Khmer First Close

នាយករដ្ឋមន្ត្រីថៃ Anutin ពិតជាព្រហើន- ឈ្លានពានកម្ពុជាហើយដើរតួរជាជនរងគ្រោះ អន្តរជាតិនឹងបានដឹងនូវពុតត្បុតដ៏អាក្រក់នេះ

ដោយ៖ សម្បត្តិ កិត្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី៩ ខែតុលា ឆ្នាំ២០២៥ ទស្សនៈ - នយោបាយ 1239
នាយករដ្ឋមន្ត្រីថៃ Anutin ពិតជាព្រហើន-  ឈ្លានពានកម្ពុជាហើយដើរតួរជាជនរងគ្រោះ អន្តរជាតិនឹងបានដឹងនូវពុតត្បុតដ៏អាក្រក់នេះ នាយករដ្ឋមន្ត្រីថៃ Anutin ពិតជាព្រហើន- ឈ្លានពានកម្ពុជាហើយដើរតួរជាជនរងគ្រោះ អន្តរជាតិនឹងបានដឹងនូវពុតត្បុតដ៏អាក្រក់នេះ

យោងតាមសារព័ត៌មាន Khaosod English ដែលបានចុះផ្សាយកាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ នេះ មានរឿងគួរឲ្យអស់សំណើចមួយដែលនឹកស្មានមិនដល់ ក្នុងរឿងដ៏សំខាន់និងរសើបបំផុតសម្រាប់ ប្រទេសជាតិនៃប្រទេសទាំងពីរ គឺបញ្ហាជម្លោះព្រំដែនកម្ពុជាថៃដ៏ស្រួចស្រាល់ ដែលបានបង្ហូរឈាមគ្នានិងគ្នាអស់រយៈពេល៥ថ្ងៃ ដែលមិនគួរលឺចេញពីមាត់ដ៏អាសោចរបស់នាយករដ្ឋមន្ត្រីសៀមថ្មី ខ្ចីវស្សានិងមានអាយុខ្លីគឺ លោក Anutin Charnvirakul និយាយរបៀបឡប់ឡែមិនទទួលខុសត្រូវបានលើកឡើងពីបំណងមិនឯកភាពចំពោះបំណងល្អរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ដែលចង់ដោះស្រាយនិងស្វែងរកសន្តិភាពលើជម្លោះព្រំដែនកម្ពុជា-ថៃ ដែលបានចុះផ្សាយនៅលើសារព័ត៌មាន Politico និងថែមទាំងមានចេតនាច្រានចោលនិងមើលស្រាលសមត្ថភាពនិងតួនាទីដ៏សំខាន់របស់មហាអំណាចពិភពលោកមួយនេះ។

មេដឹកនាំទើបជាប់ឆ្នោតដែលមានរយៈពេលដឹកនាំប្រទេសខ្លីជាងគេបំផុតលើពិភពលោកនេះបានទាមទាឲ្យកម្ពុជាឈប់ឈ្លានពានប្រទេសថៃ និងដកកងទ័ព ដកសព្វាវុធធន់ធ្ងន់ចេញពីតំបន់ព្រំដែន ទាំងខ្លួនកំពុងឈ្លានពានកម្ពុជា និងកំពុងបញ្ជូនកងទ័ព សព្វាវុធទើបៗយ៉ាងច្រើនក្រាស់ក្រែលចូលមកកាន់តំបន់ជម្លោះ។ គេអាចយល់បានថា នាយករដ្ឋមន្ត្រីសៀមរូបនេះ កំពុងតែសាកល្បងសម្តែងឆាកល្ខោនថ្ពឹនភ្នែកទាំងព្រហើន ដោយដើរតួជាជនរងគ្រោះ ភូតកុហកមេដឹកនាំប្រទេសមហាអំណាចនិងសមាគមអាស៊ានមុនកិច្ចប្រជុំអាស៊ានចាប់ផ្តើមនៅថ្ងៃទី២៦-២៨ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ។

