វិបត្តិសេដ្ឋកិច្ចថៃកំពុងអង្រួនកៅអី Anutin ខណៈកំពុងសម្តែងភាពក្រអើតក្រទមជាមួយកម្ពុជា និង ពិភពលោក
បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ដែលបន្តអូសបន្លាយមកដល់បច្ចុប្បន្ន និងកាន់តែតានតឹងឡើងតាមរយៈអំនួតរបស់ភាគីថៃ និងពោរពេញដោយមហិច្ឆតាវាតទីនិយមលើទឹកដី អធិបតេយ្យកម្ពុជានិងបំពានច្បាប់អន្តរជាតិទាំងកំរោលនោះ គេបានមើលឃើញថារដ្ឋាភិបាល Anutin Charvirakul និងកងទ័ពថៃកំពុងតែមានមោទនភាព ដើរពើងទ្រូងជាប្រទេសស៊ីវីល័យ និងកំពុងឈ្លានពានកម្ពុជាយ៉ាងគឃ្លើនផង និងកំពុងច្រានចោលសំណើរចង់ឲ្យមានសន្តិភាពពីសំណាក់ប្រធានាធិបតីសហរដ្ឋអាមេរិកផង និងកំពុងសម្តែងល្ខោនដាក់មហាអំណាចដោយដើរតួជាតួកំសត់គួរឲ្យអាណិតទៀតផងនោះ តែពេលនេះ បែរចាប់ផ្តើមភ័យស្លន់ស្លោរអំពីបញ្ហាសេដ្ឋកិច្ចធ្លាក់ចុះដោយសារតែវិស័យឯកជនរបស់ខ្លួនកំពុងជួបបញ្ហាដុនដាប ដោយសារតែឥទ្ធិពលប្រជាជនកម្ពុជាធ្វើពហិការមិនប្រើទំនិញថៃទៅវិញ។
ពេលនេះទើបដឹងច្បាស់ថា រដ្ឋាភិបាល Anutin ដែលមានអាយុមិនដល់៣ខែទៀតនោះអាចទ្រាំទ្រ និងទប់ទល់ទៅនិងបន្ទុកដ៏ធ្ងន់ធ្ងនេះបានទេ ដោយខណៈពេលដែលនាយករដ្ឋមន្ត្រីរូបនេះកំពុងដើរសម្ញែងប្ញកដាក់កម្ពុជា និងអន្តរជាតិ ភ្លេចគិតពីការស្វែងរកវិធីដោះស្រាយបញ្ហាជាក់ស្តែងដែលបាននិងកំពុងប្រឈមក្នុងប្រទេសរបស់ខ្លួន។
យោងតាមប្រព័ន្ធផ្សព្វផ្សាយថៃ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Sihasak Phuangketkaew រដ្ឋមន្រ្តីក្រសួងការបរទេសថៃ បានជួបជាមួយតំណាងឯកជនថៃដែលមានអាជីវកម្មនៅកម្ពុជា ដើម្បីស្តាប់សំឡេងត្អូញត្អែររបស់អាជីវករដែលជាប្រទេសអ្នកមាន ព្រោះអាជីវកម្មថៃជាច្រើនកំពុងរងការខាតបង់យ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីប្រជាជនខ្មែរចាប់ផ្តើមសំពងថៃយ៉ាងចាស់ដៃដោយបដិសេធនិងធ្វើពហិការមិនប្រើប្រាស់ទំនិញចោរឈ្លានពានថៃបន្តទៀត។
តើសមរម្យទេសម្រាប់ប្រទេសមួយ ដែលមានចរិតឈ្លានពាន គ្មានការគោរពច្បាប់ទម្លាប់អន្តរជាតិ ហើយដែលបានចូលមកចាប់វីរៈកងទ័ពកម្ពុជា២០រូប នៅក្រោយពេលបទឈប់បាញ់ចូលជាធរមានព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ និងបានរាយបន្លាលួស រំលោភយកផ្ទះដីស្រែចំការរបស់ប្រជាពលរដ្ឋស៊ីវិលកម្ពុជា បាញ់គ្រាប់កាំភ្លើងចូលលើទឹកដីកម្ពុជា ចោទកម្ពុជាថាឈ្លានពានខ្លួន បំផ្លាញសន្តិភាព និងធ្វើឲ្យប្រជាពលរដ្ឋគេបាត់បង់ជីវិត ប្រកាស់បិទព្រំដែនដោយឯកតោភាគី ដោយគិតថាចង់គៀបសង្កត់អតិថិជនដូចកម្ពុជាឲ្យស្លាប់ព្រោះគ្មានទំនិញថៃប្រើប្រាស់ តែឥឡូវបែរជាប្រជាជនខ្លួនដង្ហោយហៅឲ្យជួយ “សង្រ្គោះសេដ្ឋកិច្ច”? នេះឬប្រទេសអ្នកមានដែលមានភាពក្រអើតក្រទមដែលពិភពលោកស្អប់ខ្ពើមនោះ ថៃត្រូវចាំទុកតជំនាន់និងតពូជអម្បូរចោររបស់អ្នកឲ្យច្បាស់ថា “អតិថិជនជាស្តេច” តែទង្វើរបស់ប្រទេសអ្នក បានសម្លាប់ទឹកចិត្តកម្ពុជា ដែលជាអតិថិជនធំក្នុងបញ្ហាសេដ្ឋកិច្ចថៃហើយ។
មហិច្ឆតាឈ្លានពានរបស់ថៃមកលើកម្ពុជា មិនបញ្ចប់ត្រឹមប៉ុណ្នឹងទេ ថ្មីៗនេះ ថៃបានសម្តែងអាកប្បកិរិយាច្រានចោល មិនគោរពច្បាប់អន្តរជាតិ ដោយយកត្រាក់ទ័រចូលឈូសដីនិងសម្តែងល្ខោនរាវមីន នៅលើដីស្រែចំការរបស់ប្រជាពលរដ្ឋកម្ពុជា យប់ឡើងចាក់សំឡេងរំខានបន្លាចពលរដ្ឋកម្ពុជានៅភូមិព្រៃចាន់ តាមរបៀបជាមនុស្សខ្វះការអប់រំនិងមានសីលធ៌មទាប។
បើជាជ្រុលព្រហើនដល់ថ្នាក់ហ្នឹងទៅហើយ ហេតុអ្វីនៅក្នុងថ្ងៃដដែលនោះ ក្រសួងការបរទេសសៀមងាកត្រឡប់មករកដំណោះស្រាយពាណិជ្ជកម្មជាមួយពាណិជ្ជកររបស់ខ្លួន ដោយអង្វរករឲ្យរដ្ឋមន្ត្រីក្រសួងការបរទេសជួយរកដំណោះស្រាយ ដើម្បីជួយសង្គ្រោះអាជីវកម្មរបស់ខ្លួន ព្រោះពាណិជ្ជកម្ម ឆ្លងដែនរបស់ខ្លួនជាមួយកម្ពុជាចាប់ផ្តើមជិតរលំហើយ ដោយសារឥទ្ធិពលពហិការរួមគ្នាដ៏ខ្លាំងក្លា របស់ប្រជាពលរដ្ឋកម្ពុជា។
ថៃត្រូវចងចាំថា កម្ពុជាគ្មានអាវុធនិងយុទ្ធោបករណ៏យោធាទំនើបៗសម្រាប់ធ្វើសង្គ្រាមទេ គឺមានតែការសាមគ្គីគ្នាជាធ្លុងមួយនេះហើយ ដែលជាអាវុធតទល់ជាមួយចោរសៀមឈ្លានពាន ពោល គឺកម្ពុជាប្រកាន់យកគោលការណ៍សន្តិភាព «ការធ្វើសង្គ្រាមដោយស្ងប់ស្ងាត់មិនបង្ហូរឈាម» ។
