សមិទ្ធផលមួយចំនួន នៅបញ្ជាការដ្ឋានកងពលតូចលេខ៧០ ត្រូវបានបើកសម្ពោធ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន
សម្តេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃចន្ទ ៩រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០២៣នេះ អញ្ជើញសម្ពោធសមិទ្ធផលមួយចំនួន នៅទីបញ្ជាការដ្ឋានកងពលតូចលេខ៧០។
សូមជម្រាបថា សមិទ្ធផលដែលជាចំណងដៃដ៏ថ្លែថ្លារបស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់កងពលតូចលេខ៧០ រួមមាន៖
១៖ អគារមន្ទីរពេទ្យ «មរតកតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចោមចៅ» អគារទី១ មានរាងជាអក្សរ (L) កម្ពស់ ០៤ជាន់ មានទំហំ ១៥.១០ម៉ែត្រX៤៣.៨០ម៉ែត្រ អគារទី២ មានកម្ពស់៣ជាន់ ទំហំ៧.៧០ម៉ែត្រX២៨.១០ម៉ែត្រ មានបំពាក់ឧបករណ៍ទំនេីបដូចជា ម៉ាស៊ីនអេកូ ម៉ាស៊ីនថតX-Ray ឧបករណ៍ពិនិត្យឈាម និងបន្ទប់វះកាត់ស្រាល-មធ្យម។
២៖ អគារពហុបំណង មានកម្ពស់០៣ជាន់ ទំហំ១៩ម៉ែត្រ x ៧១ម៉ែត្រ ដែលមានសាលប្រជុំ ចំណតរថយន្ត បន្ទប់ស្នាក់នៅទ័ពពិសេស និងមានបំពាក់ជណ្តេីរយន្ត។
៣៖ អគារប្រពៃណី តេជោសន្តិភាព មានទំហំ ១២,៦ម៉ែត្រ x ៤៥ម៉ែត្រ។
៤៖ អគារស្នាក់នៅសម្រាប់ទ័ពពិសេស និងកងសង្រ្គោះ(នារី) កម្ពស់០៣ជាន់ មានទំហំ ១៤ម៉ែត្រ x ៤៦ម៉ែត្រ។
សូមបញ្ជាក់ថា កងពលតូចលេខ៧០ បានកើតចេញពីវរសេនាតូចលេខ៧១ ក្រោយមកកែសម្រួលទៅជាវរសេនាធំលេខ៧០ ដែលមានភារកិច្ចការពារថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ និងអន្តរជាតិ គោលដៅសំខាន់ៗ និងការពារក្បួនដឹកសម្ភារៈរបស់ក្រសួងការពារជាតិ។ កងពលតូចលេខ៧០ ក៏ជាតម្រួតយោធា ដែលមានតួនាទីត្រួតពិនិត្យរាល់វិន័យសណ្តាប់ធ្នាប់របស់យោធិន និងសហការជាមួយកម្លាំងមានសមត្ថកិច្ច ដើម្បីការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម នៅក្នុងទីក្រុងភ្នំពេញ។ឆ្លងកាត់បទពិសោធន៍ និងស្នាដៃដែលសម្រេចបាន វរសេនាធំលេខ៧០ ត្រូវបានកែសម្រួលជាកងពលតូចថ្មើរជើងលេខ៧០ ស្ថិតក្រោមបញ្ជាផ្ទាល់របស់អគ្គសេនាធិការតាមអនុក្រិត្យលេខ៥១ ចុះថ្ងៃទី១៥ ខែតុលា ឆ្នាំ១៩៩៤ របស់រាជរដ្ឋាភិបាលកម្ពុជា។
កងពលតូចថ្មើរជើងលេខ៧០ ត្រូវបានផ្ទេរក្របខណ្ឌពីអគ្គបញ្ជាការដ្ឋាន មកក្រោមចំណុះផ្ទាល់បញ្ជាការដ្ឋានកងទ័ពជើងគោក តាមប្រកាសលេខ២៥៤ក.រ/៩១៨ ចុះថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨ របស់ក្រសួងការពារជាតិ ដើម្បីចាប់ផ្តើមកំណែទម្រង់កងយោធពលខេមរភូមិន្ទ ហើយបានកែសម្រួលឈ្មោះពីកងពលតូចថ្មើរជើងលេខ៧០ មកកងពលតូចលេខ៧០ តាមប្រកាសលេខ ៥៤២ម.ឈ/០៥១៩ ចុះថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ របស់ក្រសួងការពារជាតិ៕