Khmer First Close

អតីតអភិបាលខេត្តប៉ៃលិនបញ្ជាក់ថា អ្វីដែល អ៊ុ សំអាន សរសេរគឺជាការប្រឌិតទាំងស្រុង និងមានចរិតញុះញង់ដើម្បីបង្ករឿង និងកេងចំណេញនយោបាយក្នុងចេតនាបង្កចលាចលសង្គម

ដោយ៖ សម្បត្តិ កិត្យា ​​ | ម្សិលមិញ ម៉ោង 13:59 pm ព័ត៌មានជាតិ 245
អតីតអភិបាលខេត្តប៉ៃលិនបញ្ជាក់ថា អ្វីដែល អ៊ុ សំអាន សរសេរគឺជាការប្រឌិតទាំងស្រុង និងមានចរិតញុះញង់ដើម្បីបង្ករឿង និងកេងចំណេញនយោបាយក្នុងចេតនាបង្កចលាចលសង្គម អតីតអភិបាលខេត្តប៉ៃលិនបញ្ជាក់ថា អ្វីដែល អ៊ុ សំអាន សរសេរគឺជាការប្រឌិតទាំងស្រុង និងមានចរិតញុះញង់ដើម្បីបង្ករឿង និងកេងចំណេញនយោបាយក្នុងចេតនាបង្កចលាចលសង្គម

យោងតាមការបង្ហោះផ្សាយនៅលើបណ្តាញសង្គមនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា ឯកឧត្តម អ៊ី ឈាន ទេសរដ្ឋមន្ត្រី និងជាអតីតអភិបាលខេត្តប៉ៃលិន បានឆ្លើយតបនឹងការផ្សាយព័ត៌មានមិនពិតរបស់បុគ្គល អ៊ុ សំអាន ដែលជាប់ចោទពីបទក្បត់ជាតិ និងធ្លាប់ជាប់គុកដោយសារតែប្រើផែនទីក្លែងក្លាយ ដោយឯកឧត្តមបានសរសេរនៅលើហ្វេសប៊ុករបស់ឯកឧត្តមដូច្នេះថា៖

ខ្ញុំបាទឃើញគណនីហ្វេសប៊ុកឈ្មោះ Um Sam An បានសរសេរព័ត៌មានដោយលើកឈ្មោះខ្ញុំមកពាក់ព័ន្ធដោយលើកឡើងថា «លោក អ៊ី ឈាន អតីតអភិបាលខេត្តប៉ៃលិនធ្លាប់និយាយថា ថៃបានបង្ខិតចូលដីខ្មែររាប់រយម៉ែត្រនៅតំបន់ Pong Nam Ron ជាប់ស្រុកកំរៀងនេះ។ ព្រំដែនចាស់ មិនមែនស្ថិតនៅព្រំដែនបច្ចុប្បន្ននេះទេ។ ប៉ុន្តែឥឡូវនេះ កម្ពុជាទទួលស្គាល់ព្រំដែនថ្មីគឺធ្វើអោយបាត់បង់ទឹកដីខ្មែរជាច្រើនគីឡូម៉ែត្រការ៉េនៅតំបន់នោះ»។

ចំពោះករណីនេះ ខ្ញុំសូមបញ្ជាក់ជូនបងប្អូនជនរួមជាតិថា អ្វីដែល អ៊ុ សំអាន សរសេរនេះគឺជាការប្រឌិតទាំងស្រុង និងមានចរិតញុះញង់ដើម្បីបង្ករឿង និងកេងចំណេញនយោបាយក្នុងចេតនាបង្កចលាចលសង្គម និងការយល់ច្រឡំមកលើកិច្ចការព្រំដែន ដែលរាជរដ្ឋាភិបាល និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC) កម្ពុជាកំពុងអនុវត្តដោយឈរលើមូលដ្ឋានច្បាប់អន្ដរជាតិ អនុសញ្ញា សទ្ធិសញ្ញា ផែនទីនិងឯកសារដែលបន្សល់ទុកពីបារាំង។ តំបន់ដែលស្ថិតនៅចន្លោះព្រំដែនលេខ៥២ និង៥៩ គឺក្នុងសង្គ្រាមស្ថិតក្រោមការគ្រប់គ្រងរបស់ សុន សេន មិនមែនអៀង សារី ទេ។

ខ្ញុំសូមបញ្ជាក់ថា តាំងពីសម័យសង្គ្រាមរហូតមកដល់បបច្ចុប្បន្ន និងតទៅអនាគត ខ្ញុំការពារទឹកដីបូរណភាពទឹកដីកម្ពុជាដាច់ខាត ខ្ញុំជាសាក្សីរស់ម្នាក់ដែលបានរស់នៅតាំងពីយូរណាស់មកហើយនៅតំបន់នោះ។ ហើយបង្គោលព្រំដែនដែលក្រុមការងារភាគីកម្ពុជានិងថៃ កំពុងចុះវាស់វែងនិងបោះបង្គោលបណ្តោះអាសន្ននោះគឺឈរលើមូលដ្ឋាននៃឯកសារគតិយុត្តដែលបន្សល់ទុកពីអាណាព្យាបាលបារាំង ជាពិសេសកំណត់ហេតុ (ProcèsVerbaux) បោះបង្គោលរបស់គណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន- សៀម ឆ្នាំ១៩០៨- ១៩០៩ និងគណៈកម្មការបោះបង្គោលព្រំដែនរវាងឥណ្ឌូចិន-សៀម ឆ្នាំ១៩១៩-១៩២០ និងស្របតាមខ្លឹមសារនៃអនុស្សរណៈនៃការយោគយល់គ្នា (Mou) ឆ្នាំ២០០០ និងបែបបទការងារដែលភាគីទាំងពីរបានឯកភាពគ្នា។ ដូច្នេះអ្វីដែលបុគ្គល អ៊ុ សំអាន ដែលជាជនក្បត់ជាតិលើកឡើងនេះ គឺជាការប្រឌិតញុះញង់សុទ្ធសាធមិនមែនជាការពិតឡើយ។ ខ្ញុំសូមជម្រាបជូនបងប្អូនថា បុគ្គល អ៊ុ សំអាន នេះ តែងតែនិយាយញុះញង់និងបំភ្លៃខុសពីការពិត ហើយពេលខ្លះយកឈ្មោះអ្នកនេះឬអ្នកនោះមកភ្ជាប់ដើម្បីទាញចំណាប់អារម្មណ៍ក្នុងគោលដៅកេងចំណេញនយោបាយ និងមហិច្ឆតាដ៏អាក្រក់របស់ខ្លួន។

ជាមួយគ្នានេះ ខ្ញុំសូមស្នើបងប្អូនជនរួមជាតិជឿទុកចិត្ត លើរាជរដ្ឋាភិបាលកម្ពុជា និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC) កម្ពុជា ដែលបានប្រកាន់ខ្ជាប់ជានិច្ចនូវមនសិការវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់បំផុត ដោយតម្កល់ឧត្តមប្រយោជន៍ជាតិជាធំជាពិសេសការការពារបូរណភាពទឹកដីនិងអធិបតេយ្យជាតិ ដោយប្រកាន់ខ្ជាប់នូវការគោរពច្បាប់អន្តរជាតិ គោរពគោលការណ៍ ព្រំដែនមិនកែប្រែនិងខ្សែព្រំដែនអន្តរជាតិ កម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនរវាងឥណ្ឌូចិន-សៀម៕

អត្ថបទទាក់ទង