Khmer First Close

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងក្នុងភូមិសាស្រ្តខេត្តកំពង់ធំ

ដោយ៖ សម្បត្តិ កិត្យា ​​ | 8 ម៉ោងមុន ព័ត៌មានជាតិ 162
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងក្នុងភូមិសាស្រ្តខេត្តកំពង់ធំ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងក្នុងភូមិសាស្រ្តខេត្តកំពង់ធំ

(កំពង់ធំ)៖ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានអញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្រ្តខេត្តកំពង់ធំ កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមអមដំណើរពីសំណាក់ឯកឧត្ដម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹកនិងឧតុនិយម និងឯកឧត្ដម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំផងដែរ។
តាមរបាយការណ៍របស់ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានឱ្យដឹងថា បច្ចុប្បន្នស្ថានភាពកម្ពស់ទឹកស្ទឹងសែនបានឡើងដល់កម្រិតកម្ពស់ទឹកប្រកាសប្រុងប្រយ័ត្ន ដែលបង្កឱ្យមានការជន់លិចនៅក្នុងខេត្តកំពង់ធំ និងបានធ្វើឱ្យប៉ះពាល់ដោយសារការជន់លិចដំណាំស្រូវប្រមាណជាង ១ ១០០ ហិកតា ស្មើនឹង ១ ៤៥០ គ្រួសារ ព្រមទាំងធ្វើឱ្យប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធ និងផ្ទះសម្បែងប្រជាពលរដ្ឋ ពិសេសនៅបណ្តោយដងស្ទឹងសែន។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានផ្តល់ការណែនាំដល់ក្រុមការងារ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ត្រូវបន្តតាមដានដោយយកចិត្តទុកដាក់ ពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងជាប់ជាប្រចាំ ដើម្បីរួមគ្នាស្វែងរកនូវដំណោះស្រាយជាក់ស្តែងនានា ឱ្យបានទាន់ពេលវេលា ពិសេសពាក់ព័ន្ធនឹងការត្រៀមស្បៀង ពូជ និងការស្តារជួសជុសហេដ្ឋារចនាសម្ព័ន្ធនានា ដូចជាផ្លូវ និងសាលារៀនជាដើម ដើម្បីសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ និងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ ក៏ដូចជាត្រៀមរៀបចំទីទួលសុវត្ថិភាពក្នុងការជម្លៀសប្រជាពលរដ្ឋទៅទីទួលសុវត្ថិភាព ក្នុងអំឡុងពេលមានគ្រោះមហន្តរាយមកដល់។
នៅក្នុងដំណើរចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងខាងលើនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ
វង្សី វិស្សុត ក៏បានចុះពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងមួយចំនួន ដែលកំពុងអនុវត្តដោយក្រសួងធនធានទឹក និងឧតុនិយមផងដែរ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ បានអញ្ជើញពិនិត្យការដ្ឋានប្រឡាយពង្វាងទឹកជំនន់ស្ទឹងស្លាប់ ដែលមានសមត្ថភាពរំដោះទឹកជំនន់ ក្នុងបរិមាណ ៣០០ម៉ែត្រគូបក្នុងមួយវិនាទី ដែលជួយបញ្ចៀសការជន់លិចក្រុងស្ទឹងសែន នារដូវវស្សា និងដើរតួនាទីក្នុងការនាំទឹក និងផ្តល់ទឹកសម្រាប់ស្រោចស្រពផ្ទៃដីតាមដងស្ទឹងនារដូវប្រាំង។ សូមបញ្ជាក់ជូន ប្រឡាយពង្វាងទឹកជំនន់ស្ទឹងស្លាប់ និងគម្រោងផ្សេងៗទៀត ដូចជាគម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោជាដើម ដែលកំពុងអនុវត្តដោយក្រសួងធនធានទឹកនិងឧតុនិយម នឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់ប្រជាជនខេត្តកំពង់ធំ ដោយធានាកុំឱ្យមានជន់លិចដោយជំនន់ទឹកភ្លៀងនៅរដូវវស្សា និងជួយឱ្យមានទឹកប្រើប្រាស់គ្រប់គ្រាន់ក្នុងរដូវប្រាំង ពិសេសសម្រាប់វិស័យកសិកម្ម និងវិស័យគន្លឹះផ្សេងៗទៀត សំដៅលើកកម្ពស់ជីវភាពប្រជាជនឱ្យកាន់តែប្រសើរឡើង ក៏ដូចជាសម្រាប់បម្រើឱ្យការអភិវឌ្ឍលើគ្រប់វិស័យរបស់ខេត្តកំពង់ធំផងដែរ។
បន្ទាប់មក ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត និងប្រតិភូអមដំណើរបានអញ្ជើញទៅពិនិត្យ ការងារអន្តរាគមន៍ទឹកជំនន់ទឹកភ្លៀងតំបន់អូរទូចឡាត ដើម្បីបញ្ចៀសការជន់លិចតំបន់ទីប្រជុំជននានាដែលស្ថិតតាមបណ្ដោយដងស្ទឹងសែននារដូវវស្សា ពិសេសនៅក្នុងក្រុងស្ទឹងសែនតែម្តង។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ បានស្នើក្រសួងធនធានទឹក និងឧតុនិយម និងអាជ្ញាធរខេត្ត ឱ្យបន្តយកចិត្តទុកដាក់លើការងារអន្តរាគមន៍នេះបន្ថែមទៀត ដោយត្រូវចាត់វិធានការបន្ទាន់ក្នុងការកាយមុខទឹកកុំឱ្យស្ទះ សំដៅបញ្ចៀសការជន់លិច។

អត្ថបទទាក់ទង