សម្តេចធិបតី ហ៊ុន ម៉ាណែត អរគុណដល់កងវិស្វកម្មអគ្គបញ្ជាការដែលបានជួយកសាងនូវសំណង់លូមូលបេតុង សម្រាប់នគរបាលព្រំដែនប៉ុស្តិ៍វាលធំ និងប៉ុស្តិ៍ជ័យឃ្លាំង បានយ៉ាងឆាប់រហ័ស

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋន្រ្តីនៃកម្ពុជា តាមរយៈបណ្តាញសង្គមនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ បានថ្លែងអំណរគុណដល់កងវិស្វកម្មអគ្គបញ្ជាការដែលបានជួយកសាងនូវសំណង់លូមូលបេតុង សម្រាប់នគរបាលព្រំដែនប៉ុស្តិ៍វាលធំ និងប៉ុស្តិ៍ជ័យឃ្លាំង ស្រុកស្នូល ខេត្តក្រចេះ បានយ៉ាងឆាប់រហ័សដើម្បីសម្រួលដល់ការបំពេញភារកិច្ចរបស់បងប្អូននគរបាលព្រំដែន។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហោះខ្លឹមសារថា៖ «ធ្វើជូនតាមសន្យា។ សំណង់លូមូលបេតុង សម្រាប់នគរបាលព្រំដែនប៉ុស្តិ៍វាលធំ និងប៉ុស្តិ៍ជ័យឃ្លាំង ស្ថិតក្នុងស្រុកស្នួល ខេត្តក្រចេះ ដែលខ្ញុំបានសន្យាធ្វើជូនកាលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ក្នុងពេលធ្វើដំណើរចុះពិនិត្យសកម្មភាពជួសជុលផ្លូវរបស់កងវិស្វកម្មអគ្គបញ្ជាការនិងស្ថានភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរស់នៅតាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាម។
ខ្ញុំសូមអរគុណដល់កងវិស្វកម្មអគ្គបញ្ជាការ ដែលបានជួយកសាងនូវសំណង់ទាំងនេះបានយ៉ាងឆាប់រហ័ស ដើម្បីសម្រួលដល់ការបំពេញភារកិច្ចរបស់បងប្អូននគរបាលព្រំដែននៅប៉ុស្តិ៍ទាំងពីរខាងលើ»៕