Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

វៀតណាមការពារហានិភ័យពីគម្រោង BRI

ដោយ៖ ពៅ មនោរា ​​ | ថ្ងៃអាទិត្យ ទី១៩ ខែមីនា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 1636
វៀតណាមការពារហានិភ័យពីគម្រោង BRI វៀតណាមការពារហានិភ័យពីគម្រោង BRI

គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ (BRI) ដែលបានចាប់ផ្តើមកាលពីឆ្នាំ ២០១៣ ដោយប្រធានាធិបតីចិន Xi Jinping ត្រូវបានចាត់ទុកថាជាយុទ្ធសាស្ត្ររយៈពេលវែងដ៏មានមហិច្ឆតាមួយ ដើម្បីពង្រីកឥទ្ធិពលរបស់ចិន តាមរយៈការផ្តល់ឲ្យប្រទេសក្នុងតំបន់នូវជំនួយ និងការវិនិយោគទៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធ។ ប៉ុន្តែផ្ទុយពីរដ្ឋអាស៊ីអាគ្នេយ៍មួយចំនួនដែលបានទទួលយកគម្រោង BRI ដោយបើកចំហ វៀតណាមបែរជាបានអនុម័តយកនូវវិធីការពារទៅវិញ។

ការការពារហានិភ័យត្រូវបានកំណត់ដោយចំណុចផ្ទុយគ្នាចំនួន ៣ តែមានលក្ខណៈបំពេញបន្ថែម ពោលគឺ «ចៀសវាងការប្រឆាំង និងការពឹងផ្អែកទៅលើមហាអំណាចដែលកំពុងតែរះឡើង, ចូលរួមទាំងក្នុងការអនុគ្រោះ និងការប្រឆាំងជាមួយនឹងមហាអំណាចដែលបង្កគំរាមកំហែង និងការធ្វើពិពិធកម្មទំនាក់ទំនងជាមួយប្រទេសជាមហាអំណាចផ្សេងៗទៀត»។

យុទ្ធសាស្ត្ររបស់វៀតណាមចំពោះគម្រោង BRI របស់ចិនពិតជាបានបង្ហាញអំពីលក្ខណៈពិសេសទាំង៣ ខាងលើ។ ខណៈពេលដែលការសរសើរពីភាគីវៀតណាមចំពោះគម្រោង BRI បានបង្ហាញអំពីបំណងប្រាថ្នារបស់ពួកគេក្នុងការគេចចេញពីការប្រឈមមុខជាមួយប្រទេសចិន ទីក្រុងហាណូយបានដឹងអំពីហានិភ័យនៃការពឹងផ្អែកសេដ្ឋកិច្ច ទៅលើទីក្រុងប៉េកាំង និងភាពស្មុគស្មាញនៃគម្រោង BRI។ វៀតណាមបានធ្វើកិច្ចការយ៉ាងសកម្មដើម្បីគេចចេញពីការចូលរួមនៅក្នុងគំនិតផ្តួចផ្តើមនេះ។

គម្រោង BRI តែមួយគត់ដែលបានអនុវត្តនៅក្នុងប្រទេសវៀតណាមគឺការវិនិយោគរបស់ចិននៅក្នុងផ្លូវរថភ្លើង Cat Linh-Ha Dong ដែលកំពុងតែរងនូវការរិះគន់ដោយសារតែការចំណាយច្រើនទៅលើបាឡូន និងដំណើរការហាក់នៅស្ងៀមទ្រឹង។ គម្រោងនេះត្រូវបានចុះហត្ថលេខាកាលពីឆ្នាំ ២០០៨ ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ ២០១៦ ប៉ុន្តែវាមិនបានបញ្ចប់ទេរហូតដល់ចុងឆ្នាំ ២០២១ ហើយតម្លៃនៃគម្រោងនេះក៏បានកើនឡើងពី ៥៥២,៨៦ លានដុល្លារអាមេរិកដល់ជិត ១១ ពាន់លានដុល្លារនៅក្នុងឆ្នាំ ២០១៨។

វៀតណាមក៏បានចាប់ផ្តើមងាកចេញពីប្រទេសចិនផងដែរ ដោយសារតែការភ័យខ្លាចនៃការធ្លាក់ចូលទៅក្នុង «អន្ទាក់បំណុល» របស់ចិន និងដោយសារតែភាពតានតឹងកាន់តែខ្លាំងឡើងនៅក្នុងសមុទ្រចិនខាងត្បូង។

