គ.ជ.ប អំពាវនាវឲ្យប្រជាពលរដ្ឋខែ្មរនៅក្រៅប្រទេសមកបោះឆ្នោតឱ្យបានគ្រប់គ្នា
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃនេះ បានចេញការអំពាវនាវចំពោះប្រជាពលរដ្ឋខែ្មរ ដែលកំពុងបំពេញបេសកកម្ម ឬរស់នៅ និងធ្វើការនៅក្រៅប្រទេសអញ្ជើញមកបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ដើម្បីអនុវត្តសិទ្ធិរបស់ខ្លួននៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ។
គ.ជ.ប បន្តថា ដើម្បីបោះឆ្នោតបានប្រជាពលរដ្ឋខ្មែរត្រូវមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងត្រូវមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរមានសុពលភាព (អ.ខ) ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត។ ករណីប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតហើយ ប៉ុន្តែពុំទាន់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬបានអស់សុពលភាព ឬមិនទាន់ទទួលបាន ឬបាត់ ឬខូច ឬកែតម្រូវប្រជាពលរដ្ឋអាចប្រើប្រាស់ឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត ឆ្នាំ២០២៣ ដើម្បីបោះ ឆ្នោត។ ឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោតនឹងត្រូវធ្វើជូនប្រជាពលរដ្ឋរយៈពេល៣០ថ្ងៃ ចាប់ពីថ្ងៃទី២២ ខែមិថុនា ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ ២០២៣ នៅគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត និងត្រូវបញ្ជាក់សុពលភាពដោយអាជ្ញាធរឃុំ សង្កាត់ ដែលសាមីខ្លួនមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ និងត្រូវបោះឆ្នោត។
គ.ជ.ប បញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២២ និងកំពុងបំពេញបេសកកម្ម ឬរស់នៅ និងធ្វើការនៅក្រៅប្រទេស សូមវិលត្រឡប់មកប្រទេសកម្ពុជាវិញ ដើម្បីចូលរួមក្នុងកា រ បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ នា ពេល ខាង មុខនេះ តាមកាលបរិច្ឆេទដែលបានកំណត់កុំបីខាន។
ជាមួយគ្នានេះ គ.ជ.ប បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរ អញ្ជើញមកបោះឆ្នោត ឱ្យ បានគ្រប់ៗគ្នា ដើម្បីអនុវត្តសិទ្ធិរបស់ខ្លួន ហើយ គ.ជ.ប ស្នើសុំការសហការពីស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាទាំងអស់ មេត្តាជួយផ្សព្វផ្សាយសេចក្តីអំពាវនាវនេះដល់ប្រជាពលរដ្ឋខ្មែរ ដែលកំពុ ង បំពេញបេសកកម្ម ឬរស់នៅ និងធ្វើការនៅក្រៅប្រទេសឱ្យបានទូលំទូលាយ៕