Khmer First Close

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត អញ្ជើញបើកសិក្ខាសាលាស្តីពីប្រព័ន្ធច្បាប់កម្ពុជា

ដោយ៖ សម្បត្តិ កិត្យា ​​ | 4 ម៉ោងមុន ព័ត៌មានជាតិ 213
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត អញ្ជើញបើកសិក្ខាសាលាស្តីពីប្រព័ន្ធច្បាប់កម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត អញ្ជើញបើកសិក្ខាសាលាស្តីពីប្រព័ន្ធច្បាប់កម្ពុជា

(សៀមរាប)៖ នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ បានអញ្ជើញបើកសិក្ខាសាលាស្តីពី “ប្រព័ន្ធច្បាប់កម្ពុជា” ដែលប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ នៅខេត្តសៀមរាប។ សិក្ខាសាលានេះ ត្រូវបានរៀបចំដោយគណៈកម្មាធិការកែទម្រង់ច្បាប់ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ បញ្ញវន្ត សាស្ត្រាចារ្យ និងអ្នកស្រាវជ្រាវផ្នែកនីតិសាស្ត្រ ប្រវត្តិវិទ្យា បុរាណវិទ្យា អារ្យធម៌ វប្បធម៌ អ្នកប្រកបវិជ្ជាជីវៈច្បាប់ និងភាគីពាក់ព័ន្ធក្នុងវិស័យច្បាប់កម្ពុជា និងអន្តរជាតិ ព្រមទាំងសាស្រ្តាចារ្យ និងអ្នកជំនាញច្បាប់បរទេសអញ្ជើញមកពីប្រទេសអាមេរិក អង់គ្លេស កាណាដា ជប៉ុន ចិន និងម៉ាឡេស៊ីផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត មានប្រសាសន៍ថា សិក្ខាសាលារយៈពេល២ថ្ងៃនេះ គឺជាវេទិកាមួយដែលនឹងផ្តល់ឱកាសដល់យើងទាំងអស់គ្នា បានមកជួបជុំ ជជែក វែកញែក ពិភាក្សា ចែករំលែកគំនិត ទស្សនៈ បទពិសោធជាក់ស្តែង និងផ្តល់ធាតុចូលជាមតិយោបល់ និងជាពិសេសអត្ថបទស្រាវជ្រាវ តាមប្រធានបទនីមួយៗ ដែលបានចងក្រងរហូតដល់ទៅ ២០ឯកសារ និងការវិវត្តនៃប្រព័ន្ធច្បាប់ធំៗ លើសកលលោក ដំណើរវិវត្តនិងស្ថានភាពនៃប្រព័ន្ធច្បាប់កម្ពុជា ការកំណត់អត្តសញ្ញាណនៃប្រព័ន្ធច្បាប់កម្ពុជា និងឈានឆ្ពោះទៅរកបូរណភាពនៃប្រព័ន្ធច្បាប់កម្ពុជា ស្របទៅតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក៏ដូចជាដើម្បីរួមចំណែករៀបចំក្របខ័ណ្ឌនៃការកសាងវប្បធម៌នីតិរដ្ឋនៅកម្ពុជា ដោយក្នុងនោះ ម្ខាងគឺការកសាងប្រព័ន្ធច្បាប់ ដែលបង្កប់នូវទស្សនវិជ្ជានីតិរដ្ឋ និងគុណតម្លៃផ្នែកសីលធម៌ និយាមសង្គម ប្រពៃណី និងទំនៀមទម្លាប់របស់កម្ពុជា និងម្ខាងទៀត គឺការកសាងវប្បធម៌នីតិរដ្ឋ។ ឯកឧត្តមបន្តថា កិច្ចខិតខំប្រឹងប្រែងរួមនេះ ឆ្លុះបញ្ចាំងអំពីឆន្ទៈ និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការធ្វើកំណែរទម្រង់ប្រព័ន្ធច្បាប់ និងការសិក្សាស្រាវជ្រាវអំពីច្បាប់។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ដែរថា សិក្ខាសាលាអំពីប្រព័ន្ធច្បាប់របស់កម្ពុជានាថ្ងៃនេះ ក៏គឺជាការពិភាក្សា និងការរួមចំណែកក្នុងការកសាងមូលដ្ឋានគ្រឹះមួយសម្រាប់គាំទ្រដល់ការអភិវឌ្ឍកម្ពុជា ឱ្យក្លាយប្រជាជាតិមួយទោះបីតូច ប៉ុន្តែរឹងមាំទាំងផ្នែកច្បាប់ នយោបាយ សេដ្ឋកិច្ច និងមានការអភិវឌ្ឍ និងមានប្រជាជនខ្លាំង ធូរធារ មានសេរីភាព មានសីលធម៌ មានការប្រកួតប្រជែង មានការគោរពគ្នាទៅវិញទៅមក ព្រមទាំងមានស្ថាប័នដែលខ្លាំង ទាំងស្ថាប័នច្បាប់ ស្ថាប័ន​ទីផ្សារ ប្រជាធិបតេយ្យ និងស្ថាប័នសំខាន់ៗផ្សេងទៀត។

