល បានខិតខំដោះស្រាយបញ្ហាការទ្រទ្រង់ជីវភាពរបស់ ក្មួយៗកម្មករ បានជោគជ័យ ស្របពេលដែលស្ថានភាពប្រទេសកម្ពុជាជួបនឹងវិបត្តិជំងឺកូវីដ១៩ ដោយសង្ឃឹមថា នឹបន្តដំណើរអភិវឌ្ឍសេដ្ឋកិច្ច និងប្រទេសជាតិឱ្យមានភាពជឿនលឿនថែមទៀត៕