សម្តេចធិបតី ហ៊ុន ម៉ាណែត សុំការគាំទ្រពីប្រធានអាស៊ាននិងថ្នាក់ដឹកនាំពិភពលោកដើម្បីជំរុញការអនុវត្តបទ ឈប់បាញ់និងរាល់កិច្ចព្រមព្រៀងរវាងកម្ពុជានិងថៃឱ្យបានពេញលេញនិងមានប្រសិទ្ធភាព

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារលិខិតជូនឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ានបច្ចុប្បន្ន ព្រមទាំងថ្នាក់ដឹកនាំពិភពលោកនានាដែលរួមមាន ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក និងឯកឧត្តម អេម៉ាណូអែល ម៉ាក្រុង ប្រធានាធិបតីបារាំង ឯកឧត្តម អង់តូនីញូ ហ្គោតេរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិ និង លោកជំទាវ អាណាលេណា បេណាបក ប្រធានមហាសន្និបាតអង្គការសប្រជាជាតិលើកទី៨០ ក្នុងគោលបំណងទាញចំណាប់អារម្មណ៍របស់ថ្នាក់ដឹកនាំពិភពលោកទាំងអស់ទៅលើស្ថានការណ៍ថ្មីៗនៅតាមព្រំដែនកម្ពុជា-ថៃ ដែលបង្កការគំរាមកំហែងដល់សន្តិភាព និងស្ថិរភាព មិនត្រឹមតែសម្រាប់ប្រជាជាតិទាំងពីរប៉ុណ្ណោះទេ គឺថែមទាំងសម្រាប់តំបន់យើងទាំងមូលផងដែរ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បានឱ្យដឹងថា តាមរយៈសារលិខិតទាំងនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានជម្រាបជូនថ្នាក់ដឹកនាំពិភពលោក ទាំងអស់អំពីព្រឹត្តិការណ៍ជាបន្តបន្ទាប់ដែលបាននាំទៅដល់ការពង្រីកទំហំនិងវិសាលភាពនៃតំបន់ជម្លោះហួសចេញពីតំបន់ជម្លោះប្រដាប់អាវុធកន្លងមក ក្នុងខេត្តព្រះវិហារនិងខេត្តឧត្តរមានជ័យ ។ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានស្នើសុំថ្នាក់ដឹកនាំពិភពលោកទាំងអស់គាំទ្រ និងជំរុញឱ្យមានការគោរពពេញលេញ និងប្រកបដោយប្រសិទ្ធភាពចំពោះលក្ខខណ្ឌបទឈប់បាញ់ និងកិច្ចព្រមព្រៀងទាំងអស់ដែលបានសម្រេចនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ(GBC) និងគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ(RBC) កាលពីពេលថ្មីៗនេះ។
សេចក្តីប្រកាសព័ត៌មានដដែលបានបន្ថែមថា ចាប់តាំងពីថ្ងៃទី១២ ខែសីហា កម្លាំងថៃបានពង្រីកតំបន់ជម្លោះ តាមរយៈការរាយលួសបន្លា ដាក់របាំងឃាំង ចេញឱសានវាទបណ្ដេញពលរដ្ឋខ្មែរចេញពីដីលំនៅឋានដែលពួកគេបានរស់នៅដ៏យូរលង់មកហើយ នៅក្នុងភូមិជោគជ័យ និងភូមិព្រៃចាន់ នៃខេត្តបន្ទាយមានជ័យ ដែលស្ថិតនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា និងស្ថិតក្នុងចម្ងាយប្រមាណ២០០គីឡូម៉ែត្រពីតំបន់ជម្លោះដូចរៀបរាប់ខាងលើ។ ប្រជាពលរដ្ឋខ្មែរចំនួន ២៥ គ្រួសារ ត្រូវបានរារាំងមិនឱ្យចូលផ្ទះសម្បែង និងស្រែចំការរបស់ពួកគេ ហើយថ្មីៗនេះ អ្នកនាំពាក្យយោធាថៃក៏បានគំរាមកំហែងធ្វើការបណ្តេញចេញថែមទៀតនាពេលដ៏ខ្លីខាងមុខដែលនឹងប៉ះពាល់ដល់អ្នកភូមិរាប់រយគ្រួសារដែលមានសមាជិកសរុបប្រមាណជាង ១០០០ នាក់៕