Khmer First Close

អត្ថបទវិភាគ៖ «ការគប់គិតជាមួយបរទេសដើម្បីបំផ្លាញប្រជាជាតិខ្មែរ សក្តិសមនឹងត្រូវដកហូតសញ្ជាតិ» នៅពេលវិសោធនកម្មច្បាប់រួចរាល់និងប្រកាសឱ្យប្រើ!

ដោយ៖ សម្បត្តិ កិត្យា ​​ | 20 ម៉ោងមុន ទស្សនៈ - នយោបាយ 172
អត្ថបទវិភាគ៖ «ការគប់គិតជាមួយបរទេសដើម្បីបំផ្លាញប្រជាជាតិខ្មែរ សក្តិសមនឹងត្រូវដកហូតសញ្ជាតិ» នៅពេលវិសោធនកម្មច្បាប់រួចរាល់និងប្រកាសឱ្យប្រើ! អត្ថបទវិភាគ៖ «ការគប់គិតជាមួយបរទេសដើម្បីបំផ្លាញប្រជាជាតិខ្មែរ សក្តិសមនឹងត្រូវដកហូតសញ្ជាតិ» នៅពេលវិសោធនកម្មច្បាប់រួចរាល់និងប្រកាសឱ្យប្រើ!

ក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា យើងបានឃើញថា ការបាត់បង់ទឹកដី ឯករាជ្យ និងអធិបតេយ្យភាពជាតិ រួមទាំងអំពើផ្តួលរំលំ បង្កអស្ថិរភាពជាតិ ពិតជាធ្លាប់បានកើតឡើងដោយសារតែការជ្រៀតជ្រែកអំណាចពីរដ្ឋបរទេស។ ប៉ុន្តែអ្វីដែលធ្ងន់ធ្ងរជាងនោះគឺ មិនមែនកើតចេញតែសំណាក់ពីអំណាចនៃបរទេសប៉ុណ្ណោះទេ ប៉ុន្តែអ្នកនយោបាយខ្មែរខ្លួនឯងខ្លះ ក៏បានគប់គិតរួមដៃជាមួយអំណាចខាងក្រៅ ដើម្បីបំផ្លាញផលប្រយោជន៍ជាតិខ្មែរផងដែរ ដែលគប្បីគួរត្រូវមានវិធានការតឹងរឹងដើម្បីទប់ស្កាត់ និងបំផ្លាញចោល។

មូលហេតុដែលត្រូវតែរកវិធានការច្បាប់ដើម្បីកាត់ទោស ឬដកសញ្ជាតិខ្មែរពីខ្មែរដែលក្បត់ប្រយោជន៍ជាតិ គឺជាភាពចាំបាច់ ពីព្រោះខ្មែររូបណាដែលគប់គិតជាមួយបរទេស ក្នុងគោលបំណងផ្តួលរំលំ ឬបង្កអស្ថិភាពសង្គមជាតិធ្ងន់ធ្ងរ គឺជាទង្វើដែលផ្ទុយទៅនិងមនសិការនិងឧត្តមគតិជាពលរដ្ឋខ្មែរ។ ភាពជ្រុលនិយមរបស់ពួកគេ គឺអាចនាំឲ្យបាត់បង់សិទ្ធិនិងកិត្តិយសដោយស្វ័យប្រវត្តិក្នុងនាមជាពលរដ្ឋខ្មែរ។

ពលរដ្ឋម្នាក់ត្រូវបានគេចាត់ទុកថាសក្តិសមនឹងជាសមាជិកនៃពលរដ្ឋម្ចាស់ប្រទេសមួយបាន នៅពេលដែលបុគ្គលនោះ បំពេញកាតព្វកិច្ចការក្នុងការជួយគាំទ្រ និងការពារប្រជាជាតិខ្លួន។ បុគ្គលណាមួយដែលប្រព្រឹត្តសកម្មភាពផ្ទុយពីសេចក្ដីស្មោះត្រង់ដល់ជាតិ ដោយចូលរួមជាមួយកម្លាំងខាងក្រៅក្នុងគោលបំណងវាយប្រហារ បំផ្លាញឯកភាពជាតិ ឬបង្កជម្លោះក្នុងសង្គមខ្មែរ អាចត្រូវបានគេចាត់ទុកថា បានដាក់ខ្លួនឯងឲ្យនៅក្រៅពីពលរដ្ឋខ្មែរ ដោយចេតនារួចជាស្រេចទៅហើយ។

