Khmer First Close

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានចូលរួមបើក សិក្ខាសាលាកម្រិតខ្ពស់ស្តីពី «មាគ៌ាឆ្ពោះទៅការបង្កើនពិពិធកម្មសេដ្ឋកិច្ចកម្ពុជា៖ បទពិសោធអន្តរជាតិ»

ដោយ៖ សម្បត្តិ កិត្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ព័ត៌មានជាតិ 165
ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានចូលរួមបើក សិក្ខាសាលាកម្រិតខ្ពស់ស្តីពី «មាគ៌ាឆ្ពោះទៅការបង្កើនពិពិធកម្មសេដ្ឋកិច្ចកម្ពុជា៖ បទពិសោធអន្តរជាតិ» ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានចូលរួមបើក សិក្ខាសាលាកម្រិតខ្ពស់ស្តីពី «មាគ៌ាឆ្ពោះទៅការបង្កើនពិពិធកម្មសេដ្ឋកិច្ចកម្ពុជា៖ បទពិសោធអន្តរជាតិ»

(ភ្នំពេញ) នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តីបានចូលរួមបើកសិក្ខាសាលាកម្រិតខ្ពស់ ស្តីពី មាគ៌ាឆ្ពោះទៅការបង្កើនពិពិធកម្មសេដ្ឋកិច្ចកម្ពុជា៖ បទពិសោធអន្តរជាតិ” (High-Level Workshop: Cambodia’s Economic Diversification Pathways-Insights from International Experience) ដោយមានការចូលរួមពី ឯកឧត្តម ស៊ុន ចាន់ថុ ឧបនាយករដ្ឋមន្រ្តី និង​ជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា តំណាងក្រសួងស្ថាប័ននានា ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ព្រមទាំងអ្នកស្រាវជ្រាវជាតិ និងអន្តរជាតិជាច្រើនរូប។ សិក្ខាសាលានេះ​ ក៏​មានការចូលរួមនិង​ចែក​រំលែកនូវចំណេះដឹងស្រាវជ្រាវអំពី មាគ៌ានៃការធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា និងការយល់ដឹងពីបទពិសោធអន្តរជាតិ ពីលោកសាស្រ្តាចារ្យ Ricardo Hausmann ពីសកលវិទ្យាល័យ Harvard ដែលលោកសាស្រ្តាចារ្យត្រូវបានទទួលស្គាល់ជាសេដ្ឋវិទូអភិវឌ្ឍន៍មួយរូបដ៏ល្បីល្បាញលើពិភពលោក ហើយធ្លាប់បានផ្តល់អនុសាសន៍ដល់រដ្ឋាភិបាលប្រទេសជាច្រើនជុំវិញពិភពលោក អំពីយុទ្ធសាស្ត្រក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការដោះស្រាយបញ្ហាស្មុគស្មាញនានាក្នុងសេដ្ឋកិច្ច។

