Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

AIPA ថា ការបោះឆ្នោតនៅកម្ពុជា ប្រព្រឹត្តិទៅដោយជោគជ័យ ហើយប្រជាជនបានប្រើប្រាស់សិទ្ធិដោយសម្ងាត់ស្របតាមច្បាប់

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃអង្គារ ទី២៥ ខែកក្កដា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 1512
AIPA ថា ការបោះឆ្នោតនៅកម្ពុជា ប្រព្រឹត្តិទៅដោយជោគជ័យ ហើយប្រជាជនបានប្រើប្រាស់សិទ្ធិដោយសម្ងាត់ស្របតាមច្បាប់ AIPA ថា ការបោះឆ្នោតនៅកម្ពុជា ប្រព្រឹត្តិទៅដោយជោគជ័យ ហើយប្រជាជនបានប្រើប្រាស់សិទ្ធិដោយសម្ងាត់ស្របតាមច្បាប់

 

គណៈប្រតិភូអន្តរសភាអាស៊ាន (AIPA ) បានចេញសេចក្តីថ្លែងការណ៍មួយ ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៅកម្ពុជា បន្ទាប់ពីបានចូលរួមសង្កេតការណ៍ ដែលសេចក្តីថ្លែងការណ៍នេះ ធ្វើឡើងដើម្បីផ្តល់នូវទិដ្ឋភាពទូទៅនៃសកម្មភាពសង្កេតការណ៍ពេញមួយដំណើរការបោះឆ្នោត។

សេចក្តីថ្លែងការណ៍នេះ ត្រូវបានធ្វើឡើងដោយឈរលើមូលដ្ឋាននៃការចូលរួមដោយផ្ទាល់ ដើម្បីវាយតម្លៃព័ត៌មានដែលបានផ្តល់នៅក្នុងសម័យប្រជុំសង្ខេបមុនថ្ងៃបោះឆ្នោត និងការពិតដែលឆ្លុះបញ្ចាំងនៅលើមូលដ្ឋានជាក់ស្ដែង។ ការសង្កេតការណ៍ត្រូវបានធ្វើឡើងលើដំណើរការបោះឆ្នោតទាំងមូល រួមទាំងការបើក និងបិទការិយាល័យបោះឆ្នោត បន្ទាប់មកដំណើរការរាប់សន្លឹកឆ្នោត។

AIPA បានបន្ថែមថា ដំណើរការបោះឆ្នោតនៅកម្ពុជា បានបង្ហាញពីទិដ្ឋភាពវិជ្ជមានជាច្រើន ដែលរួមចំណែកដល់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ដែលមានការរៀបចំបានល្អ។ គណៈប្រតិភូ AIPA មានឱកាស ដើម្បីសង្កេត មើលអំឡុងពេលមុនការបោះឆ្នោត ដែលត្រូវបានកត់សម្គាល់ដោយបរិយាកាសស្ងប់ស្ងាត់ និងសន្តិភាព ដែលអនុញ្ញាតឱ្យគណបក្សនយោបាយ និងបេក្ខជនធ្វើយុទ្ធនាការដោយសេរី។ វត្តមានរបស់គណបក្សនយោបាយជាច្រើនដែលតំណាងឱ្យមនោគមវិជ្ជាចម្រុះ បានអនុញ្ញាតឱ្យមានការពិភាក្សានយោបាយដ៏រស់រវើក និងផ្តល់ឱ្យអ្នកបោះឆ្នោតនូវជម្រើសចម្រុះ។ លើសពីនេះ គណៈប្រតិភូក៏មិនបានជួបប្រទះនូវការអនុវត្តការបំភិតបំភ័យ ការបង្ខិតបង្ខំ ឬ អំពើហឹង្សាណាមួយក្នុងអំឡុងពេលដំណើរការសង្កេតការណ៍នៅឯការិយាល័យបោះឆ្នោតដែលបានទៅទស្សនានោះទេ។

គណៈប្រតិភូ AIPA បានសង្កេតឃើញថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តឆ្នាំ២០២៣ នៅកម្ពុជា បានអនុញ្ញាតឱ្យគណបក្សនយោបាយចូលរួមប្រកួតប្រជែង និងចូលរួមដោយសេរីក្នុងដំណើរការបោះឆ្នោតទាំងមូល ដោយគ្មានការជ្រៀតជ្រែក ដែលបង្ហាញពីដំណើរការប្រជាធិបតេយ្យដ៏ត្រឹមត្រូវនៅកម្ពុជា។ ប្រព័ន្ធតម្លាភាពត្រូវបានអនុវត្ត ដើម្បីធានាឱ្យអ្នកសង្កេតការណ៍មកពីគណបក្សនយោបាយ អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិមានឱកាសសង្កេតការណ៍ដំណើរការបោះឆ្នោតទាំងមូល។ ដំណើរការបោះឆ្នោតពាក់ព័ន្ធនឹងការយល់ដឹងអំពីព័ត៌មានរបស់ប្រតិភូនីមួយៗដែលបានផ្តល់មុន និងអំឡុងពេលដំណើរការបោះឆ្នោត ដែលអនុវត្តស្របតាមច្បាប់ជាតិ និងតាមលក្ខណៈបច្ចេកទេសប្រកបដោយប្រសិទ្ធភាព។ លើសពីនេះ ការរាប់សន្លឹកឆ្នោតត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព ដោយមានវត្តមានចូលរួមពីអ្នកសង្កេតការណ៍។

សេចក្តីថ្លែងការណ៍បានបញ្ជាក់ទៀតថា វត្តមានរបស់មន្ត្រីរៀបចំការបោះឆ្នោត ភ្នាក់ងារគណបក្ស និងអ្នកសង្កេតការណ៍ក្នុងស្រុក បានជួយរក្សាតម្លាភាព និងគណនេយ្យភាពពេញមួយដំណើរការបោះឆ្នោត និងរាប់សន្លឹកឆ្នោត។ គ.ជ.ប បានដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាដំណើរការបោះឆ្នោតប្រកបដោយប្រសិទ្ធភាព។ គណៈប្រតិភូមានការចាប់អារម្មណ៍យ៉ាងខ្លាំងដែលឃើញការចេញផ្សាយលទ្ធផលបឋមទាន់ពេលវេលា ដែលអាចឱ្យភាគីពាក់ព័ន្ធទាំងក្នុង និងក្រៅប្រទេសអាចតាមដានវឌ្ឍនភាពនៃការបោះឆ្នោត។

គណៈប្រតិភូសូមសន្និដ្ឋានថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តឆ្នាំ២០២៣នៅកម្ពុជា បានប្រព្រឹត្តិទៅដោយជោគជ័យ បានអនុញ្ញាតឱ្យប្រជាជនកម្ពុជាប្រើប្រាស់សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ តាមរយៈការបោះឆ្នោតផ្ទាល់ជាសកល និងសម្ងាត់ ដែលគ្រប់គ្រងដោយច្បាប់ជាតិ និងអន្តរជាតិ៕