ចក្រភពអង់គ្លេសស្វាគមន៍បទឈប់បាញ់និងលើកទឹកចិត្តប្រទេសកម្ពុជានិងថៃបន្តចូលរួមក្នុងកិច្ចសន្ទនាដោយសន្តិវិធី

លោក Dominic ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា ដែលបាន និងកំពុងចូលរួមជាមួយគណៈប្រតិភូអ្នកការទូតបរទេសផ្សេងទៀត ចុះពិនិត្យដោយផ្ទាល់ស្ថានភាពនៅព្រំដែនកម្ពុជា-ថៃ, នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ បានថ្លែងនូវការស្វាគមន៍បទឈប់បាញ់ និងលើកទឹកចិត្តប្រទេសទាំងពីរ រក្សាការប្តេជ្ញាចិត្តក្នុងកិច្ចសន្ទនាដោយសន្តិវិធី។
នៅលើបណ្ដាញសង្គមផ្លូវការរបស់ស្ថានទូតអង់គ្លេសប្រចាំកម្ពុជា បានលើកឡើងដោយមានខ្លឹមសារទាំងស្រុងថា៖ ក្នុងសប្តាហ៍នេះ លោកឯកអគ្គរាជ Dominic បានចូលរួមជាមួយគណៈប្រតិភូអ្នកការទូតបរទេស ដែលដឹកនាំដោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ទៅទស្សនាតំបន់ព្រំដែនក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ និងស្រុកសូត្រនិគម ខេត្តសៀមរាប។ គណៈប្រតិភូបានជួបជាមួយសហគមន៍ដែលរងផលប៉ះពាល់ដោយការប៉ះទង្គិចគ្នារវាងកម្ពុជានិងថៃនាពេលថ្មីៗនេះ។
ចក្រភពអង់គ្លេសស្វាគមន៍បទឈប់បាញ់ និងលើកទឹកចិត្តប្រទេសទាំងពីរឱ្យរក្សាការប្តេជ្ញាចិត្តរបស់ពួកគេ និងបន្តចូលរួមក្នុងកិច្ចសន្ទនាដោយសន្តិវិធីនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) នាពេលខាងមុខ។ យើងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងដើម្បីធានាសន្តិភាព និងស្ថិរភាពយូរអង្វែងនៅក្នុងតំបន់៕