លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្ដេជ្ញាអនុវត្តបណ្តាំរបស់ឪពុកក្រោយក្លាយជានាយករដ្ឋមន្រ្តី
លោកបណ្ឌិត ហ៊ុន ម៉ាណែត បានប្រកាសនៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ នេះថា ដោយគោរពតាមបណ្ដាំរបស់ឪពុក ក្រោយពីសម្ដេចតេជោ ហ៊ុន សែន ដែលជាឪពុកបានផ្តាំផ្ញើឲ្យរក្សាការពារឲ្យខាងតែបាននូវសន្តិភាព ដើម្បីធានាដល់ការអភិវឌ្ឍ និងភាពសុខ សាន្តរបស់ប្រជាជន ក្រោយពេលក្លាយជានាយករដ្ឋមន្ត្រី។
តាមរយៈបណ្តាញហ្វេសប៊ុករបស់ខ្លួននារសៀលនេះ បានសរសេរយ៉ាងដូច្នេះថា “កូននឹងចងចាំជានិច្ច និងប្តេជ្ញាអនុវត្តឲ្យបានដាច់ខាតនៅក្នុងគ្រប់កាលៈទេសៈ”។
គួររំលឹកថា សម្ដេចតេជោ ហ៊ុន សែន ដែលនឹងលាលែងពីនាយករដ្ឋមន្រ្តីនាពេលខាងមុខ បានសរសេរសារផ្តាំផ្ញើដល់កូនប្រុស គឺលោកបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវតែការពារឲ្យខាងតែបាននូវសន្តិភាព ដើម្បីធានាដល់ការអភិវឌ្ឍ និងភាពសុខសាន្តរបស់ប្រជាជន។
សំណេររបស់សម្ដេចតេជោ នៅក្នុងបណ្ដាញសង្គម Twitter បានលើកឡើងយ៉ាងដូច្នេះថា “វាជាការគាប់ជួនមួយដែលថ្ងៃនេះខ្ញុំបានប្រកាសថា ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្ត្រីក្រោយសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តសម្រាប់គណរដ្ឋមន្ត្រី នាថ្ងៃ២២ សីហា ២០២៣ ខាងមុខនេះ។ ល្ងាចនេះទូរទស្សន៍បាយ័ន្តចាក់ផ្សាយរឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៍មីភាគ៧២ គឺចំពេលដែល ម៉ាណែត ចាកផ្ទៃម្តាយថ្ងៃ២០ តុលា ១៩៧៧។ ជិវិតកូនពិតជាកំសត់ណាស់ តែកូនជាមួយម្តាយបានខិតខំរស់ ដើម្បីជួបជុំជាមួយពុកវិញ។ ពេលកូនក្លាយជានាយករដ្ឋមន្ត្រីរបស់កម្ពុជា កូនត្រូវតែការពារឲ្យខាងតែបាន នូវសន្តិភាព ដើម្បីធានាដល់ការអភិវឌ្ឍ និងភាពសុខសាន្តរបស់ប្រជាជន”។
សូមញ្ជាក់ថា លោកបណ្ឌិត ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្ត្រីរបស់កម្ពុជា ដឹកនាំ រាជរដ្ឋាភិបាលអាណត្តិថ្មីនេះ ចាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ខាងមុខនេះតទៅ៕