Khmer First Close

សម្តេចតេជោ ហ៊ុន សែន រំលឹកអំពីប្រវត្តិនៃការចរចាជាមួយ សម្តេចឪ ជាច្រើនដង មុននឹងឈានចូលដល់ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣តុលា​

ដោយ៖ សម្បត្តិ កិត្យា ​​ | 16 ម៉ោងមុន ព័ត៌មានជាតិ 182
សម្តេចតេជោ ហ៊ុន សែន រំលឹកអំពីប្រវត្តិនៃការចរចាជាមួយ សម្តេចឪ ជាច្រើនដង មុននឹងឈានចូលដល់ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣តុលា​ សម្តេចតេជោ ហ៊ុន សែន រំលឹកអំពីប្រវត្តិនៃការចរចាជាមួយ សម្តេចឪ ជាច្រើនដង មុននឹងឈានចូលដល់ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣តុលា​

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ​ប្រធានព្រឹទ្ធសភាកម្ពុជា និងជាស្ថាបនិកនៃកិច្ចចរចាស្វែងរកសុខសន្តិភាពសម្រាប់កម្ពុជា បានរំលឹកឡើងវិញពីប្រវត្តិនៃការចរចាជាមួយព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ជាច្រើនដង មុននឹងឈានចូលដល់ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣តុលា ដែលបានដោះស្រាយ​ជម្លោះនៅកម្ពុជា។

​ក្នុងនាមជាម្ចាស់ហត្ថលេខីនៃកិច្ចចរចាសន្តិភាពទីក្រុងប៉ារីស ​សម្តេចតេជោ ហ៊ុន សែន រំលឹកថា ជំនួបលើកដំបូងរវាងសម្តេច និងសម្តេចព្រះបរមតនកោដ្ឋ នៅ FERE-EN-TARDENOIS នាថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៨៧ ​ដែលជាការចាប់ផ្តើមនៃការចរចាឆ្ពោះទៅរកសន្តិភាព​។

សម្តេចតេជោបានគូសបញ្ជាក់ថា ក្នុងការឈានទៅដល់ការចុះកិច្ចព្រមព្រៀងនេះ ត្រូវបានធ្វើឡើងជាច្រើនដង ​និងច្រើ​នទីកន្លែង រួមមាននៅ ប្រទេសបារាំង ឥណ្ឌូនេស៊ី ប៉េកាំង ថៃ ញ៉ូវយ៉ក​ថែមទៀត។ ​បើទោះបីជាមានឧបសគ្គយ៉ាងណាក៏ដោយ ប៉ុន្តែសម្តេចមិនដែលបោះបង់ការចរចានេះទេ ​និងព្យាយាមធ្វើការចរចាជាបន្តបន្ទាប់។

​សម្តេចក៏បានលើកឡើងផងដែរ ពីវត្តមានរបស់បុគ្គល២រូប ដែលបាន​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​ចូលរួម​រៀបចំ​ឲ្យ​មាន​សន្តិភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា​ គឺ ​លោក​ស្រី​ពុង ឈីវហ្គេច និងសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែលជាអ្នកធ្វើការទំនាក់ទំនង។

សម្តេចបានរំលឹកបន្ថែមថា ក្នុងពេលនោះ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ហាក់មានការលំបាកដោយសារភាគីខ្មែរក្រហម ក៏ជំទាស់ ភាគីលោក សឺន សាន ក៏ជំទាស់ ស្របពេលបណ្តាប្រទេសមួយចំនួនទៀត ក៏ជំនាស់ផងដែរ។ ប៉ុន្តែយ៉ាងណាក៏ដោយ សម្តេចតេជោបានបញ្ជាក់ថា «ភ្នំមិនអាចជួបគ្នាបានទេ ប៉ុន្តែមនុស្សអាចជួបគ្នាបាន ឱ្យតែមានឆន្ទៈ​។ ការជួបគ្នាមួយដែលគ្រប់គ្នាច្រើនតែនិយាយថា ២ធ្នូ FERE-EN-TARDENOIS ​នោះគឺជាការចាប់ផ្តើមនៃដំណើរឆ្ពោះទៅរកសន្តិភាព មិនមែនបញ្ហាកើតឡើងនៅថ្ងៃទី២៣ តុលានោះទេ សូមបញ្ជាក់ជូន»។