ឯកឧត្តម វង្សី វិស្សុត បានបន្តលើកឡើងថា ការលើកកម្ពស់ និងពង្រឹងប្រសិទ្ធភាពច្បាប់ គឺជាអាទិភាពគន្លឹះមួយ ក្នុងចំណោមអាទិភាពគន្លឹះទាំង៥ នៃ «ការកែទម្រង់និងការពង្រឹងអភិបាលកិច្ច» នៃយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ស្វាហាប់ និងប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមបានសង្កត់ធ្ងន់ថា យុទ្ធសាស្ត្រនេះពុំត្រឹមតែជាឯកសារបង្ហាញផ្លូវប៉ុណ្ណោះទេ តែក៏ជាចក្ខុវិស័យវែងឆ្ងាយដើម្បីកសាងសង្គមកម្ពុជាមួយដែលរឹងមាំ ប្រកបដោយបរិយាបន្ន និងអភិវឌ្ឍន៍ ដែលផ្អែកលើច្បាប់។ ជាក់ស្តែង ស្នូលនៃយុទ្ធសាស្ត្របញ្ចកោណបានកំណត់យ៉ាងច្បាស់អំពី តួនាទីច្បាប់ និងស្ថានប័នដែលជាឆ្អឹងខ្នងនៃការអភិវឌ្ឍប្រកបដោយចីរភាព។

ឯកឧត្តម វង្សី វិស្សុត បានលើកឡើងផងដែរថា នៅក្នុងបរិបទនៃទំនើបភាវូបនីយកម្ម និងសកលភាវូបនីយកម្ម ដែលមិនមានភាពច្បាស់លាស់ ដែលយើងមិនដឹងច្បាស់ថាជា reset of globalization ឬក៏ deglobalization យើងត្រូវមានប្រព័ន្ធច្បាប់មួយល្អ ដែលមានភាពធន់ទៅនឹងការ​​វិវត្តនៃស្ថានភាពសកលទាំងនេះ។ ក្នុងស្មារតីនេះ និងក្នុងនាមយើងជារដ្ឋមួយ នៃ Global Community ការកសាងប្រព័ន្ធច្បាប់ ត្រូវផ្សារភ្ជាប់ជាមួយគុណតម្លៃសកល ដែលត្រូវមានភាពបត់បែន និងនវានុវត្តន៍ទៅតាមវឌ្ឍនភាពថ្មីៗ ទាំងក្នុងទិដ្ឋភាពបច្ចេកវិទ្យា និងបរិការណ៍ផ្សេងៗទៀត។ ប៉ុន្តែស្របជាមួយគ្នានេះ ក្នុងនាមជាជាតិមួយដែលមានអាយុកាល ២០០០ឆ្នាំ ប្រព័ន្ធច្បាប់របស់យើង ក៏ត្រូវមានបង្កប់នូវអត្តសញ្ញាណ និងគុណតម្លៃជាតិកម្ពុជាយើងផងដែរ។

ឯកឧត្តម វង្សី វិស្សុត បានបន្តថា បច្ចុប្បន្នប្រព័ន្ធច្បាប់កម្ពុជានាពេលបច្ចុប្បន្ន មានភាពចម្រុះ និងច្រើនស្រទាប់ ដែលលាយឡំដោយច្បាប់បែបប្រពៃណីផង ច្បាប់បែបទំនើបផង ជាមួយទស្សនវិជ្ជាផ្សេងៗដែលបាននិងកំពុងស្ថិតនៅជាមួយគ្នាដោយសុខដុមនីយកម្មខ្លះ ដោយបដិវាទកម្ម/អសង្គតិភាពខ្លះ និងដោយស្រពិចស្រពិលខ្លះដោយមិនត្រូវបានយកមកអនុវត្ត ដ្បិតមិនឆ្លើយតបទៅនឹងស្ថានភាពជាក់ស្តែងរបស់សង្គមជាតិ។ ឯកឧត្តមបានបន្តថា ដូចប្រទេសជាច្រើននៅក្នុងតំបន់ដែរ ប្រព័ន្ធច្បាប់កម្ពុជាបានចាប់ផ្តើមឡើងតាមរយៈការបន្សាំពីច្បាប់អន្តរជាតិ ឬ ច្បាប់បរទេសតាមរយៈឥទ្ធិពលអាណានិគម និងការចូលរួមក្នុងប្រព័ន្ធអន្តរជាតិ និងការកសាងប្រទេសឡើងវិញក្រោយសង្គ្រាម។ ទោះជាយ៉ាងណាក៏ដោយ កម្ពុជាបានឆ្លងផុតដំណាក់កាលនេះ ដោយឈានដល់ដំណាក់កាលថ្មីនៃប្រវត្តិសាស្ត្រជាតិ តាមរយៈការចាប់ផ្តើមបង្កើតអត្តសញ្ញាណប្រព័ន្ធច្បាប់របស់ខ្លួនដែលឆ្លុះបញ្ចាំងអំពីគុណតម្លៃ បរិការណ៍ និងចក្ខុវិស័យរបស់ជាតិ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានបន្តថា កិច្ចការរបស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ដែលត្រូវបានបង្កើតឡើងកាលពីដើមឆ្នាំ២០២៤ រួមទាំងតួអង្គពាក់ព័ន្ធទាំងអស់ គឺប្រែក្លាយក្របខ័ណ្ឌច្បាប់ពីបរទេសដែលបានបន្សាំកន្លងមក ឱ្យក្លាយទៅជាប្រព័ន្ធច្បាប់មួយដែលមានសុខុដុមនីយកម្ម ឯកសណ្ឋានភាវូបនីយកម្ម និងឈានទៅដល់បូរណភាពនៃប្រព័ន្ធច្បាប់ទាំងមូល ដែលបញ្ជាក់អំពីអត្តសញ្ញាណច្បាស់លាស់របស់កម្ពុជា ដោយពុំគ្រាន់តែចម្លងពីបរទេសនោះឡើយ។ ក្នុងន័យនេះ ការរៀបចំប្រព័ន្ធច្បាប់ត្រូវផ្អែកទៅលើគុណតម្លៃ បរិការណ៍ និងចក្ខុវិស័យរបស់ជាតិ ព្រមទាំងគុណតម្លៃសកល ឧត្តមានុវត្តន៍អន្តរជាតិ និងកាតព្វកិច្ចអន្តរជាតិ ដោយរក្សាអត្តសញ្ញាណជាតិ ដូចមានកំណត់ក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្រនៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល ដើម្បីបម្រើឱ្យការអភិវឌ្ឍនិងកសាងជាតិ ក្នុងរយៈពេលវែង ឆ្ពោះទៅកាន់ចក្ខុវិស័យឆ្នាំ២០៥០ របស់កម្ពុជា។

អត្ថបទទាក់ទង