ក្នុងសុន្ទរកថាគន្លឹះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានចាប់​ផ្តើម​ដោយ​គូសរំលេច​អំពីចំណោទ​បញ្ហាលើ​មាគ៌ាកំណើន​សេដ្ឋកិច្ច​កម្ពុជា ដើម្បីទាញចំណាប់​អារម្មណ៍របស់​អង្គសិក្ខាសាលា សំដៅបង្កើន និង​ផ្តោត​​ការយក​ចិត្ត​ទុក​ដាក់​លើ​បទអន្តរាគមន៍របស់ លោកសាស្រ្តាចារ្យ Ricardo Hausmannតាមរយៈសំណួរគន្លឹះៗ ដូចជា តើកម្ពុជា​ចាប់​យកសក្តានុពលដោយរបៀបណាដើម្បីរក្សាកំណើន និង​ដោះស្រាយ​បញ្ហា​ជារចនាសម្ព័ន្ធ ​នៃសង្គមសេដ្ឋកិច្ច សំដៅធ្វើ​ពិពិធកម្មមូលដ្ឋានកំណើ​នសេដ្ឋកិច្ច និង​ពង្រឹង​ភាពប្រកួតប្រជែង​កម្ពុជា ក្នុ​ងការ​ធានា​កំណើន​ប្រកបដោយ​បរិយាបន្ន ចីរភាព និង​ភាពធន់? ទន្ទឹមនេះ តើ​កម្ពុជា​នឹង​រៀបចំមាគ៌ាអភិវឌ្ឍន៍ដោយ​វិធីណា ដើម្បីសម្រេច​ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០? ទន្ទឹមនេះ ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ ក៏បានគូសរំលេចថា ក្នុងរយៈពេល​ជាង ២ ទសវត្សរ៍កន្លងមកនេះ សេដ្ឋកិច្ច​កម្ពុជា​ សម្រេច​បាន​កំណើន​ជាមធ្យម ៧% ក្នុងមួយឆ្នាំ ដែល​គាំទ្រ​ដោយ​វិស័យ​កាត់​ដេរ, ទេស​ចរណ៍, កសិកម្ម និង​ជាពិសេស​សំណង់ និង​អចលនទ្រព្យ ដែល​ជាលទ្ធផលកម្ពុជា​បាន​កាត់​បន្ថយភាពអត្រា​ក្រីក្រ និង​បង្រួមវិសមភាព​សង្គម យ៉ាងច្រើន​អនេក។ ជាមួយគ្នានេះ សន្ទស្សន៍ Economic Complexity Index បាន​កើនពី ០,៧៦ ក្នុងឆ្នាំ ២០១២ ទៅ០,២២ ក្នុងឆ្នាំ ២០២២។ ទោះបីជាយ៉ាងនេះក្តី ស្របពេល​ដែលមាន​ការកើនឡើងនៃ​ភាពមិនប្រាកដប្រជានៃ​និន្នាការ​សកល និង​តំបន់ សេដ្ឋកិច្ច​កម្ពុជានៅតែ​បន្តជួបប្រទះភាពមានកម្រិត​នៃ​ការធ្វើ​ពិពិធកម្មសេដ្ឋកិច្ច និង​ផលិតភាពទាប ដែលទាមទារឱ្យមានកិច្ចខិតខំប្រឹងប្រែង, ការសម្របសម្រួល និងកិច្ចសហការរួមគ្នាពីគ្រប់ភាគីពាក់ព័ន្ធក្នុងសង្គមទាំងមូល ដើម្បីដោះស្រាយឬសគល់នៃបញ្ហាប្រឈមទាំងនេះ តាមរយៈយន្តការអនុវត្ត និងប្រព័ន្ធតាមដាននិងវាយតម្លៃ ប្រកបដោយប្រសិទ្ធភាព និងប្រកាន់ខ្ជាប់អភិក្រម «បន្តកែទម្រង់, កែតម្រូវ,​ បន្សាំ និងធ្វើឱ្យកាន់តែប្រសើរឡើង» ជាមួយគ្នានេះ ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ ក៏បាន​លើកឡើង​អំពី អភិក្រម ២កម្រិត (Two Tiers Approach) ក្នុង​ការ​អភិវឌ្ឍ ពោលគឺ អភិក្រម​ពី​លើចុះក្រោម ដែលតម្រង់ទិសនិងអន្តរាគមន៍​ដោយរដ្ឋាភិបាលក្នុងការអភិវឌ្ឍសេដ្ឋកិច្ច​ និង​ អភិក្រមពីក្រោមឡើងលើ ដែល​អនុញ្ញាតឱ្យ​​វិស័យឯកជន និង​ទីផ្សារ​ កំណត់​នូវទិសដៅសេដ្ឋកិច្ច​