​សម្តេចតេជោ ហ៊ុន សែន ​រំលឹកអំពីប្រវត្តិនៃការចរចាស្វែងរកសន្តិភាពបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេច​ដឹកនាំកិច្ចប្រជុំព្រឹទ្ធសភា នីតិកាលទី៥ សម័យប្រជុំលើកទី៤ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥។

ទន្ទឹមគ្នានេះ សម្តេចតេជោ ​មានប្រសាស៍ទៀតថា ​បន្ទាប់ពីការចុះហត្ថលេខារួច រដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចជាប្រធានក្រុមប្រឹក្សារដ្ឋមន្រ្តី ឬហៅថានាយករដ្ឋមន្រ្តី ត្រូវទទួលខុសត្រូវទាំងអស់លើបញ្ហា​ រួមទាំងការស្នាក់នៅ​ សន្តិសុខនានា របស់បណ្តាភាគីដែលចូលមកអនុវត្តការចរចាកិច្ចព្រមព្រៀងទីក្រុងបារីស។

សូមជម្រាបថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ត្រូវបានចុះហត្ថលេខា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១​៩៩១​ ដើម្បីរកដំណោះស្រាយនយោបាយរួមមួយនៃជម្លោះកម្ពុជា។ មកដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ គឺជាខួបលើកទី៣៤ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ ​

ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ត្រូវបានធ្វើឡើងរវាងភាគីខ្មែរ ៤ភាគីរួមមាន រួមមានក្រុមសម្តេចសីហនុនិយម មានសម្តេច សីហនុ ជាព្រះប្រធាន, ក្រុមអ្នកជាតិនិយមរបស់លោកតា សឺន សាន ក្រុមខ្មែរក្រហមរបស់ ប៉ុល ពត និងរដ្ឋកម្ពុជា របស់សម្តេចសម្តេច ជា ស៊ីម ហេង សំរិន និងសម្តេចតេជោ ហ៊ុន សែន ដោយមានប្រទេសបារាំង និងឥណ្ឌូនេស៊ីជាសហប្រធាន និងមានការដឹងឮពីប្រមុខការទូត នៃប្រទេសមួយចំនួនទៀតមានដូចជា៖ អាមេរិក, អង់គ្លេស, សូវៀត, ចិន, វៀតណាម, ឡាវ, ថៃ, សិង្ហបុរី, ម៉ាឡេស៊ី, ហ្វីលីពីន, ប្រ៊ុយណេ, យូហ្គោស្លាវី, ឥណ្ឌា, ជប៉ុន, កាណាដា និងអូស្រ្តាលី។

កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រនេះ មានគោលដៅសំខាន់ៗ បីយ៉ាងរួមមាន៖ ទី១. រៀបចំឲ្យមានសន្តិភាពឡើងវិញនៅប្រទេសកម្ពុជា តាមរយៈការអនុវត្តន៍បទឈប់បាញ់ និងការរំសាយអាវុធក្នុងជួរកងទ័ព នៃភាគីជម្លោះខ្មែរទាំង៤ ទី២. ចាក់គ្រឹះលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា តាមរយៈការរៀបចំបោះឆ្នោតសភាធម្មនុញ្ញ និង ទី៣. ការពារអធិបតេយ្យ ឯករាជ្យ បូរណភាព និង ភាពពុំអាចរំលោភបំពានបានឡើយនូវទឹកដីអព្យាក្រឹតភាព និងឯកភាពជាតិរបស់ប្រទេសកម្ពុជា៕

អត្ថបទទាក់ទង