សហភាពសហព័ន្ធយុវជនកម្ពុជា ចេញញត្តិគាំទ្ររាជរដ្ឋាភិបាលដែលស្នើប្រធានអាស៊ាន និងថ្នាក់ដឹកនាំពិភពលោកជួយគាំទ្រ និងជំរុញការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ ឲ្យបានពេញលេញ

យោងតាមខ្លឹមសារញត្តិគាំទ្ររបស់សហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ដែលមានខ្លឹមសារទាំងស្រុងថា សហភាពសហព័ន្ធយុវជនកម្ពុជាបានចេញញត្តិគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការស្នើសុំឲ្យប្រធានអាស៊ាន និងថ្នាក់ដឹកនាំពិភពលោក ដើម្បីជួយគាំទ្រ និងជំរុញការអនុវត្តបទឈប់បាញ់ និងរាល់កិច្ចព្រមព្រៀងរវាងកម្ពុជា និងថៃឲ្យបានពេញលេញ និងមានប្រសិទ្ធភាពខ្ពស់។
សហភាពសហព័ន្ធយុវជនកម្ពុជា ដែលជារណសិរ្សទូលំទូលាយរបស់យុវជនកម្ពុជា បាននិងកំពុងតាមដានដោយយកចិត្តទុកដាក់បំផុតលើស្ថានការណ៍ថ្មីៗ នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ដែលបាននិងកំពុងបង្កការគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពរបស់ប្រទេសទាំងពីរ និងជាពិសេសប៉ះពាល់ដ៏ធ្ងន់ធ្ងរដល់សិទ្ធិ និងសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋតាមបណ្ដោយព្រំដែន។
នៅក្នុងស្មារតីនេះ សហភាពសហព័ន្ធយុវជនកម្ពុជា សូមគាំទ្រយ៉ាងពេញទំហឹងចំពោះ ខ្លឹមសារទាំងស្រុងនៃសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិរបស់កម្ពុជា ដែលបានបញ្ជាក់ពីខ្លឹមសាររបស់សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការស្នើសុំការគាំទ្រពី ឯកឧត្ដម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ី និងជាប្រធានអាស៊ានបច្ចុប្បន្ន ឯកឧត្ដម ស៊ី ជីពីង ប្រធានាធិបតីចិន, ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក, ឯកឧត្តម អេម៉ាណូ អែល ម៉ាក្រុង ប្រធានាធិបតីបារាំង, ឯកឧត្តម អង់តូនីញូ ហ្គោតេរ៉ស អគ្គលេខាធិការអង្គការសហប្រជាជាតិ និងលោកជំទាវ អាណាលេណា បេណាបក ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៨០ ដើម្បីជំរុញការអនុវត្តបទឈប់បាញ់ និងរាល់កិច្ចព្រមព្រៀងរវាងកម្ពុជា និងថៃឲ្យបានពេញលេញ និងមានប្រសិទ្ធភាពខ្ពស់៕