ព្រឹត្តិការណ៍ផ្ទុះអាវុធ និងការបាញ់ប្រហារកាលពីថ្ងៃទី២៤ ខែកក្កដា កន្លងទៅរហូតដល់ថ្ងៃទី២៨ ខែកក្កដា ទម្រាំមានបទឈប់បាញ់ ពិភពលោកបានដឹងថា យោធាថៃបានបាញ់មុនមកលើកម្ពុជាក្នុងមហិច្ឆតាឈ្លានពានដែនអធិបតេយ្យរបស់កម្ពុជា ដោយមិនអាចប្រកែកបាន។សារព័ត៌មានធំៗជាច្រើនបានដឹងការពិត និងបានគាំទ្រកម្ពុជា រួមទាំងសម្តែងនូវការអាណិតអាសូរកម្ពុជា ដែលត្រូវបានសៀមបង្កបញ្ហា បង្កើតជម្លោះនិងមានសកម្មភាពវាតទីនិយម។

កម្ពុជាច្រានចោលយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋានពីសំណាក់ភាគីសៀម ដែលបំភ្លើសដោយឥតខ្មាស់អៀនថា កម្ពុជាបានរំលោភ និងវាយប្រហារទៅលើសៀមមុន។ ដូចនេះ ទង្វើបោកប្រាស់ជាថ្មីទៀតនេះតាមរយៈពាក្យសម្តីចេញពីបបូរមាត់របស់នាយករដ្ឋមន្ត្រីសៀម Anutin មិនខុសអ្វីពីពាក្យដែលគេតែងតែនិយាយថា «ចោរគម្រាមប៉ូលីស កុំឱ្យលូកដៃ ការពារជនរងគ្រោះ» ដើម្បីទុកឱកាសឱ្យពួកគេជាក្រុមចោរបានបន្តលួចប្លន់ ឈ្លានពានលើ ប្រទេស តូចតាមតែអំពើចិត្ត…សូមកុំរំខាន។ មិនត្រឹមតែប៉ុណ្ណោះ ពួកក្រុមចោរទុរយសនោះថែមទាំងបាន ដាក់លក្ខខណ្ឌទៅមេដឹកនាំប្រទេសមហាអំណាចដែលប្រៀបប្រដូចទៅនឹងក្រុមសមត្ថកិច្ចដែលនឹងត្រូវចាប់ចោរ ថាកុំលូកដៃ និងថែមទាំងប្រាប់ថា ជួយសម្រួលឱ្យក្រុមចោរគេបានឈ្លានពានដោយសុវត្ថិភាពផង។

ក្នុងនាមអ្នកសិក្សាស្រាវជ្រាវបញ្ហាសង្គមម្នាក់ ខ្ញុំចង់សួរតាមត្រង់ទៅចុះថា ថាតើប្រទេសសៀមដែលប្រើសុទ្ធតែអាវុធទំនើប យន្តហោះF16 របស់សហរដ្ឋអាមេរិក យន្តហោះ Gripen របស់ស៊ុយអែត នាវាមុជទឹក នាវាចម្បាំងទំនើបៗ រីឯកម្ពុជាវិញមិនមានអាវុធទាំងនេះសម្រាប់ប្រើផង តើអ្នកណាជាអ្នកឈ្លានពាន និងរងគ្រោះពិតប្រាកដនៅក្នុងជម្លោះព្រំដែននេះ? អន្តរជាតិប្រាកដជាយល់ច្បាស់អំពីល្បិចកលនិងសណ្តានចោរសៀមនិងថែមទាំងស្វែងរកយុត្តិធ៌មឲ្យកម្ពុជាទៀតផង។