ក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានចែករំលែកទស្សនៈផ្ទាល់​ខ្លួនចំនួន ៥ ដើម្បីជាមាគ៌ាឆ្ពោះទៅការបង្កើនពិពិធកម្មសេដ្ឋកិច្ចកម្ពុជា ជូន​អង្គសិក្ខា​សាលា៖ ទី១. ការសម្របសម្រួលការប្រើប្រាស់ធនធាន ទាំងមូលធនសង្គម និងមូលធនមនុស្ស (social and human capital)នៅគ្រប់កម្រិត រវាងរដ្ឋាភិបាល និងវិស័យឯកជន គឺជាកត្តាចាំបាច់ ដើម្បីធានាបានឧត្តមភាពប្រៀបធៀប (comparative advantage) ក្នុងសេដ្ឋកិច្ច ទី២.ស្ថាប័នរដ្ឋ វិស័យឯកជន និងប្រជាពលរដ្ឋគ្រប់រូប ត្រូវសហការដើម្បីកំណត់បញ្ហារាំងស្ទះដល់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ ព្រមទាំង​ស្វែងរកដំណោះស្រាយនៃបញ្ហាប្រឈមទាំងនោះ ដែលក្នុងនោះស្ថាប័នរដ្ឋត្រូវដើរតួនាទីស្នូលក្នុងការធានាបរិយាកាសអំណោយផលសម្រាប់ធុរកិច្ច និងទីផ្សារទី៣. ស្ថាប័នរដ្ឋត្រូវពិភាក្សាជាមួយភាគីពាក់ព័ន្ធដើម្បីឱ្យមានការឯកភាពគ្នា និងយល់ឱ្យបានច្បាស់អំពីទិសដៅនៃការអភិវឌ្ឍសេដ្ឋកិច្ច សំដៅបង្កើនសហថាមភាព និង​សម្របសម្រួលកិច្ចខិតខំប្រឹងប្រែងរួមគ្នា ទី៤. ដើម្បីប្រែក្លាយសេដ្ឋកិច្ចកម្ពុជាពីសេដ្ឋកិច្ចដែលពឹងផ្អែកលើកម្រិតជំនាញទាប និងអតិពលកម្ម ទៅជាសេដ្ឋកិច្ចដែល​ពឹងផ្អែកលើចំណេះដឹងនិងតម្លៃខ្ពស់ យើងត្រូវលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស លើកកម្ពស់អភិបាលកិច្ច ការធ្វើពិពិធកម្មឧស្សាហកម្ម និងការធ្វើឌីជីថលបនីយកម្មសង្គមនិងសេដ្ឋកិច្ច និង ទី៥. ការធ្វើពិពិធកម្មសេដ្ឋកិច្ចត្រូវ​ធ្វើឡើងនៅគ្រប់កម្រិត ទាំងក្នុងការជ្រើសរើសដៃគូពាណិជ្ជកម្ម និងផលប័ត្រផលិតផល ដោយ​ត្រូវគិតគូរ​ជាយុទ្ធសាស្រ្ត និង​មានតុល្យភាពរវាងសន្តិសុខជាតិ ភាពធន់សេដ្ឋកិច្ច ការគោរពយន្តការទីផ្សារ និង​ការកំណត់មាគ៌ាវែងឆ្ងាយសម្រាប់កំណើន និងការអភិវឌ្ឍនាពេលអនាគត។

