Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

គណៈរដ្ឋមន្រ្តី អនុម័តទាំងស្រុងលើ សេចក្តីព្រាងព្រះរាជក្រឹត្យស្តីពី ការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃសុក្រ ទី២៧ ខែតុលា ឆ្នាំ២០២៣ ព័ត៌មានជាតិ 1256
គណៈរដ្ឋមន្រ្តី អនុម័តទាំងស្រុងលើ សេចក្តីព្រាងព្រះរាជក្រឹត្យស្តីពី ការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ គណៈរដ្ឋមន្រ្តី អនុម័តទាំងស្រុងលើ សេចក្តីព្រាងព្រះរាជក្រឹត្យស្តីពី ការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ

(ភ្នំពេញ)៖ បន្ទាប់ពីបានពិភាក្សាលម្អិត នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣នេះ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី បានអនុម័តទាំងស្រុងហើយ លើ សេចក្តីព្រាងព្រះរាជក្រឹត្យស្តីពី ការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ។

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីនេះ ត្រូវបានធ្វើឡើងនៅវិមានសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយមានរបៀបវារៈចំនួន៤ ក្នុងនោះមានរបៀបវារៈទី១ គឺ សេចក្តីព្រាងព្រះរាជក្រឹត្យស្តីពី ការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ។

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក) ដឹកនាំដោយឧបនាយករដ្ឋមន្រ្តី១រូប មានអនុប្រធាន៤រូប ក្នុងនោះ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ជាអនុប្រធានប្រចាំការ និងមានសមាជិក៧រូប។

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ត្រូវបានបង្កើតឡើងដើម្បីជាយន្តការបំពេញបន្ថែមឱ្យប្រព័ន្ធដោះស្រាយវិវាទនៅកម្ពុជា សំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងភាពឆាប់រហ័សនៃការដោះស្រាយវិវាទ តាមរយៈការសម្រុះសម្រួល ផ្សះផ្សាក្រៅប្រព័ន្ធតុលាការ ក្នុងគោលបំណងជួយកាត់បន្ថយការកកស្ទះសំណុំរឿងនៅតាមសាលាជម្រះក្តី បង្ខិតសេវាដោះស្រាយវិវាទឱ្យកាន់តែទៅកៀកនឹងប្រជាពលរដ្ឋនៅមូលដ្ឋាន និងធានាបាននូវភាពសុខដុមរមនា និងយុត្តិធម៌ក្នុងសង្គមជាតិ។ អ.ដ.ក មានតួនាទី និងភារកិច្ច ដូចខាងក្រោម៖

  • ដឹកនាំ សម្របសម្រួល និងអនុវត្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ តាមរយៈការសម្រុះសម្រួល ផ្សះផ្សាវិវាទ
  • រៀបចំគោលនយោបាយ ផែនការយុទ្ធសាស្ត្រ គោលការណ៍ណែនាំ វិធានការនានា និងលិខិតបទដ្ឋាន គតិយុត្ត សម្រាប់អនុវត្តយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលស្ថិតក្នុងសមត្ថកិច្ចរបស់ខ្លួន
  • ដាក់ចេញនូវក្រមសីលធម៌ ក្រុមប្រតិបត្តិ វិធាន និងលិខិតបទដ្ឋានគតិយុត្តនានា សម្រាប់អនុវត្ត
  • ការសម្រុះសម្រួលផ្សះផ្សាវិវាទ ដែលស្ថិតក្នុងសមត្ថកិច្ចរបស់ខ្លួន
    ទទួលដោះស្រាយពាក្យបណ្ដឹងនានា ដែលស្នើសុំឱ្យសម្រុះសម្រួលផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការ
  • រៀបចំយន្តការ ដើម្បីចុះពិនិត្យ និងដោះស្រាយក្រៅប្រព័ន្ធតុលាការនូវវិវាទ ឬបណ្តឹងនានា នៅតាម មូលដ្ឋាន តាមរយៈការសម្រុះសម្រួលផ្សះផ្សា ដោយសហការជាមួយនឹងអាជ្ញាធរដែលមានការពាក់ព័ន្ធ
  • តាមដាន ប្រមូលព័ត៌មាន និងវាយតម្លៃអំពីវឌ្ឍនភាពនៃការងារដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ នៅព្រះរាជាណាចក្រកម្ពុជា ដែលស្ថិតក្នុងសមត្ថកិច្ចរបស់ខ្លួន
  • ធ្វើរបាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាលអំពីវឌ្ឍនភាពការងារ បញ្ហាប្រឈម និងសំណើវិធានការ នានាទាក់ទងនឹងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលស្ថិតក្នុងសមត្ថកិច្ចរបស់ខ្លួន
  • អនុវត្តភារកិច្ចផ្សេងទៀតតាមការប្រគល់ពីប្រមុខរាជរដ្ឋាភិបាល។

នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តល់អនុសាសន៍ឱ្យភាគីពាក់ព័ន្ធធ្វើយ៉ាងណាកុំឱ្យមានការអនុវត្តត្រួតស៊ីគ្នា ដោយយន្តការថ្មីនេះ។ សម្តេចបានបន្ថែមថា អ្វីដែលមាននៅក្នុងយន្តការដែលមានស្រាប់ គឺត្រូវពង្រឹង និងធ្វើការសហការជាមួយគ្នា។

សម្តេចបានបញ្ជាក់បន្ថែមថា យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គឺជាការផ្តល់ជម្រើសបន្ថែមដល់ប្រជាពលរដ្ឋ ក្នុងការដោះស្រាយបញ្ហា ហើយយន្តការថ្មីនេះ ក៏មិនមែនធ្វើឡើងដើម្បីបង្ខិតបង្ខំប្រជាពលរដ្ឋឱ្យត្រូវតែប្រើប្រាស់សេវានេះឡើយ ប៉ុន្តែជាជម្រើសបន្ថែមសម្រាប់ពួកគាត់។ សម្តេចជំរុញធ្វើយ៉ាងណាឱ្យការដោះស្រាយតាមយន្តការនេះមានការប្រថាប់ត្រាបន្ថែមឱ្យមានទម្ងន់តាមផ្លូវច្បាប់។

សម្តេចសង្ឃឹមថា យន្តការថ្មីនេះនឹងអាចជួយដល់ប្រជាពលរដ្ឋ ហើយអំពាវនាវឱ្យមានការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដើម្បីពន្យល់ដល់ប្រជាពលរដ្ឋ៕
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា