Khmer First Close

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតបានសាកសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋខ្មែរស្លូតត្រង់ ចំនួន៣រូប ដែលបានរងរបួសដោយការបាញ់ប្រហារពីយោធាថៃនៅភូមិព្រៃចាន់

ដោយ៖ សម្បត្តិ កិត្យា ​​ | ម្សិលមិញ ម៉ោង 13:22 pm ព័ត៌មានជាតិ 226
សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតបានសាកសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋខ្មែរស្លូតត្រង់ ចំនួន៣រូប ដែលបានរងរបួសដោយការបាញ់ប្រហារពីយោធាថៃនៅភូមិព្រៃចាន់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតបានសាកសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋខ្មែរស្លូតត្រង់ ចំនួន៣រូប ដែលបានរងរបួសដោយការបាញ់ប្រហារពីយោធាថៃនៅភូមិព្រៃចាន់

យោងតាមការបង្ហោះផ្សាយនៅលើបណ្តាញសង្គមនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន បានចុះទៅសាកសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋខ្មែរស្លូតត្រង់ ចំនួន៣រូប ដែលបានរងរបួសដោយការបាញ់ប្រហារពីយោធាថៃនៅភូមិព្រៃចាន់ កាលពីថ្ងៃរសៀលថ្ងៃ១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោយពីបានយកមកពិនិត្យ និងព្យាបាលបន្តនៅមន្ទីរពេទ្យកាល់ម៉ែត្រ រាជធានីភ្នំពេញ បន្ទាប់ពីធ្វើការវះកាត់ដោយជោគជ័យសង្គ្រោះជីវិតនៅមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុន មង្គលបុរី ខេត្តបន្ទាយមានជ័យរួចមក។

ទន្ទឹមនេះដែរ សម្តេចធិបតីបានអរគុណដល់អាជ្ញាធរមូលដ្ឋាន កងកម្លាំងសមត្ថកិច្ចដែលបានចាត់វិធានការលឿនរហ័សក្នុងការអន្តរាគមន៍ជួយសង្គ្រោះដល់បងប្អូនប្រជាពលរដ្ឋយើង ដែលរស់នៅទីនោះ ជាពិសេសអ្នករបួស ដោយជួយចាត់ចែងដឹកជញ្ជូនមកពិនិត្យ សង្គ្រោះនៅមន្ទីរពេទ្យបានទាន់ពេលវេលា។

ព្រមជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏ថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យ បុគ្គលិកសុខាភិបាលទាំងអស់នៅមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុន មង្គលបុរី ខេត្តបន្ទាយមានជ័យ ដែលបានយកចិត្តទុកដាក់ធ្វើការវះកាត់ជួយសង្គ្រោះជីវិតបងប្អូនប្រជាជនខ្មែរស្លូតត្រង់របស់យើងទាំង៣រូប ប្រកបដោយជោគជ័យ និងសូមជូនពរដល់បងប្អូនទាំងអស់ដែលកំពុងសម្រាកព្យាបាលឆាប់ជាសះស្បើយ និងរឹងមាំឡើងវិញ។

ឆ្លៀតក្នុងឱកាសនេះ សម្តេចធិបតីក៏ចូលរួមរំលែកទុក្ខសារជាថ្មីជូនដល់ក្រុមគ្រួសារសពប្អូនប្រុស ឌី ណៃ ដែលបានទទួលមរណ:ភាពនៅក្នុងឧប្បទ្ទវហេតុនៃការបាញ់ប្រហារនេះ និងសូមវិញាណក្ខន្ធរបស់ប្អូនបានទៅកាន់សុខគតិភពកុំបីឃ្លាងឃ្លៀតឡើយ។
គួរបញ្ជាក់ផងដែរថា កម្ពុជានៅតែប្រកាន់យកជំហរក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី ព្រោះថាការដោះស្រាយដោយអំពើហឹង្សា ឬប្រើប្រាស់កម្លាំងប្រដាប់អាវុធ គឺមិនផ្តល់ផលប្រយោជន៍ណាមួយ ឬមិនបង្កលក្ខណ:វិជ្ជមានសម្រាប់ការដោះស្រាយបញ្ហា ព្រមទាំងបង្កហានិភ័យគ្រោះថ្នាក់អាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់ថែមទៀត៕

អត្ថបទទាក់ទង