៧ខែឆ្នាំនេះ កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសជាង ៤លាននាក់ កើនជិត១៦%
(ភ្នំពេញ)៖ លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥នេះថា នៅរយៈពេល៧ខែ ឆ្នាំ២០២៥នេះ អាកាសយានដ្ឋានអន្តរជាតិទាំង៣របស់កម្ពុជា រួមមានភ្នំពេញ, សៀមរាបអង្គរ, ព្រះសីហនុ ទទួលបានជើងហោះហើរចេញ-ចូល (ទ្វេទិស) មានចំនួន ៣៧ ៤៩២ជើង កើនឡើងជិត១៦% បើធៀបទៅនឹងរយៈពេល០៧ខែ ដូចគ្នាទៅនឹងឆ្នាំ២០២៤។
សម្រាប់អ្នកដំណើរចេញ-ចូល មានចំនួនជាង ៤ ០៨២ ២៦០នាក់ មានការកើនឡើងជិត១៦% ខណៈទំនិញតាមផ្លូវអាកាសចេញ-ចូល មានចំនួន ៤៧ ២១៨តោន) មានការកើនឡើងជិត ២៨%។
ដោយឡែកបើធៀបរយៈពេល ១ខែ រវាងខែកក្កដា និងខែមិថុនា ឆ្នាំ២០២៥ អាកាសយានដ្ឋានអន្តរជាតិទាំង ៣ ទទួលបានជើងហោះហើរចេញ-ចូល មានចំនួន ៥,១១១ ជើងមានការកើនឡើងជាង៨%, អ្នកដំណើរមានចំនួន ៥៥៣ ៥២៣នាក់កើនឡើងជិត ១៤% និងការដឹងទំនិញតាមផ្លូវអាកាសមានចំនួនជាង ១០,២៦៧ តោនកើនឡើងជិត៣០%។
បើតាមលោក ស៊ីន ចាន់សិរីវុត្ថា អាកាសយានដ្ឋានអន្តរជាតិទាំង៣ មានក្រុមហ៊ុនអាកាសចរណ៍ជាតិ និងអន្តរជាតិចំនួន ៣១ក្រុមហ៊ុន កំពុងធ្វើការហោះហើរចេញ-ចូលជាប្រចាំ ក្នុងនោះ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មានចំនួន ៨២៤ ជើង/សប្តាហ៍ , អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានចំនួន ២៣៨ ជើង/សប្តាហ៍ និងអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ មានចំនួន ៤៤ ជើង/សប្តាហ៍ សរុបជើងហោះហើរចេញ-ចូល នៅអាកាសយានដ្ឋានអន្តរជាតិទាំងបីមានចំនួន ១,១០៦ ជើង/សប្តាហ៍។
បច្ចុប្បន្ននេះ ក្រុមហ៊ុនអាកាសចរណ៍ដែលកំពុងប្រតិបត្តិការហោះហើររវាងកម្ពុជា-ថៃ មានចំនួន ៨ក្រុមហ៊ុន ក្នុងនោះមាន ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកចំនួន ៣ និងក្រុមហ៊ុនអាកាសចរណ៍ថៃ ចំនួន៥៕