រដ្ឋបរទេសមួយចំនួននៅក្នុងសតវត្សទី២១នេះ បានប្រើប្រាស់វិធីសាស្ត្រប្លែកៗជាច្រើនរួមមានដូចជា៖ ការផ្តល់ជំនួយ, គម្រោងអភិវឌ្ឍន៍សង្គម ឬការបង្កើតសម្ព័ន្ធភាពនយោបាយ តាមរយៈបុគ្គលមួយចំនួនក្នុងប្រទេសជាគោលដៅ។ ការរួមចំណែករបស់បុគ្គលខ្មែរខ្លះក្នុងសកម្មភាពបែបនេះ ដោយមិនយកចិត្តទុកដាក់លើផលប៉ះពាល់រយៈពេលវែងទៅលើប្រទេសជាតិ គឺជារបៀបនៃ “ការរួមដៃជាមួយបរទេសក្នុងការបំផ្លាញជាតិដោយខ្លួនឯង”។

ការជ្រៀតជ្រែករបស់អំណាចខាងក្រៅនៅលើបញ្ហាផ្ទៃក្នុងរបស់ជាតិ តែងនាំឲ្យមានវិបត្តិ និងការបែកបាក់សង្គម និងនាំឲ្យប្រទេសស្ថិតនៅក្នុងភាពចលាចល អសន្តិសុខសង្គម ដែលប្រវត្តិនៃអំពើក្បត់នេះ កម្ពុជាពិតជាធ្លាប់មានខ្មែរមួយចំនួនបានប្រព្រឹត្ត។ នៅក្នុងបរិបទនេះ សកម្មភាពរួមដៃជាមួយបរទេស ដើម្បីប្រឆាំងនឹងផលប្រយោជន៍ជាតិ គឺជាការបំពានលើសិទ្ធិជាមូលដ្ឋានក្នុងនាមជាពលរដ្ឋខ្មែរ និងច្បាប់រដ្ឋធម្មនុញ្ញរបស់ជាតិ។

យោងតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ពលរដ្ឋខ្មែរទាំងអស់ត្រូវតម្កល់ផលប្រយោជន៍ជាតិជាធំ។ នៅចំណុចទី១៩នៃរដ្ឋធម្មនុញ្ញ បានចែងយ៉ាងច្បាស់ថា៖ «ពលរដ្ឋខ្មែរមានសិទ្ធិ និងសេរីភាព ដោយប្រកបដោយកាតព្វកិច្ចចំពោះជាតិ»។ ន័យនេះ បញ្ជាក់ថា សិទ្ធិមិនអាចដកចេញពីកាតព្វកិច្ចបានឡើយ។ បុគ្គលណាដែលប្រើសិទ្ធិដោយមិនគោរពកាតព្វកិច្ច ដូចជាការរួមចំណែកក្នុងសកម្មភាពប្រឆាំងប្រជាជាតិ គឺជាការដកខ្លួនឯងចេញពីសិទ្ធិជាពលរដ្ឋខ្មែរស្របច្បាប់។