ប្រជាជនកម្ពុជាបាននិងកំពុងបង្ហាញនូវស្មារតីស្រឡាញ់ជាតិគួរឲ្យគោរពនិងកោតសរសើ ដោយប្រើអាវុធការទូត និងអាវុធច្បាប់អន្តរជាតិដ៏មុតស្រួចនិងមានប្រសិទ្ធិភាពដ៏ស្ងៀមស្ងាត់មួយនេះ ក្នុងការបដិសេធនិងធ្វើពហិការមិនប្រើទំនិញសៀម ដែលនេះជាការវាយប្រហារត្រឡប់វិញតាមរបៀបជាប្រជាជននៃប្រទេសស៊ីវីល័យ ឆ្លាតវៃ ដែលអាចធ្វើឲ្យថៃរបួសនឹងបាត់បង់ជំហរសេដ្ឋកិច្ចក្នុងស្រុករបស់ខ្លួនក៏ថាបាន ពេលនេះទើបដឹងថា ភាពក្រអើតក្រទមនៃការបិទព្រំដែនជាឯកតោភាគីរបស់ថៃនោះបានប្រឈមមុខនឹងការលំបាក ប៉ះពាល់ដល់សេដ្ឋកិច្ចនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋថៃ យ៉ាងណាខ្លះ ។
វាគួរឱ្យអាម៉ាស់ខ្លាំងណាស់ ថៃជាអ្នកចាប់ផ្តើមសង្គ្រាមឈ្លានពានកម្ពុជា ប៉ុន្តែបែរជាត្រឡប់មកត្អូញត្អែរ អះអាងថាកម្ពុជាជាអ្នកធ្វើឲ្យសេដ្ឋកិច្ចរបស់ថៃធ្លាក់ចុះទៅវិញ។ តែតាមពិតទៅ ប្រសិនបើថៃមិនរារាំងពាណិជ្ជកម្មឆ្លងកាត់ព្រំដែនដោយការបិទព្រំដែនជាឯកតោភាគី មិនរំលោភសិទ្ធិប្រជាជនកម្ពុជា មិនធ្វើសង្គ្រាមឈ្លានពានលើទឹកដីកម្ពុជា នោះប្រជាពលរដ្ឋកម្ពុជាឯណាចង់ទៅបដិសេធទំនិញថៃ? ជំហរកម្ពុជានៅតែច្បាស់លាស់ សូមកុំអះអាងថាជាអ្នកជិតខាង ឬជាប្រទេសអ្នកមាន បើនៅតែគឃ្លើន និងឈ្លានពានកម្ពុជាមិនចេះអៀនខ្មាស់នោះ កម្ពុជានឹងនៅតែប្រើដំបងពហិការនេះវាយសំពងរដ្ឋាភិបាលថៃជាពិសេស គឺអង្រួនកៅអីរបស់ Anutin រហូតដល់ដួលរលំនិងមិនអាចក្រោកងើបឈរបានបន្តទៀតនៅពេលបោះឆ្នោតនាពេលខាងមុខបានឡើយ និងថែមទាំងបន្តធ្វើពហិការនេះដោយមិនដកដៃដដែល “កម្ពុជាតូចតែតាន់”។
មេរៀន និងបទពិសោធនៃការឈឺចាប់ដោយអំពើឈ្លានពានមកលើកម្ពុជាថៃត្រូវរៀនយល់ពីកម្ពុជាឲ្យច្បាស់ កម្ពុជាអាចសង្គ្រោះសេដ្ឋកិច្ចថៃបានប្រសិនបើថៃឈប់គឃ្លើនឈប់បង្ករសង្គ្រាម និងឈប់ឈ្លានពានកម្ពុជា ជាពិសេស គឺត្រូវគោរពបទឈប់បាញ់ និងMOU ឆ្នាំ២០០០។សម្រាប់ប្រជាជនកម្ពុជាការបោះបង់និងធ្វើពហិការទំនិញថៃគឺជាវិធីសាស្ត្រស្តាប់ទៅសាមញ្ញប៉ុន្តែជាបញ្ហាធំសម្រាប់ថៃទាំងពេលនេះនឹងទៅអនាគត។ ប៉ុន្តែ ទោះយ៉ាងណា សម្រាប់សេដ្ឋកិច្ចនិងកត្តាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជាវិញ នៅទូទាំងប្រទេស នឹងមិនមានវិបត្តិ ដួលរលំ ដោយសារមិនប្រើទំនិញថៃ ដូចមេដឹកនាំ និងយោធាថៃ លើកឡើងបំភ្លៃខុសពីការពិតនោះឡើយ៕
ដោយ៖ ពិន វិជ័យ – អ្នកសិក្សាវិទ្យាសាស្ត្រនយោបាយ