សម្តេចតេជោ ហ៊ុន សែន ៖ អ្នកនិពន្ធបទចម្រៀងត្រូវនិពន្ធឱ្យបានត្រឹមត្រូវមានខ្លឹមសារល្អ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានស្នើឲ្យមានការកែតម្រូវទៅលើអត្ថន័យនៃបទចម្រៀងមួយបទទាក់ទងជាមួយនឹងពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ពីព្រោះបទចម្រៀងនេះ ទាំងខ្លឹមសារ និងអត្ថន័យមិនត្រូវនឹងទីកន្លែង។
សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធីបតីក្នុងពិធីសម្ពោធពុទ្ធិកសាកលវិទ្យាល័យព្រះសីហៈមុនីរាជា ក្នុងរាជធានីភ្នំពេញ។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងបន្តថា បទចម្រៀងទាក់ទងទៅនឹងការសម្ពោធសាកលវិទ្យាល័យសីហមុនីរាជា តែអត្ថន័យបទចម្រៀង បែរជាលើកឡើងពីការសម្ពោធសាកលវិទ្យាល័យសម្ដេចព្រះសីហនុ ស្ថិតក្នុងខេត្តព្រះសីហនុទៅវិញ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបញ្ជាក់ថា ការនិពន្ធបទចម្រៀងបានច្រើន គឺជារឿងល្អហើយ ប៉ុន្តែគប្បីនិពន្ធផ្តោតទៅលើខ្លឹមសារឲ្យបានល្អត្រឹមត្រូវ។ សម្តេចលើកឧទាហរណ៍បញ្ជាក់ថា បទចម្រៀងខ្លះស្លាប់មុនអ្នកច្រៀង ក៏ប៉ុន្តែមានបទចម្រៀងខ្លះនៅរស់ តែអ្នកចម្រៀងស្លាប់បាត់ទៅហើយ ពោលគឺខ្លឹមសារនៃបទចម្រៀងពិរោះរណ្តំ ទាញអ្នកស្តាប់បានរាប់ជំនាន់បើទោះបីជាអ្នកចម្រៀងបានស្លាប់ជាយូរឆ្នាំហើយក្តី៕