ប្រជាពលរដ្ឋកម្ពុជាដែលប៉ះទង្គិចគ្នាជាមួយកងយោធាថៃនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ គឺកើតចេញពីឆន្ទៈនៃការស្រលាញ់ទឹកដី និងទ្រព្យសម្បត្តិរបស់ពួកគាត់

ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Khoasods របស់ថៃដែលចុះផ្សាយនៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ថា អាជ្ញាធរកម្ពុជាបានជួលប្រជាពលរដ្ឋខ្លួនឲ្យមករើបន្លាលួសនិងប៉ះទង្គិចជាមួយកងទ័ពថៃនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នាថ្ងៃដដែល លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា ការប៉ះទង្គិចនេះកើតឡើងដោយសារតែប្រជាពលរដ្ឋកម្ពុជាទាំងនោះ ការពារទ្រព្យសម្បត្តិរបស់ពួកគាត់ពីការកាត់យកដោយយោធាថៃតាមរយៈការាយបន្លាលួស និងដាក់កង់ឡានខុសច្បាប់ ដែលផ្ទុុយពីបទឈប់បាញ់ដែលភាគីទាំងពីរបានព្រមព្រៀងគ្នាកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងពូត្រាចាយ៉ា ប្រទេសម៉ាឡេស៊ី។
នៅក្នុងការសង្ខេបព័ត៌មានប្រចាំថ្ងៃស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅទីស្ដីការគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ នេះ លោកជំទាវឧត្តមសេនីយ៍ឯក បានលើកឡើងថា «ពាក់ព័ន្ធនឹងការរាយបន្លាលួសពីសំណាក់កងយោធាថៃកាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ នៅវេលាម៉ោង ១៤:២០នាទី នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលមានភូមិសាស្ត្រទល់មុខនឹងភូមិ Nong Chan ស្រុក Khok Sung ខេត្តស្រះកែវ ប្រទេសថៃ។ បន្ទាប់មកនៅវេលាម៉ោង ១៥:១៤នាទី រសៀល កងកម្លាំងថៃបានធ្វើសកម្មភាពជាថ្មី បម្រុងនឹងយកបន្លាលួសមករាយម្ដងទៀត ហើយក៏ត្រូវបានប្រជាពលរដ្ឋដែលជាម្ចាស់ដី ហើយនិងប្រជាពលរដ្ឋផ្សេងៗទៀតធ្វើការទប់ស្កាត់យ៉ាងខ្លាំងក្លា រហូតដល់កងកម្លាំងរបស់ថៃយកបន្លាលួសរបស់ខ្លួនត្រឡប់ចូលទៅវិញ។ នាងខ្ញុំសូមគូសបញ្ជាក់ថា ចាប់តាំងពីយប់ថ្ងៃទី២៥ ខែសីហា រហូតដល់ព្រឹកថ្ងៃទី២៦ ខែសីហា នេះ បងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ដីនិងប្រជាពលរដ្ឋផ្សេងៗទៀត បានរួមសាមគ្គីធ្វើការឆ្លើយតប គឺស្ដែងចេញពីការព្រួយបារម្ភចំពោះមុខនឹងការរាយបន្លាលួសរបស់កងទ័ពថៃ ហើយក៏ក្នុងគោលដៅការពារនូវអ្វីដែលពួកគាត់ចាត់ទុកថាជាទ្រព្យសម្បត្តិស្របច្បាប់របស់ពួកគាត់តែប៉ុណ្ណោះ ដែលកើតចេញពីឆន្ទៈនៃការស្រលាញ់ទឹកដី និងការពារទ្រព្យសម្បត្តិស្របច្បាប់របស់ពួកគាត់»៕