Khmer First Close

វិភាគនយោបាយ៖ តើមនុស្សរបស់ លោក ហ៊ុន សែន ពិតជាបង្កប់ខ្លួនជ្រៅក្នុងជួរថ្នាក់ដឹកនាំប្រឆាំងក្រៅស្រុកមែនឬទេ?

ដោយ៖ សម្បត្តិ កិត្យា ​​ | ថ្ងៃចន្ទ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ព័ត៌មានជាតិ 195
វិភាគនយោបាយ៖ តើមនុស្សរបស់ លោក ហ៊ុន សែន ពិតជាបង្កប់ខ្លួនជ្រៅក្នុងជួរថ្នាក់ដឹកនាំប្រឆាំងក្រៅស្រុកមែនឬទេ? វិភាគនយោបាយ៖ តើមនុស្សរបស់ លោក ហ៊ុន សែន ពិតជាបង្កប់ខ្លួនជ្រៅក្នុងជួរថ្នាក់ដឹកនាំប្រឆាំងក្រៅស្រុកមែនឬទេ?

រយៈពេលចុងក្រោយនេះ មានការជជែកវែកញែក អំពីករណីលោក សេង សារី ដែលគេចាត់ទុកថាអ្នកវិភាគឯករាជ្យមួយរូប ដែលតែងតែគាំទ្រខាងបក្សប្រឆាំងតាមរូបភាពផ្សេងៗ ដោយមានទាំងការរិះគន់រាជរដ្ឋាភិបាលលើគ្រប់រឿង និងការចូលរួមសកម្មភាពជាមួយគណបក្សប្រឆាំងនៅក្រៅស្រុកមួយចំនួនផងដែរ។ វាស្ទើរតែមិនគួរឱ្យជឿ ដែលអ្នករិះគន់វាយប្រហាររាជរដ្ឋាភិបាលពេញៗមាត់ បែរជាអ្នករាយការណ៍ ឬហៅម្យ៉ាងទៀតថា ជាចារកម្ម ធ្វើការបម្រើឱ្យអតីតនាយរដ្ឋមន្ត្រី លោក ហ៊ុន សែន ជាសម្ងាត់ទៅវិញ។ មហាជនខ្លះបានភ្ញាក់ផ្អើល ដោយយល់ថារឿងនេះនឹកស្មានមិនដល់ទាល់តែសោះ។ យោងតាមសារសំឡេងបែកធ្លាយជាច្រើនឃ្លីប ដែលលោក សេង សារី បានសន្ទនាជាមួយលោក ហ៊ុន សែន ដែលមានទាំងហៅគ្នាថាកូន និងពុកផងនោះ បានបញ្ជាក់យ៉ាងច្បាស់ថា លោកបណ្ឌិតតាំងខ្លួនជាអ្នកវិភាគឯករាជ្យរូបនេះ ធ្លាប់បានធ្វើការបម្រើឱ្យ លោក ហ៊ុន សែន អស់រយៈពេលជាង៤ឆ្នាំមកហើយ។ ទម្រាំមានសារបែកធ្លាយនេះ ព័ត៌មានចេញពីផ្ទៃក្នុងបក្សប្រឆាំងនៅក្រៅប្រទេស ក៏បានធ្លុះធ្លាយទៅកាន់បក្សកាន់អំណាចតាមរយៈស្ពានឆ្លងគឺ លោក សេង សារី នេះក៏មិនតិចរឿងដែរ។ ទោះបីជាបែបនេះក្តី លោក ហ៊ុន សែន បានបញ្ជាក់ជំហររបស់ខ្លួនថា លោកមិនដែលចាត់ទុកទំនាក់ទំនងជាមួយលោក សេង សារី ថាជាចារកម្មនោះទេ ដោយគ្រាន់តែមានទំនាក់ទំនងក្នុងន័យ ជាកិច្ចពិភាក្សាផ្លាស់ប្តូរយោបល់គ្នាប៉ុណ្ណោះ។