ជាឧទាហរណ៍ ទីក្រុងហាណូយបានបដិសេធចំពោះការផ្តល់មូលនិធិរបស់ចិនសម្រាប់ផ្លូវល្បឿនលឿន Van Don-Mong Cai ដោយសារតែបញ្ហាសន្តិសុខជាតិ។ ផ្លូវល្បឿនលឿននេះបានតភ្ជាប់តំបន់ Van Don ដែលត្រូវបានគេកំណត់ទៅជាតំបន់សេដ្ឋកិច្ចពិសេសនៅក្នុងឆ្នាំ ២០១៨ ជាមួយនឹងតំបន់ Mong Cai ដែលជាទីក្រុងនៅជិតព្រំដែនជាមួយប្រទេសចិន។

ដូចគ្នានេះដែរ ការលុបចោលផ្លូវរថភ្លើងភាគខាងជើងទៅភាគខាងត្បូង ដែលនឹងតភ្ជាប់ទីក្រុងធំជាងគេទាំង ២ របស់វៀតណាម និងផ្លូវល្បឿនលឿន Hanoi-Lao Cai ដែលនឹងរត់កាត់ពីរដ្ឋធានីវៀតណាមទៅកាន់ខេត្តមួយនៅជិតប្រទេសចិននោះ ត្រូវបានធ្វើឡើងដោយសារតែការភ័យខ្លាចថា ការផ្តល់មូលធនរបស់ចិនអាចនឹងត្រូវបានបង្អាក់។ ហើយវៀតណាមក៏បានប្រកែកចំពោះការចូលរួមរបស់ក្រុមហ៊ុន Huawei ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ 5G ផងដែរ ដោយសារតែពួកគេមានការព្រួយបារម្ភអំពីការគំរាមកំហែងពីសំណាក់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ចិន ហើយពួកគេកំពុងតែព្យាយាមអភិវឌ្ឍគំរូ 5G របស់ពួកគេដោយខ្លួនឯង។

នៅក្នុងវិធីសាស្រ្តការពារចំពោះគម្រោង BRI របស់ខ្លួន ទីក្រុងហាណូយក៏បានធ្វើពិពិធកម្មទំនាក់ទំនងរបស់ខ្លួន ជាមួយរដ្ឋដ៏មានឥទ្ធិពលផ្សេងៗទៀតដែរ។ ជម្លោះអធិបតេយ្យភាពជាមួយចិននៅសមុទ្រចិនខាងត្បូង បានជំរុញឱ្យមានការបង្កើននូវទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងទីក្រុងហាណូយនិងតូក្យូ ដែលសកម្មភាពនេះត្រូវបានគូសបញ្ជាក់យ៉ាងច្បាស់កាលពីឆ្នាំ ២០១៤ តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់ភាគីទាំងពីរ ក្នុងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងរបស់ពួកគេឱ្យទៅជាភាពជាដៃគូយុទ្ធសាស្ត្រទូលំទូលាយ ដោយឈរលើគោលដៅរួមនៃសន្តិភាពនិងវិបុលភាព។

វៀតណាមក៏បានស្វាគមន៍ចំពោះភាពជាដៃគូរបស់ជប៉ុនសម្រាប់ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធដ៏មានគុណភាពយ៉ាងកក់ក្តៅជាងគម្រោង BRI ហើយពួកគេក៏ទទួលបានការវិនិយោគហេដ្ឋារចនាសម្ព័ន្ធយ៉ាងច្រើនពីទីក្រុងតូក្យូផងដែរ។

វៀតណាមថែមទាំងបានពង្រឹងទំនាក់ទំនងរបស់ខ្លួនជាមួយសត្រូវពីមុនៗរបស់ខ្លួន គឺសហរដ្ឋអាមេរិកទៀតផង ដើម្បីទប់ទល់នឹងការប៉ុនប៉ងរបស់ចិនក្នុងការពង្រីកឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់។ វៀតណាមនិងសហរដ្ឋអាមេរិកបានជំរុញទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគី ហើយក៏បានធ្វើឱ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិថែមទៀតផង។

វៀតណាមបានគាំទ្រចំពោះយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិកសេរីនិងបើកចំហរបស់អាមេរិក តាមរយៈការស្វាគមន៍ការរួមចំណែករបស់សហរដ្ឋអាមេរិកចំពោះសន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់។ ក្នុងអំឡុងពេលគ្រប់គ្រងរបស់រដ្ឋបាលលោក Trump នាវាផ្ទុកយន្តហោះអាមេរិក ២ គ្រឿងបានទៅបំពេញទស្សនកិច្ចនៅវៀតណាម។

យុទ្ធសាស្ត្រការពាររបស់វៀតណាមចំពោះ BRI អាចផ្តល់នូវមេរៀនដ៏មានតម្លៃសម្រាប់រដ្ឋអាស៊ានផ្សេងទៀត នៅពេលដែលពួកគេត្រូវដោះស្រាយជាមួយប្រទេសចិនដែលកំពុងកើនឡើង និងកាន់តែមានមហិច្ឆតា។ វៀតណាមបានទទួលជោគជ័យមួយផ្នែកក្នុងការជំរុញកិច្ចសហប្រតិបត្តិការជាមួយមហាអំណាចផ្សេងៗទៀតជំនួសឱ្យការពឹងផ្អែកលើប្រទេសជិតខាងដែលមិនគួរឱ្យទុកចិត្ត។

