សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ជនរួមជាតិទាំងអស់ ឱ្យរួមគ្នាថែរក្សាសុខសន្តិភាព កុំចាំដល់បាត់បង់សន្តិភាពទើបស្ដាយក្រោយឱ្យសោះ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំពាវនាវសារជាថ្មីម្តងទៀតដល់ជនរួមជាតិទាំងអស់ ឱ្យរួមគ្នាថែរក្សាសុខសន្តិភាព កុំចាំដល់បាត់បង់សន្តិភាព ទើបស្ដាយក្រោយឱ្យសោះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ក្នុងពិធីចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត ចំនួនជាង១ម៉ឺននាក់ មកពីតាមបណ្តារោងចក្រ សហគ្រាសចំនួន ១៤ ដែលមានមូលដ្ឋាននៅក្នុងស្រុកព្រៃឈរ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ដោយសារកត្តាសុខសន្តិភាព ទើបប្រទេសជាតិយើងមានការអភិវឌ្ឍរីកចម្រើនទៅមុខជាលំដាប់ ហើយប្រជាពលរដ្ឋរស់នៅជួបជុំក្រុមគ្រួសារជាប្រក្រតី។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា នៅពេលប្រទេសជាតិមានសន្តិភាព ទោះតិចឬច្រើន គឺរាជរដ្ឋាភិបាល អាចមានលទ្ធភាពផ្តល់នូវផលប្រយោជន៍ជូនប្រជាពលរដ្ឋទៅតាមស្ថានភាពជាក់ស្តែង៕