ចំពោះអ្នកគាំទ្រក្រុមប្រឆាំងវិញ ពេលនេះពួកគេបានហៅលោក សេង សារី ថាជាមនុស្សក្បត់ និងមិនអាចទុកចិត្តបានជាដើម។ ប៉ុន្តែផ្ទុយពីនេះ ក៏មានក្រុមប្រឆាំងខ្លះទៀត បានចេញមកកាន់ជើង និងការពារលោក សេង សារី ដោយលើកឡើងថា លោកបណ្ឌិតរូបនេះ គ្រាន់តែបោកប្រាស់លោក ហ៊ុន សែន ប៉ុណ្ណោះ ព្រោះសេចក្តីរាយការណ៍របស់គាត់ គឺមានព័ត៌មានតិចតួចណាស់ដែលប្រហែលតែ២០%ប៉ុណ្ណោះ ពីបញ្ហាផ្ទៃក្នុងរបស់បក្សប្រឆាំង។ ទោះជាបែបនេះក្តី ក្រុមអ្នកគាំទ្រលោក សម រង្ស៊ី នៅក្រៅប្រទេសខ្លះ ក៏បង្ហាញអារម្មណ៍មិនស្វាគមន៍លោក សេង សារី ចូលក្នុងបក្សប្រឆាំងនោះទេ ដោយពួកគេយល់ឃើញថា មនុស្សនេះមានល្បិចកល លាក់ពុត និងមិនអាចឱ្យដឹងរឿងស៊ីជម្រៅផ្ទៃក្នុងបក្សបានទៀតឡើយ។ គួរបញ្ជាក់ថា មុនបែកធ្លាយសារសំឡេងនេះលោក សេង សារី បានព្យាយាមចូលកៀកមេដឹកនាំប្រឆាំងក្រៅស្រុក ទាំងលោក សម រង្ស៊ី និងលោកស្រី មូរ សុខហួរ ជាដើម ដោយសកម្មភាពនេះត្រូវបានគេវិភាគថា ដោយសារតែលោកបណ្ឌិតរូបនេះចង់ដឹងពីផែនការសម្ងាត់នៃការរៀបចំក្បាលម៉ាស៊ីនដឹកនាំ និងរចនាសម្ព័ន្ធរបស់ក្រុមប្រឆាំងឬក្រុមចលនាខ្មែរដើម្បីប្រជាធិបតេយ្យ ហៅកាត់ថា KMD របស់ពួកប្រឆាំង។ ការចង់ដឹងនេះ អាចជាការប្រឹងប្រែងស្វែងរកព័ត៌មានដើម្បីរាយការណ៍ជូន លោក ហ៊ុន សែន ជាប្រចាំក៏ថាបាន។ 

ក្រោយត្រូវបានមហាជនដឹងថារូបលោក គឺជាអ្នកយកការណ៍ឱ្យលោក ហ៊ុន សែន ហើយនោះ លោក សេង សារី ក៏បានបញ្ចេញព័ត៌មានសម្ងាត់មួយឱ្យដឹងថា មិនត្រឹមតែលោកម្នាក់ប៉ុណ្ណោះទេ ដែលធ្វើការបម្រើឱ្យលោក ហ៊ុន សែន ក្នុងទម្រង់ជាចារកម្ម គឺនៅមានមនុស្សជាច្រើនទៀតនៅក្នុងបក្សប្រឆាំង ជាពិសេសគឺនៅក្នុងជួរថ្នាក់ដឹកនាំបក្សប្រឆាំងតែម្តង ដែលមានទំនាក់ទំនងជាមួយ លោក ហ៊ុន សែន ហើយបច្ចុប្បន្នពួកគេកំពុងតែនៅកៀកស្និទ្ធជាមួយមេដឹកនាំប្រឆាំងនៅក្រៅប្រទេស។ បើតាមការវាយតម្លៃជារួម វាពិតជាពិបាកណាស់ ក្នុងការកំណត់អត្តសញ្ញាណពិតប្រាកដអំពីបុគ្គលដែលជាចារកម្មរបស់លោក ហ៊ុន សែន ព្រោះលោក ហ៊ុន សែន មានយុទ្ធសាស្ត្រខ្ពស់ណាស់ នៅក្នុងការប្រើប្រាស់មនុស្សនិងប្រមូលព័ត៌មានពីមនុស្សដែលបង្កប់ខ្លួនក្បែរមន្ត្រីជាន់ខ្ពស់បក្សប្រឆាំង។ ត្រង់ចំណុចនេះគេនៅចាំបានថា លោក ហ៊ុន សែន ក៏ធ្លាប់បានទម្លាយថា «អ្នកណាដែលចូលចិត្តជេរ ហ៊ុន សែន ខ្លាំងៗ! អ្នកនោះអាចជាមនុស្សរបស់ ហ៊ុន សែន ផងក៏ថាបាន!»។ អ្វីៗគឺស្ថិតនៅក្នុងស្ថានភាពពិតដូចមិនពិត មិនពិតដូចពិត ហើយក្រុមប្រឆាំងនៅក្រៅស្រុកកុំថាឡើយចង់រៀបចំផែនការផ្តួលរំលំរាជរដ្ឋាភិបាល សូម្បីតែរៀបចំផែនការប្រមូលលុយចែកគ្នាចាយ ក៏ហ៊ុនសែនដឹងខ្ទេចដែរ។