ការដឹងច្បាប់ពីខ្លួនឯងម្នាក់ៗ និងការចូលរួមលើកតម្កើងអត្តសញ្ញាណជាតិ និងការសម្រេចចិត្តដោយផ្អែកលើគុណតម្លៃជាតិជាកត្តាសំខាន់ក្នុងសង្គម។ ប៉ុន្តែ បើមានជនណាមិនស្គាល់តម្លៃនេះ បែរជាគប់គិតជាមួយបរទេសដែលមានគោលបំណងឲ្យអំណាចខាងក្រៅមានឥទ្ធិពលលើកម្ពុជា ត្រូវចាត់ទុកថា ជាការខកខានក្នុងការបំពេញសិទ្ធិនិងឧត្តមគតិជាពលរដ្ឋខ្មែរ។ ការរួមដៃជាមួយអំណាចខាងក្រៅក្នុងគោលបំណងបំផ្លាញជាតិ មិនត្រឹមតែជាសកម្មភាពផ្ទុយពីច្បាប់ទេ ប៉ុន្តែជាការបោះបង់មនសិការ និងឧត្តមគតិជាពលរដ្ឋខ្មែរដ៏ថ្លៃថ្នូរ។

ជាតិខ្មែរមានអត្តសញ្ញាណបែបសាមគ្គីភាព ជាឆ្លុងមួយ និងឈរលើមូលដ្ឋាននៃឯករាជ្យភាព។ អ្នកដែលមិនគោរពតាមស្មារតីនេះមានន័យថា បានលះបង់សិទ្ធិទាំងអស់ក្នុងនាមជាពលរដ្ឋខ្មែររួចជាស្រេចទៅហើយ។ ដូច្នេះ សាធារណជនគួរត្រូវបានលើកទឹកចិត្តឲ្យថែរក្សា ឧត្តមគតិ និងកេរ្តិ៍ឈ្មោះជាតិសាសន៍ដោយគោរពទៅតាមភាពស្មោះត្រង់និងទំនួលខុសត្រូវចំពោះជាតិមាតុភូមិកំណើតរបស់ខ្លួន។

ការរៀបរាបរាប់ខាងលើនេះ ជាឡ្ហីករណ៍មួយយ៉ាងត្រឹមត្រូវដែលពលរដ្ឋខ្មែរគ្រប់រូបគួរពិចារណា។ ដូច្នេះការដែលសម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី បានផ្តួចផ្តើមគំនិតចង់ដកហូតសញ្ជាតិចំពោះពលរដ្ឋខ្មែរមួយចំនួនតូចដែលកំពុងវង្វេងដើមកំណើត និងភ្លេចជាតិសាសន៍របស់ខ្លួនហើយបែរជារួមដៃជាមួយបរទេសនោះ ការដកសញ្ជាតិដើមពិតជាត្រឹមត្រូវ ព្រោះពេលដែលប្រទេសជាតិកំពុងតែរួមគ្នាកសាង និងអភិវឌ្ឍជាតិ ខ្លួនបែរជាឆ្លៀតកេងចំណេញនយោបាយដោយដើរបញ្ច្រាសទិស មិនស្គាល់ជាតិកំណើត ចេញមកវាយប្រហារជាន់ពន្លិចជាតិសាសន៍ខ្លួនឯងទៅវិញ។

ដោយសារតែបរិបទនយោបាយចុងក្រោយនេះ ក្រុមប្រឆាំងជ្រុលនិយមគឃ្លើនដោយជាតិនិយមជ្រុល ហើយរំលងពីព្រំដែននៃសិទ្ធិរបស់ខ្លួន ដូចនេះ គ្រាន់តែសម្តេចតេជោ ផ្តួចផ្តើមគំនិតអំពីបញ្ហានេះភ្លាម គេបានឃើញសន្ទុះនៃការគាំទ្រពីប្រជាជនគ្រប់ស្រទាប់ និងពលរដ្ឋទូទៅ បានចេញគាំទ្រគំនិតផ្តួចផ្តើមនេះយ៉ាងផុលផុស។

