Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

រដ្ឋសភាទទួលយកសេចក្តីព្រាងច្បាប់ទាក់ទងនឹងការកំណត់ព្រំដែនរដ្ឋរវាង កម្ពុជា និងឡាវ ប្រគល់ឱ្យគណៈកម្មការជំនាញ ដើម្បីពិនិត្យសិក្សា

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃពុធ ទី២២ ខែមីនា ឆ្នាំ២០២៣ ព័ត៌មានជាតិ 1283
រដ្ឋសភាទទួលយកសេចក្តីព្រាងច្បាប់ទាក់ទងនឹងការកំណត់ព្រំដែនរដ្ឋរវាង កម្ពុជា និងឡាវ ប្រគល់ឱ្យគណៈកម្មការជំនាញ ដើម្បីពិនិត្យសិក្សា រដ្ឋសភាទទួលយកសេចក្តីព្រាងច្បាប់ទាក់ទងនឹងការកំណត់ព្រំដែនរដ្ឋរវាង កម្ពុជា និងឡាវ ប្រគល់ឱ្យគណៈកម្មការជំនាញ ដើម្បីពិនិត្យសិក្សា

សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃពុធទី២២ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៃព្រះរាជា ណាចក្រកម្ពុជា ដោយបានធ្វើការពិភាក្សា និងអនុម័តលើរបៀបវារៈមួយចំនួន ទាក់ទងនឹងការទទួលយកសេចក្ដីព្រាងច្បាប់ពីរាជរដ្ឋាភិបាលមកពិនិត្យសិក្សា ការពិនិត្យពិចារណាសំណើរបស់រាជរដ្ឋាភិបាលដែលស្នើកោះប្រជុំរដ្ឋសភា ជាវិសាមញ្ញ និងការអនុម័តយល់ព្រមលើរបាយការណ៍ស្តីពី សកម្មភាពការងាររបស់រដ្ឋសភាចន្លោះសម័យ ប្រជុំលើកទី៨ និងលើកទី៩ នីតិកាលទី៦។

ជាលទ្ធផលអង្គប្រជុំ បាន សម្រេចដូចខាងក្រោម៖

១- អង្គប្រជុំបានអនុម័តប្រគល់ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដល់គណៈកម្មការ មហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា ដោយសហការជាមួយគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា និងគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ពិនិត្យ សិក្សា ហើយធ្វើរបាយការណ៍ ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា វិញ។

២- អង្គប្រជុំបានពិនិត្យពិចារណាសំណើរបស់រាជរដ្ឋាភិបាល ដែលស្នើកោះប្រជុំរដ្ឋសភា ជាវិសាមញ្ញ នីតិកាលទី៦ ដើម្បីពិនិត្យ និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត ឡាវ ដោយចាត់ទុកជាការប្រញាប់។

៣- អង្គប្រជុំបានអនុម័តយល់ព្រមលើរបាយការណ៍ស្តីពី សកម្មភាពការងាររបស់រដ្ឋសភាចន្លោះសម័យប្រជុំលើកទី៨ និងលើកទី៩ នីតិកាលទី៦ ដោយប្រគល់ភារកិច្ចជូនអគ្គលេខាធិការដ្ឋានរដ្ឋសភា បំពេញបន្ថែមនូវសកម្មភាពការងាររបស់រដ្ឋសភា រហូតដល់ថ្ងៃបើកសម័យប្រជុំរដ្ឋសភា លើកទី៩ នីតិកាលទី៦ នាពេលខាងមុខ៕

អត្ថបទទាក់ទង