ជានិច្ចកាល កម្ពុជាបានគោរពតាមគោលការណ៍រស់នៅដោយសន្តិភាពក្នុងនាមជាប្រទេសភូមិផងរបងជាមួយគ្នាដោយខិតខំបញ្ចៀសរាល់ការ ប៉ះទង្គិចគ្នាដោយយោធាណាមួយកើតឡើង ព្រមទាំងពឹងផ្អែកទាំងស្រុងទៅលើយន្តការ ទ្វេភាគី និងពហុភាគី ក្នុងការដោះស្រាយព្រំដែនជម្លោះដែលមិនទាន់ចប់។ កម្ពុជាមិនដែលចាប់ផ្តើមឈ្លានពានឬរំលោភចង់បានទឹកដីប្រទេសណាមួយនោះទេ គឺកម្ពុជាគ្រាន់តែចង់រស់នៅដោយសុខសន្តិភាព និងការពារទឹកដីដោយផ្អែកតាមផែនទីប្រវត្តិសាស្ត្រ ដែលអង្គការសហប្រជាជាតិទទួលស្គាល់ និងអនុស្សរណៈយោគយល់គ្នាឆ្នាំ ២០០០ (MOU ២០០០) ដែលមានភាគីសៀមខ្លួនឯងជាភាគីហត្ថលេខី ដែល MOU ២០០០នេះ សៀមខ្លួនឯងចង់ធ្វើប្រជាមតិលុបចោលផងនោះ។

ចំពោះការចង់លុប MOU ២០០០នេះ ក៏ជារឿងហួសចិត្តមួយផងដែរ គឺរដ្ឋាភិបាលទីងមោងនិងមិនចេះទទួលខុសត្រូវរបស់លោក Anutin គ្មានចេះដឹងទាំងមូលដ្ឋានច្បាប់អន្តរជាតិ និងនិយាយអ្វីតាម តែអារម្មណ៍នឹកឃើញ ដើម្បីគ្រាន់តែយកចិត្តអ្នកគាំទ្រ ក្នុងន័យការពារតែ តំណែងរបស់ខ្លួនឯងដ៏ផុយស្រួយនេះ ខ្លាចរបូតកៅអីតែប៉ុណ្ណោះ។ គេបានដឹងថា Anutin បានប្រើល្បិចកល ដោយរុញបញ្ហាធ្វើប្រជាមតិនេះទៅឲ្យប្រជាពលរដ្ឋថៃជាអ្នកសម្រេចចិត្តទៅវិញក្នុងន័យចង់គេចវេសពីការទទួលខុសត្រូវចំពោះជាតិយ៉ាងពិតប្រាកដ។មិនតែប៉ុណ្ណោះនាយករដ្ឋមន្ត្រីរូបនេះបែរជាមកចង់សាកល្បងដើរតួជាតួសម្តែង តួកំសត់នៅមុខមហាអំណាច និងសហគមន៏អន្តរជាតិថាខ្លួនជាជនរងគ្រោះក្រោមការឈ្លានពានរបស់កម្ពុជាទៅវិញ។

តបទៅនឹងសម្តីដ៏ព្រហើនរបស់ Anutin យើងជាប្រជាជនកម្ពុជា បានដឹងច្បាស់ថាថ្នាក់ដឹកនាំខ្មែរមួយនគរពិតជាមិនអាចអនុញ្ញាតឱ្យនាយករដ្ឋមន្ត្រីសៀម Anutin និងចោរសៀម បន្តឈ្លានពាន ឬបោកប្រាស់តាមតែចិត្តនោះឡើយ។ នៅលើលោកនេះ បញ្ហាជម្លោះព្រំដែនមិនអាចដោះស្រាយតាមការអះអាងតែម្ខាង តាមរបៀបឡប់ឡែឬតាមច្បាប់ក្នុងប្រទេសនៃរដ្ឋភាគីណាមួយនោះទេ គឺត្រូវតែផ្អែកលើច្បាប់អន្តរជាតិដែលគូភាគីទាំងពីរទទួលស្គាល់តែប៉ុណ្ណោះ។