ឯកឧត្តម វង្សី វិស្សុត បានគូសរំលេចថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងរឹងមាំ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលបានកំណត់គោលដៅយុទ្ធសាស្ត្រចំនួន (១). ធានាបាននូវកំណើនសេដ្ឋកិច្ចជាមធ្យមក្នុងរង្វង់ ៧% ក្នុងមួយឆ្នាំ, (២). បង្កើតការងារកាន់តែច្រើន ទាំងបរិមាណ និងគុណភាពសម្រាប់ប្រជាជនកម្ពុជា, (៣). សម្រេចបានគោលដៅកាត់បន្ថយភាពក្រីក្រឱ្យនៅក្រោម ១០%, (៤). បន្តពង្រឹងសមត្ថភាព អភិបាលកិច្ច និងលើកកម្ពស់គុណភាពស្ថាប័នសាធារណៈ, និង (៥). ធានាការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព និងការកសាងភាពធន់ទៅនងការប្រែប្រួលអាកាសធាតុ។ យុទ្ធសាស្ត្រនេះក៏បានកំណត់អាទិភាពសំខាន់ៗចំនួន រួមមាន «មនុស្ស ផ្លូវ ទឹក អគ្គិសនី និងបច្ចេកវិទ្យា» ដែលត្រូវបានឆ្លុះបញ្ចាំងយ៉ាងច្បាស់នៅក្នុងបញ្ចកោណទាំង ៥ រួមមាន បញ្ចកោណទី១ ការអភិវឌ្ឍន៍មូលធនមនុស្ស, បញ្ចកោណទី២ ការធ្វើពិពិធកម្មសេដ្ឋកិច្ចនិងការបង្កើនភាពប្រកួតប្រជែង, បញ្ចកោណទី៣ ការអភិវឌ្ឍវិស័យឯកជននិងការងារ, បញ្ចកោណទី៤ ការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន, និងបញ្ចកោណទី៥ ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថល ហើយចំណុចស្នូលនៃការជំរុញយុទ្ធសាស្ត្រនេះ គឺ «ការកែទម្រង់និងការពង្រឹងអភិបាលកិច្ច »

ជាលទ្ធផល សិក្ខាសាលានេះ អាចចូលរួមផ្តល់​ជាមូលដ្ឋាន​ដ៏សំខាន់​ដល់​ការ​តាក់តែង និង​រៀបចំ​ក្របខ័ណ្ឌ យុទ្ធសាស្រ្ត និង​ផែនការ​នានា ដើម្បីជំរុញ និង​ពន្លឿនការធ្វើ​ពិពិធកម្មសេដ្ឋកិច្ច​ និងបង្កើការប្រកួតប្រជែង​របស់​កម្ពុជា ខណៈពេលដែល​សភាពការណ៍ពិភពលោក និង​តំបន់​ មានការវិវត្តយ៉ាងរហ័ស និង​ពិបាកប៉ាន់​ស្មាន​ ហើយ​ទស្សនវិស័យកំណើនសេដ្ឋកិច្ចកម្ពុជា ក៏បាននិងកំពុងហ៊ុមព័ទ្ធ ដោយហានិភ័យចម្បងៗខាងក្រៅ​ជា​ច្រើន​ផងដែរ។ជាចុងក្រោយ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ក៏បាន​ស្នើឱ្យមានការបន្តកិច្ចសហប្រតិបត្តិ​ការ​រវាង កម្ពុជា និង​ Growth Lab នៃសាកលវិទ្យាល័យHarvard ដោយសារ​កិច្ចការ និង​ការស្រាវជ្រាវ​របស់​ Growth Lab ដែល​មាន​ម៉ូដែល Growth Diagnostics និង Economic Complexity Index សម្រាប់វិភាគ និង​ផ្តល់​អនុសាសន៍លើ​មាគ៌ាពិពិធកម្មសេដ្ឋកិច្ច​ ហើយ​មានភាពពាក់ព័ន្ធខ្ពស់នឹង​ការ​រៀបចំ និងការ​​អនុវត្ត​ក្របខ័ណ្ឌ និង​គោលនយោបាយជំរុញកំណើនសេដ្ឋកិច្ច​កម្ពុជា ជាពិសេស​គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា។​ ​

សិក្ខាសាលាដ៏ពិសេសនេះ រៀបចំដោយកម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ ហៅកាត់ថាកម្មវិធី CAPRED របស់រដ្ឋាភិបាលអូស្ត្រាលី ក្នុងគោលបំណង ដើម្បីគាំទ្រដល់ការរៀបចំ និងការអនុវត្តគោលនយោបាយនានា ព្រមទាំងជួយសម្រួលដល់កិច្ចសន្ទនាគោលនយោបាយ និងបង្កើនការយល់ដឹងក្នុងចំណោមអ្នករៀបចំគោលនយោបាយ និងអ្នកជំនាញអន្តរជាតិធំៗនិងល្បីៗ លើកិច្ចការពិពិធកម្មសេដ្ឋកិច្ច

អត្ថបទទាក់ទង