Khmer First Close

សមាជរដ្ឋសភា និងព្រឹទ្ធសភាលើកទី១ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលបង្ហាញពីដំណើរការលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋឆ្លើយតបនឹងគោលបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាពលរដ្ឋម្ចាស់ឆ្នោត

ដោយ៖ សម្បត្តិ កិត្យា ​​ | ម្សិលមិញ ម៉ោង 14:35 pm ព័ត៌មានជាតិ 146
សមាជរដ្ឋសភា និងព្រឹទ្ធសភាលើកទី១ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលបង្ហាញពីដំណើរការលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋឆ្លើយតបនឹងគោលបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាពលរដ្ឋម្ចាស់ឆ្នោត សមាជរដ្ឋសភា និងព្រឹទ្ធសភាលើកទី១ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលបង្ហាញពីដំណើរការលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋឆ្លើយតបនឹងគោលបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាពលរដ្ឋម្ចាស់ឆ្នោត

អង្គសមាជរដ្ឋសភា និងព្រឹទ្ធសភា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់និងវាងវៃរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាជរដ្ឋសភា និងព្រឹទ្ធសភា ដែលប្រារព្ធធ្វើឡើងនៅវិមានរដ្ឋសភារយៈពេល២ថ្ងៃ គឺនៅថ្ងៃទី២ និងទី៣ ខែមិថុនា ឆ្នាំ២០២៥ ដោយចំណាយពេលវេលាប្រមាណ២៨ម៉ោងក្នុងការប្រជុំពិភាក្សា បានសម្រេចលទ្ធផលជាទីមោទនៈក្នុងការលើកកម្ពស់ឧត្តមប្រយោជន៍របស់ជាតិ និងប្រជាពលរដ្ឋ ដោយបានពិភាក្សាផ្ដល់យោបល់លើប្រធានបទចំនួន៣ រួមមាន ប្រធានបទអំពីប្រព័ន្ធគាំពារសង្គម ប្រធានបទអំពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងប្រធានបទអំពីវិស័យកសិកម្ម ដែលបានអនុម័តសេចក្តីសម្រេចចំនួន៣ទាក់ទងនឹងប្រធានបទខាងលើទុកជាឯកសារគតិយុត្តមានតម្លៃខ្ពស់បំផុតក្នុងការគាំទ្រលើកកម្ពស់ប្រសិទ្ធភាពការអនុវត្តយុទ្ធសាស្ត្រ គោលនយោបាយរបស់រាជរដ្ឋាភិបាល សម្រេចបាននូវចក្ខុវិស័យអភិវឌ្ឍន៍ជាតិឆ្នាំ២០៣០ និងឆ្នាំ២០៥០។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំសមាជរដ្ឋសភា និងព្រឹទ្ធសភា ចុះថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥។

សមាជរដ្ឋសភា និងព្រឹទ្ធសភាលើកទី១នេះ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃការបើកសម័យប្រជុំរួមគ្នារបស់សមាជិកព្រឹទ្ធសភា និងរដ្ឋសភា ក្នុងការពិភាក្សាដេញដោល លើការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ដែលជាការបង្ហាញពីដំណើរការលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និងការទទួលខុសត្រូវលើការអនុវត្តភារកិច្ចរបស់ស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ កិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងស្ថាប័នពាក់ព័ន្ធឆ្លើយតបនឹងគោលបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាពលរដ្ឋម្ចាស់ឆ្នោត។

ចំពោះខ្លឹមសារនៃការពិភាក្សាលើប្រធានបទទាំង៣ខាងលើ សមាជិកសមាជរដ្ឋសភា និងព្រឹទ្ធសភា បានឡើងបញ្ចេញមតិយោបល់ចម្រុះ និងសេរីតាមការយល់ឃើញ និងការសិក្សាស្រាវជ្រាវរបស់ខ្លួន ដោយមានការគាំទ្រ កោតសរសើរ សំណូមពរ រិះគន់ស្ថាបនាលើកទឹកចិត្ត និងជំរុញរាជរដ្ឋាភិបាលពង្រឹងការអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្ត្រ និងគោលនយោបាយរបស់ខ្លួនធ្វើយ៉ាងណាឲ្យកាន់តែមានប្រសិទ្ធភាពនិងប្រសិទ្ធផលកាន់តែច្រើនថែមទៀត។

នៅក្នុងសេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា អង្គសមាជរដ្ឋសភា និងព្រឹទ្ធសភា បានលើកទឹកចិត្តឲ្យព្រឹទ្ធសភា និងរដ្ឋសភា បន្តគាំទ្រដល់រាជរដ្ឋាភិបាល ក្នុងការអនុម័តច្បាប់ទាំងឡាយដែលជួយដោះស្រាយនូវបញ្ហាប្រឈម និងតម្រូវការរបស់រាជរដ្ឋាភិបាល និងថ្លែងអំណរគុណចំពោះស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈដែលបានគាំទ្រចំពោះកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល និងអំពាវនាវបន្តចូលរួមថែរក្សាសន្តិភាព និងការអភិវឌ្ឍឲ្យបានគង់វង្ស និងមានចីរភាពជានិរន្តរ៍។

សូមជម្រាបថា សមាជរដ្ឋសភា និងព្រឹទ្ធសភា មានសមាជិក១៨៧ រូប ក្នុងនោះសមាជិកព្រឹទ្ធសភា ចំនួន ៦២ រូបនិងសមាជិករដ្ឋសភាចំនួន១២៥ រូប។ សមាជិកអង្គសមាជរដ្ឋសភា និងព្រឹទ្ធសភាដែលជាសមាជិកព្រឹទ្ធសភាទាំង៦២រូប គឺ៥៥រូបជាសមាជិកជាប់ឆ្នោតមកពីគណបក្សប្រជាជនកម្ពុជា ៣រូប ជាសមាជិកជាប់ឆ្នោតមកពីគណបក្សឆន្ទៈខ្មែរ២អង្គ ជាតំណាងមកពីព្រះបរមរាជវាំង និង២រូប បោះឆ្នោតជ្រើសតាំងដោយរដ្ឋសភា។ ចំណែកសមាជិកអង្គសមាជដែលជាសមាជិករដ្ឋសភាទាំង១២៥ រូបគឺ១២០ រូបជាតំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជានិង ៥អង្គ/រូប ជាតំណាងរាស្ត្រមកពីគណបក្សហ្វ៊ុនស៊ិនប៉ិច៕

អត្ថបទទាក់ទង