ចំពោះការដែលលើកឡើងរបស់សម្តេចតេជោ ចង់ធ្វើវិសោនធនកម្មលើច្បាប់ដកហូតសញ្ជាតិនេះ ត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញ ប្រជុំពិភាក្សា និងបានឯកភាពទូលថ្វាយព្រះមហាក្សត្រថា វិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ ក្នុងគោលដៅដកហូតសញ្ជាតិខ្មែរពីជនទាំងឡាយណា ដែលគប់គិតជាមួយបរទេស ធ្វើសកម្មភាពបំផ្លាញផលប្រយោជន៍ជាតិ អាចធ្វើទៅបាន។ នេះជាការបើកផ្លូវក្នុងការធ្វើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ ក្នុងការដកសញ្ជាតិខ្មែរពីជនណាដែលគប់គិតជាមួយបរទេស ដើម្បីបំផ្លាញខ្មែរ។ ដូចនេះ សូមពួកប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស កុំអាលជ្រួលច្របល់ និងក៏មិនត្រូវងាកក្បាលមកបែរខាំអ្នកផ្តួចផ្តើមគំនិតក្នុងបញ្ហានេះឱ្យសោះ។ ផ្ទុយទៅវិញ ដើម្បីរួមចំណែកជាកម្លាំងសរុបក្នុងការកសាង អភិវឌ្ឍន៍ជាតិ និងទប់ទល់ជាមួយបរទេសឈ្លានពាន គប្បីមានការភ្ញាក់រលឹក និងបញ្ចប់នូវទង្វើណាដែលអាចនឹងផុងខ្លួនក្នុងការប្រឈមមុខនៃការដកសញ្ជាតិខ្មែរ នោះទើបជាប្រការត្រឹមត្រូវ។

ច្បាប់ដែលចែងពីការដកសញ្ជាតិ មិនមែនមានតែនៅកម្ពុជាយើងទេ បើយើងសិក្សាមើលលើពិភពលោក គឺមានប្រទេសជាច្រើនក៏មានអនុវត្តនូវច្បាប់ដកហូតសញ្ជាតិពីពលរដ្ឋរបស់ខ្លួនដែរ ដូចជា ប្រទេសអ៊ីស្រាអែល គឺមានច្បាប់ដកសញ្ជាតិរបស់ពលរដ្ឋខ្លួនចំពោះជនណាដែលមានចរិតប្រឆាំងនឹងជាតិខ្លួន ប្រទេសអាហ្សង់ទីន មានច្បាប់ដកហូតសញ្ជាតិចំពោះជនណាដែលចូលរួមប្រព្រឹត្តអំពើរឧក្រិដ្ឋ និងរួមមានទាំងប្រទេសអ៊ីតាលី អូទ្រីស ដាណឺម៉ាក ស្វីស និងប្រទេសអ៊ឺរ៉ុបជាច្រើនទៀត សុទ្ធតែមានច្បាប់ដកហូតសញ្ជាតិចំពោះជនជាតិរបស់ខ្លួនដែលប្រព្រឹត្តអំពើឧក្រិដ្ឋ។

ដូចនេះ នៅពេលដែលជនណាម្នាក់គប់គិតជាមួយបរទេសមកបំផ្លាញជាតិខ្មែរ គឺមានន័យថា បុគ្គលនោះលែងសក្តិសមជាពលរដ្ឋខ្មែរ និងបានដាក់ខ្លួនឯងឲ្យនៅក្រៅពីពលរដ្ឋខ្មែររូចទៅហើយ តាមរយៈការប្រព្រឹត្តផ្ទុយពីឧត្តមគតិនិងមនសិការជាពលរដ្ឋខ្មែរទូទាំងប្រទេស បើជាពលរដ្ឋខ្មែរពិតមែន នឹងមិនទៅបំរើរដ្ឋបរទេសមកបំផ្លាញជាតិនិងប្រជាពលរដ្ឋខ្មែរខ្លួននោះទេ។ និយាយជារួម ពោលគឺការបង្កើតច្បាប់នេះក្នុងន័យមួយដើម្បីគិតពីឧត្តមប្រយោជន៍ជាតិ សុវត្ថិភាពរបស់ប្រទេសជាតិតែប៉ុណ្ណោះ៕

អត្ថបទដោយ៖ ពិន វិជ័យ (អ្នកសិក្សាវិទ្យាសាស្ត្រនយោបាយ)

អត្ថបទទាក់ទង