ការបណ្តេញប្រជាពលរដ្ឋកម្ពុជាចេញពីទឹកដីកំណើតរបស់ពួកគេ ដោយយកច្បាប់ “ព្រៃឈើ” ឬសំអាងលើផែនទីចោរដែលគូសដោយឯកតោភាគីនោះ គឺជាការបំពានលើគោលការណ៍មនុស្សធម៌ ហើយក៏បំផ្លាញមូលដ្ឋានគ្រឹះនៃទំនុកចិត្តទ្វេភាគី ការឯកភាពអាស៊ាន និងអន្តរជាតិផងដែរ។

ខ្ញុំបានដឹងថា ជំហរខាងកម្ពុជា ស្វាគមន៍គ្រប់កិច្ចខិតខំប្រឹងប្រែងពីសហគមន៍អន្តរជាតិ រួមទាំងសហរដ្ឋអាមេរិក ជាពិសេសលោក Donald Trump ក្នុងការជួយជំរុញឲ្យមានបទឈប់បាញ់ នាពេលដ៏ខ្លីខាងមុខនឹងឈានដល់ការចរចាសន្តិភាពដើម្បីបញ្ចប់សង្គ្រាមទាំងស្រុងរវាងកម្ពុជាថៃ។ ប៉ុន្តែ ត្រូវតែផ្អែកលើភាពអព្យាក្រឹត និងការគោរពច្បាប់អន្តរជាតិ និងភាពសមស្របតាមប្រវត្តិសាស្ត្រ មិនមែនផ្អែកលើរបៀបសម្តែងជាតួកំសត់របស់នាយករដ្ឋមន្ត្រីថ្មីអាយុ៤ខែរបស់សៀមនោះទេ។

ពីពេលនេះតទៅ ថៃ គួរតែចូលរួមដោះស្រាយជម្លោះនេះក្នុងការចរចានិងតាមរយៈការទូតក្នុងន័យស្ថាបនាដោយជៀសវាងការប្រើប្រាស់ពាក្យសម្ដីបំភាន់ពីការពិត និងដើរតួជាជនរងគ្រោះដើម្បីទាក់ទាញចំណាប់អារម្មណ៏អន្តរជាតិ។ តែកម្ពុជានៅតែប្តេជ្ញាចិត្តស្វែងរកដំណោះស្រាយសន្តិភាព ប៉ុន្តែសន្តិភាពមិនអាចស្ថាបនាឡើងបានលើការអះអាងខុសបានទេ ត្រូវផ្អែកលើភាពពិតយុត្តិធម៌និងការគោរពគ្នាទៅវិញទៅមក។

ការដែលការព័ត៌មាន Khaosod English លើកឡើងនេះបើជាពាក្យសម្តីពិតចេញពីមាត់របស់លោក Anutin មែនបង្ហាញយ៉ាងច្បាស់ថា ថៃកំពុងបង្វែរការពិត ដើម្បីបង្កើតរូបភាពក្លែងក្លាយថាជាអ្នករងគ្រោះ។ ការបំភ្លៃការពិតបែបនេះ មិនត្រឹមតែជាការបំពានលើកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបំពានលើទំនុកចិត្តរបស់សហគមន៍អន្តរជាតិ ជាពិសេសប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ដែលកំពុងតាមដានបញ្ហានេះយ៉ាងដិតដល់ថែមទៀតផង។

ជាលទ្ធផលទៅថ្ងៃមុខ ខ្ញុំមិនអាចទស្សន៍ទាយបានទេថា តើ នាយករដ្ឋមន្ត្រីថៃលោក Anutin មិនដឹងថា នឹងបានទទួលកាដូរពីលោក Donald Trump ជាដំបងឬការ៉ុត ទើបសាកសមនឹងភាពព្រហើន ភូតកុហក បោកប្រាស់ដ៏អាក្រក់នេះ៕

ដោយ៖ ពិន វិជ័យ (អ្នកសិក្សាវិទ្យាសាស្ត្រនយោបាយ)

អត្ថបទទាក់ទង