Khmer First Close

ថ្ងៃនេះ កងកម្លាំងចម្រុះថៃ បានបន្តសកម្មភាពឈូសឆាយលំនៅដ្ឋានប្រជាពលរដ្ឋខ្មែរ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់

ដោយ៖ សម្បត្តិ កិត្យា ​​ | ថ្ងៃចន្ទ ទី១៣ ខែតុលា ឆ្នាំ២០២៥ ព័ត៌មានជាតិ 340
ថ្ងៃនេះ កងកម្លាំងចម្រុះថៃ បានបន្តសកម្មភាពឈូសឆាយលំនៅដ្ឋានប្រជាពលរដ្ឋខ្មែរ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ថ្ងៃនេះ កងកម្លាំងចម្រុះថៃ បានបន្តសកម្មភាពឈូសឆាយលំនៅដ្ឋានប្រជាពលរដ្ឋខ្មែរ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់

នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ កងកម្លាំងចម្រុះថៃ បានបន្តសកម្មភាពឈូសឆាយលំនៅដ្ឋានប្រជាពលរដ្ឋខ្មែរ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្រោយពីពួកគេចូលមកព័ទ្ធបន្លាលួស កាលពីថ្ងៃទី១៣ ខែសីហា ដែលនេះគឺជាការរំលោភលើបទឈប់បាញ់ និងកិច្ចព្រមព្រៀងនានារវាងភាគីទាំងពីរ។

សកម្មភាពនៃការរំលោភបំពានរបស់យោធាថៃមកលើអធិបតេយ្យកម្ពុជានៅតំបន់ភូមិព្រៃចាន់ និងភូមិជោគជ័យ តាមរយៈការរាយបន្លាលួស និងការរឹបអូសយកផ្ទះសម្បែងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋខ្មែរ គឺជាការរំលោភ បំពានធ្ងន់ធ្ងរលើសិទ្ធិមនុស្សជាពិសេសរំលោភបំពានកិច្ចព្រមព្រៀងបទឈប់បាញ់ និងស្មារតីនៃកិច្ចប្រជុំ (GBC) ក៏ដូចជា លទ្ធផលនៃកិច្ចប្រជុំ (RBC) រវាងយោធភូមិភាគកម្ពុជានិងថៃនាពេលកន្លងមក។

គួរបញ្ជាក់ផងដែរថា កាលពីយប់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ ពួកយោធាថៃ ក៏បានចាក់សំឡេងរំខានម្តងទៀត ដូចជា សំឡេងខ្មោចលង សំឡេងឆ្កែលូ សំឡេងយន្តហោះទម្លាក់គ្រាប់បែកក្នុងគោលបំណងបង្កការរំខានដល់ ប្រជាពលរដ្ឋខ្មែរយើងនិងធ្វើឱ្យប៉ះពាល់ដល់សុខភាព ប៉ះពាល់ដល់ការទទួលទានដំណេក ធ្វើឱ្យថប់អារម្មណ៍និងបង្កឱ្យមានការមិនសុខស្រួលផ្លូវកាយដល់ប្រជាជនរស់នៅក្នុងតំបន់នោះ រួមទាំងស្រ្តី កុមារ ចាស់ជរា ជនមានពិការភាពនិងអ្នកជំងឺ ដែលសកម្មភាពរបស់យោធាថៃនេះ ក៏ត្រូវបានទទួលការរិះគន់ពីសមាជិកព្រឹទ្ធសភាថៃផងដែរ។

សូមរំលឹកផងដែរថា កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក៏បានផ្ញើលិខិតតវ៉ា ផ្លូវការទូតទៅកាន់ភាគីថៃចំពោះផែនការអនុវត្តប្រតិបត្តិការបោសសំអាតគ្រាប់មីនជាឯកតោភាគីនៅភូមិ ជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្នុងដែនដីកម្ពុជា នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ និងបានចាត់ទុកសកម្មភាពនៃការបោសសំអាតមីននៅភូមិជោគជ័យនិងភូមិព្រៃចាន់ថា ជាការបំពានដោយផ្ទាល់ និងមិនស្របតាមស្មារតីនៃកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ(GBC)ថ្ងៃទី១០ កញ្ញា ២០២៥ ដែលភាគីទាំងពីរបានយល់ព្រមបង្កើតក្រុមការងារសម្រប សម្រួលរួម(JCTF) ដែលមានការចូលរួមពីអង្គភាព(CMAC) និងមជ្ឈមណ្ឌលសកម្មភាពមីនប្រទេស ថៃ (TMAC)។

បន្ថែមពីនេះ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់អំពីការលើកឡើងរបស់សមាជិកព្រឹទ្ធសភាថៃ ពាក់ព័ន្ធនឹងការប្រើប្រាស់សំឡេងរំខានដែលជាទម្រង់នៃការបំភិតបំភ័យនិងយាយីផ្លូវចិត្តនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃពីសំណាក់កងទ័ពថៃ កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ ដោយក្នុងនោះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានដកស្រង់ខ្លឹមសារថា «រាជរដ្ឋាភិបាលថៃ គួរតែបានដឹងថារាល់ សកម្មភាពទាំងឡាយណាបង្កឱ្យមានអារម្មណ៍ភ័យខ្លាចឬប៉ះពាល់ដល់ផ្លូវចិត្តរបស់ប្រជាជន ទោះបីជា អ្នកស្ថិតនៅក្នុងស្ថានភាពជម្លោះក៏ដោយ ជាពិសេសក្រុមងាយរងគ្រោះដែលអាចជាការធ្វើទារុណកម្ម ផ្លូវចិត្ត ក្រោមអនុសញ្ញាប្រឆាំងទារុណកម្ម និងការប្រព្រឹត្តមកលើខ្លួន ឬទណ្ឌកម្មឯទៀតដែលឃោរឃៅអមនុស្សធម៌ ឬបន្ថោកបន្ទាប (CAT) ដែលប្រទេសថៃជារដ្ឋភាគី៕

អត្ថបទទាក់ទង