អ្នកនាំពាក្យក្រសួងការបរទេស៖ កម្ពុជាស្វាគមន៍ចំពោះតួនាទីមិនអាចខ្វះបានរបស់ចិនក្នុងការសម្របសម្រួលកិច្ចសន្ទនានិងជំរុញការកាត់បន្ថយភាពតានតឹងរវាងកម្ពុជា-ថៃ

ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិថ្លែងក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាធារណរដ្ឋប្រជាមានិតចិន ដែលបានរៀបចំកិច្ចសន្ទនាពិសាតែ រវាងរដ្ឋមន្រ្តីការបរទេសចិន កម្ពុជានិងថៃ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងអាននីង ខេត្តយូណាន។ កិច្ចពិភាក្សាបានធ្វើឡើងប្រកបដោយស្មារតីបើកចំហ ស្មោះត្រង់ និងគោរពគ្នាទៅវិញទៅមក ដោយផ្តល់នូវវេទិកាស្ថាបនាមួយដើម្បីដោះស្រាយស្ថានការណ៍ព្រំដែនដែលកំពុងតែវិវត្តន៍រវាងកម្ពុជា និងថៃ។
ជាមួយគ្នានេះដែរ ឯកឧត្តម ជុំ សុន្ទរី បានមានប្រសាសន៍បន្ថែមថា កម្ពុជាស្វាគមន៍ចំពោះតួនាទីមិនអាចខ្វះបានរបស់ចិន ក្នុងការសម្របសម្រួលកិច្ចសន្ទនា និងជំរុញការកាត់បន្ថយភាពតានតឹង។ កម្ពុជាថ្លែងអំណរគុណជាពិសេសចំពោះការគាំទ្ររបស់ប្រទេសចិនលើបទឈប់បាញ់ដែលបានឯកភាពដោយកម្ពុជា និងថៃ ក៏ដូចជាការប្តេជ្ញាចិត្តដ៏មុតមាំរបស់ចិនក្នុងការស្តារទំនាក់ទំនងមកកាន់ប្រក្រតីភាពរវាងប្រទេសជិតខាងទាំងពីរដោយសន្តិវិធី។
អ្នកនាំពាក្យក្រសួងការបរទេសបានបញ្ជាក់ថា កម្ពុជារក្សាយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ដែលបានឯកភាពដោយភាគីទាំងពីរនៅក្នុងកិច្ចប្រជុំពិសេសនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងត្រូវបានពង្រឹងបន្ថែមទៀតនៅក្នុងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥។ កម្ពុជាសូមបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេ ចំពោះការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិគោលការណ៍ធម្មនុញ្ញអង្គការសហប្រជាជាតិ និងសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការរបស់អាស៊ាន៕