Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្តេចតេជោ ហ៊ុន សែន៖ ការរៀបចំប្រកួតស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម បានរួមចំណែកពង្រឹងសាមគ្គីភាព និងមិត្តភាពប្រជាជាតិអាស៊ីអាគ្នេយ៍ជាង ៦០០លាននាក់

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃចន្ទ ទី៥ ខែមិថុនា ឆ្នាំ២០២៣ ព័ត៌មានជាតិ 1156
សម្តេចតេជោ ហ៊ុន សែន៖ ការរៀបចំប្រកួតស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម បានរួមចំណែកពង្រឹងសាមគ្គីភាព និងមិត្តភាពប្រជាជាតិអាស៊ីអាគ្នេយ៍ជាង ៦០០លាននាក់ សម្តេចតេជោ ហ៊ុន សែន៖ ការរៀបចំប្រកួតស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម បានរួមចំណែកពង្រឹងសាមគ្គីភាព និងមិត្តភាពប្រជាជាតិអាស៊ីអាគ្នេយ៍ជាង ៦០០លាននាក់

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ មិនត្រឹមតែប្រជាជនកម្ពុជាទាំង១៧លាននាក់នោះទេ ប៉ុន្តែគឺបានរួមចំណែកក្នុងការពង្រឹងសាមគ្គីភាព និងមិត្តភាពប្រជាជាតិអាស៊ីអាគ្នេយ៍ជាង ៦០០លាននាក់។

ការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម គឺជាមោទនភាព និងមុខមាត់សម្រាប់ប្រទេស និងប្រជាជនកម្ពុជាទាំងមូល ដែលបានរង់ចាំអស់រយៈពេល ៦៤ឆ្នាំមកហើយ។

ការថ្លែងបែនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ចសរុបជិត ៦ពាន់នាក់។

សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានលើកឡើងថា សម្រាប់ពិធីបើកអាស៊ានប៉ារ៉ាហ្គេម លើកទី១២ គឺមិនចាញ់ពិធីការបើកកីឡាស៊ីហ្គេមនោះឡើយ ខណៈពិធីបើកកីឡាស៊ីហ្គេម មានមនុស្សហោះតែម្នាក់ប៉ុណ្ណោះ ប៉ុន្តែ អាស៊ានប៉ារ៉ាហ្គេម មានមនុស្សហោះរហូតដល់ទៅ ១០នាក់ឯណោះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «ការទទួលធ្វើជាម្ចាស់ផ្ទះប្រកួតកីឡាស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម គឺយើងបានរួមចំណែកក្នុងការបំពេញតួនាទីជាសមាជិកដែលមានការទទួលខុសត្រូវរបស់អាស៊ាន ទៅលើកិច្ចការពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ហើយរួមចំណែកទៅដល់ការពង្រឹងវិស័យកីឡា យើងមិនមែនធ្វើម្ចាស់ផ្ទះត្រឹមតែសម្រាប់ប្រជាជនខ្លួនឯង ទាំង១៧លាននាក់ទេ យើងមានភារកិច្ច និងធ្វើការសម្របសម្រួល ពង្រឹងទំនាក់ទំនងក្នុងចំណោមប្រជាជនជាង៦០០លាននាក់ របស់អាស៊ាន…!»។

ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្រាប់ការទទួលធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៉ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ គឺជាកាតព្វកិច្ចរបស់សមាជិកអាស៊ានទាំងអស់។

ចំពោះការទទួលធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រកួតកីឡាស៉ីហ្គេមនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន បានរំលឹកឱ្យដឹងថា សម្តេចបានស្នើសុំព្យារពេលធ្វើជាម្ចាស់ផ្ទះប្រកួតកីឡានេះ ដោយសារតែគ្រានោះកម្ពុជា​ត្រូវការថវិកាសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នល់ ប្រឡាយទឹក សាលារៀន មន្ទីរពេទ្យរួមនឹងសមិទ្ធផលផ្សេងៗទៀត។ ប៉ុន្តែ សម្រាប់ឆ្នាំ២០២៣នេះ គឺដល់ពេលវេលាដែលកម្ពុជា អាចមានលទ្ធភាពរៀបចំធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមបានហើយ។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានបន្តថាថា សម្រាប់ការទទួលរៀបចំធ្វើជាម្ចាស់ប្រកួតកីឡាស៉ីហ្គេមនេះ គឺកម្ពុជា បានខិតខំធ្វើបានយ៉ាងល្អ ហើយបន្ថែមពីនោះជាលើកដំបូងដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ គឺមិនថ្លៃសំបុត្រ ថ្លៃផ្សាយបន្ត និងថវិការបស់គណៈប្រតិភូកីឡា ដែលមកចូលរួមព្រឹត្តិការណ៍ស៉ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម គឺជាការបង្ហាញឱ្យឃើញពីវិសាលបេះដូងដ៏ទូលំទូលាយរបស់ខ្មែរ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់បន្ថែមថា៖ «ខ្ញុំបញ្ជាក់នៅទីនេះថា លុយអាចចាយអស់ ប៉ុន្តែ កេរ្តិ៍ឈ្មោះចាយមិនអស់ទេ កេរ្តិ៍ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ទុកបន្សល់ឱ្យកូនចៅ យើងរាប់រយឆ្នាំតទៅទៀត»។

អត្ថបទទាក់ទង