ប្រទេសដែលមានការអភិវឌ្ឍន៍តិចតួច ដូចជា ឡាវ កម្ពុជា និងមីយ៉ាន់ម៉ា ដែលបានចូលរួមយ៉ាងសកម្មនៅក្នុងគម្រោង BRI គួរតែពិចារណាក្នុងការអនុម័តនូវយុទ្ធសាស្រ្តបែបនេះ ដើម្បីចៀសវាងការធ្លាក់ចូលទៅក្នុង «អន្ទាក់បំណុល» របស់ចិន ឬក្លាយជា «កូនអុក» នៅក្នុងល្បែងភូមិសាស្ត្រនយោបាយរបស់ប្រទេសចិន។

ការដាក់កម្រិតទៅលើការពឹងផ្អែកសេដ្ឋកិច្ចទៅលើប្រទេសចិនក៏អាចជួយបង្កើតចំណងជិតស្និទ្ធក្នុងចំណោមប្រទេសជាសមាជិកអាស៊ានផងដែរ។ ប្រទេសចិនបានប្រើប្រាស់អំណាចសេដ្ឋកិច្ចរបស់ខ្លួនដើម្បីបំបែកការរួបរួមរបស់អាស៊ាន និងលទ្ធភាពក្នុងការមូលមតិគ្នា។

សកម្មភាពខាងលើពិតជាត្រូវបានបង្ហាញយ៉ាងច្បាស់តាមរយៈការបង្កើនការផ្តល់ជំនួយ និងការវិនិយោគពីសំណាក់ប្រទេសចិនដល់កម្ពុជា បន្ទាប់ពីទីក្រុងភ្នំពេញបានបំបិទសេចក្តីថ្លែងការណ៍រួមរបស់អាស៊ានស្តីពីភាពតានតឹងនៅសមុទ្រចិនខាងត្បូង។

កម្ពុជាហាក់កំពុងទទួលយកការពឹងផ្អែកផ្នែកនយោបាយទៅលើទីក្រុងប៉េកាំងជាថ្នូរនឹងការអភិវឌ្ឍសេដ្ឋកិច្ច។ នៅក្នុងអំឡុងពេលដែលកម្ពុជាបានធ្វើឲ្យមានការប៉ះពាល់ដល់ការមូលមតិរបស់អាស៊ានចំពោះបញ្ហាសមុទ្រចិនខាងត្បូង កម្ពុជាបានទទួលការវិនិយោគជាច្រើនពីសំណាក់ប្រទេសចិន។

នៅក្នុងឆ្នាំ ២០១៧ ប្រាក់កម្ចីទ្វេភាគីរបស់កម្ពុជាមានចំនួនសរុបប្រហែល ៥,៣ ពាន់លានដុល្លារអាមេរិក ដែលក្នុងនោះមាន ៣,៩ ពាន់លានដុល្លារ គឺទទួលបានពីប្រទេសចិន ដែលចំនួននេះបានធ្វើឱ្យកម្ពុជាក្លាយជាកូនបំណុលដែលជំពាក់បំណុលចិនច្រើនជាងគេ។

យុទ្ធសាស្ត្រការពាររបស់វៀតណាមក៏ជាគម្រូដ៏មានប្រយោជន៍សម្រាប់បណ្តាប្រទេសអាស៊ានដែលមានការអភិវឌ្ឍន៍ច្រើនដូចជា សិង្ហបុរី ឥណ្ឌូនេស៊ី និងហ្វីលីពីន ផងដែរ។ ប្រសិនបើរដ្ឋទាំងនេះជ្រើសរើសយកការតោងកន្ទុយតាមចិន ឬការរក្សានូវតុល្យភាពប្រឆាំងនឹងចិន នោះពួកគេអាចនឹងកម្រិតនូវជម្រើសផ្សេងដែលខ្លួនមាននៅក្នុងការធ្វើទំនាក់ទំនងជាមួយរដ្ឋដ៏មានឥទ្ធិពលផ្សេងៗទៀត។

ការការពារហានិភ័យគឺជាគោលនយោបាយដ៏ប្រសើរមួយសម្រាប់ប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ដូចគ្នានឹងប្រទេសវៀតណាមដែរ រដ្ឋផ្សេងៗទៀតនៅក្នុងតំបន់គួរតែបន្តអនុវត្តនូវគោលនយោបាយការបរទេសដែលមានភាពបត់បែននិងពហុភាគី ហើយត្រូវរក្សាជំហរអព្យាក្រឹតចំពោះប្រទេសចិន និងចំពោះការវិនិយោគរបស់ចិន៕

East Asia Forum