ជារួមសេចក្តីសន្និដ្ឋានរបស់ខ្ញុំក្នុងអត្ថបទនេះ គឺអាថ៍កំបាំងត្រូវបានទម្លាយមែនពិត ប៉ុន្តែនៅមានអាថ៍កំបាំងជាច្រើនទៀតដែលស្ថិតក្នុងភាពងងឹតគ្មានពន្លឺនៅឡើយ។ មានន័យថា ស្គាល់ចារកម្មរបស់ លោក ហ៊ុន សែន ម្នាក់ គឺមិនអាចបំបែកយុទ្ធសាស្ត្រនយោបាយរបស់បុរសខ្លាំងបាននោះទេ ព្រោះចារកម្មរបស់លោក ហ៊ុន សែន បានបង្កប់ជ្រៅនិងមានច្រើននាក់ទៀតដែលគ្មានអ្នកណាអាចដឹងបានឡើយ។ អ្វីដែលរឹតតែនឹកស្មានមិនដល់គឺអ្នកប្រឆាំងរឹតតែខ្លាំងអាចជាមុខសញ្ញានៃជនបង្កប់ក៏ថាបាន។ សូម្បីលោក សេង សារី ខ្លួនឯងដែលផ្ទុះព័ត៌មានបែកធ្លាយថ្មីៗនេះ ក៏លោកកំពុងដាក់ការសង្ស័យលើ លោក ជុន ច័ន្ទបុត្រ ដែលជាថ្នាក់ដឹកនាំ និងជាអ្នកសារព័ត៌មានជើងចាស់របស់វិទ្យុអាស៊ីសេរី ថាអាចជាចារកម្មរបស់លោក ហ៊ុន សែន ដូចគ្នាដែរ។ លោក សេង សារី បានផ្តល់ការវិភាគជាច្រើនជុំវិញសកម្មភាពរបស់លោក ជុន ច័ន្ទបុត្រ ខណៈដែលបានព្យាយាមបំផ្លាញនិងកម្ទេចរូបលោកផ្ទាល់ ក្រោយបែកធ្លាយសំឡងសន្ទនាជាមួយលោក ហ៊ុន សែន។ វាអាចដូចជាការវិភាគរបស់លោក សេង សារី ដែរ ព្រោះលោក ជុន ច័ន្ទបុត្រ គឺជាអ្នកដែលទទួលបានសារសំឡេងបែកធ្លាយជាសម្ងាត់ដោយផ្ទាល់តែម្តង ដែលរឿងនេះអាចទំនងជា លោក ជុន ច័ន្ទបុត្រ មានទំនាក់ទំនងឆ្លើយឆ្លងណាមួយ ជាមួយលោក ហ៊ុន សែន ផងក៏មិនដឹង។ រឿងនេះ យើងមានតែរង់ចាំមើលតទៅទៀត តែអ្វីដែលច្បាស់ការណ៍នៅពេលនេះនោះគឺប្រាកដណាស់ មនុស្សរបស់លោក ហ៊ុន សែន ពិតជាស្ថិតនៅក្នុងក្រុមប្រឆាំងដើម្បីស៊ើបការណ៍ និងកំពុងសម្ងំខ្លួនជ្រៅក្នុងជួរថ្នាក់ដឹកនាំប្រឆាំងពិតប្រាកមែន។ ដូច្នេះហើយបានជាក្រុមប្រឆាំងធ្វើអ្វីក៏លោក ហ៊ុន សែន តែងដឹងមុនជានិច្ច៕ 

ដោយ៖ សករាជ

អត្ថបទទាក់ទង