Khmer First Close

ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បានចុះដល់មន្ទីរពេទ្យកម្ពុជា-ជប៉ុនមង្គលបុរីដើម្បីពិនិត្យប្រជាជនរងរបួសនិងចូលរួមពិនិត្យការធ្វើកោសល្យវិច័យលើសពជនរងគ្រោះដោយសារការបាញ់ប្រហាររបស់យោធាថៃ

ដោយ៖ សម្បត្តិ កិត្យា ​​ | 17 ម៉ោងមុន ព័ត៌មានអន្តរជាតិ 214
ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បានចុះដល់មន្ទីរពេទ្យកម្ពុជា-ជប៉ុនមង្គលបុរីដើម្បីពិនិត្យប្រជាជនរងរបួសនិងចូលរួមពិនិត្យការធ្វើកោសល្យវិច័យលើសពជនរងគ្រោះដោយសារការបាញ់ប្រហាររបស់យោធាថៃ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បានចុះដល់មន្ទីរពេទ្យកម្ពុជា-ជប៉ុនមង្គលបុរីដើម្បីពិនិត្យប្រជាជនរងរបួសនិងចូលរួមពិនិត្យការធ្វើកោសល្យវិច័យលើសពជនរងគ្រោះដោយសារការបាញ់ប្រហាររបស់យោធាថៃ

យោងតាមការបង្ហោះផ្សាយនៅក្នុងបណ្ដាញសង្គមរបស់ក្រសួងការពារជាតិនៅល្ងាចថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជាបានគូសបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ០៨:៣០នាទីព្រឹក ក្រុមការងារសម្របសម្រួលអ្នកសង្កេតការណ៍របស់ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) អញ្ជើញមកដល់មន្ទីរពេទ្យកម្ពុជា-ជប៉ុនមង្គលបុរី ដើម្បីពិនិត្យប្រជាជនស៊ីវិលកម្ពុជាដែលត្រូវបានរងរបួសដោយសារការបាញ់ប្រហារ។

បន្ទាប់មកក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក៏បានចូលរួមពិនិត្យការធ្វើកោសល្យវិច័យរបស់សមត្ថកិច្ចជំនាញកម្ពុជាលើសពជនរងគ្រោះដែលបាត់បង់ជីវិត ឈ្មោះ ឌី ណៃ ហៅសល់ ភេទប្រុស អាយុ៣៦ឆ្នាំ ស្នាក់នៅភូមិព្រៃចាន់ ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពរបស់ជនរងគ្រោះនិងផលប៉ះពាល់ដោយសារហេតុការណ៍ដែលកងកម្លាំងយោធាថៃបានបើកការបាញ់ប្រហារយ៉ាងកំរោលដោយគ្មានហេតុផលមកលើប្រជាពលរដ្ឋស៊ីវិលកម្ពុជា នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។

គួររំលឹកផងដែរថា នៅក្នុងហេតុការណ៍យោធាថៃបានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋស៊ីវិលកម្ពុជានោះ ចំនួនពីរលើក និងបានបង្កឱ្យប្រជាជនស៊ីវិលកម្ពុជារងរបួសសរុបចំនួន០៣នាក់ និងបាត់បង់ជីវិតចំនួន ០១នាក់។

កម្ពុជាអំពាវនាវឱ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ដែលគំរាមកំហែងដល់សន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់។ ទន្ទឹមនឹងនេះ កម្ពុជាអំពាវនាវឱ្យភាគីថៃងាកមកគោរពកិច្ចព្រមព្រៀមបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព និងកាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ។

ព្រះរាជាណាចក្រកម្ពុជា សូមឱ្យមានការបើកការស៊ើប អង្កេតដោយឯករាជ្យលើករណីនេះនិងសូមអំពាវនាវឱ្យមានការចូលរួមពីភាគីបរទេសដែលមានជំនាញដើម្បីស្វែងរកការពិត ការទទួលខុសត្រូវ និងផ្តល់យុត្តិធម៌ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារការបាញ់ប្រហាររបស់យោធាថៃមកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជា។

កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ហើយប្រឆាំងនឹងការគំរាម ឬការប្រើប្រាស់កម្លាំងសំដៅស្វែងរកដំណោះស្រាយមួយដែលយុត្តិធម៌ ត្រឹមត្រូវ យូរអង្វែង និងស្របតាមច្បាប់អន្តរជាតិ៕

អត្ថបទទាក់ទង