សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមមហាសន្និបាត រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា លើកទី៦
នៅព្រឹកថ្ងៃពុធទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអធិបតីកិត្តិយសក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា បានអញ្ជើញចូលរួមមហាសន្និបាតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាលើកទី៦ ដែលរៀបចំឡើងនៅសណ្ឋាគារសុខា។ មហាសន្និបាតនេះ រៀបចំឡើងដើម្បីពិនិត្យឡើងវិញពីសកម្មភាពការងារដែលបានធ្វើនាពេលកន្លងមក និងដាក់ចេញផែនការ ក៏ដូចជាគោលដៅការងារសម្រាប់អនុវត្តន៍បន្ត។
គួរបញ្ជាក់ថា រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា មានឈ្មោះដើមថា រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បានចាប់បដិសន្ធិឡើងនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៧៨ និងបានប្រកាសចេញសេចក្តីថ្លែងការណ៍ ១១ខ របស់ខ្លួននៅតំបន់រំដោះស្នួល ស្រុកស្នួល ខេត្តក្រចេះ។ នៅឆ្នាំ២០២៣នេះ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា មានអាយុកាល ៤៥ឆ្នាំហើយ។
រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ត្រូវបានកើតឡើងដោយកម្លាំងមហាសាមគ្គី ប្រជាជនទាំងមូលទាំងក្នុង និងក្រៅប្រទេស ដែលមានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាបតីតេជោ ហ៊ុន សែន និងវីរជនស្នេហាជាតិ ជាច្រើនរូបទៀតជាប្រមុខដឹកនាំ។
រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា បានចាត់តាំងឡើងដោយ ផ្អែកលើស្មារតីឯករាជ្យជាតិដ៏បរិសុទ្ធរបស់ប្រជាជនកម្ពុជា សាមគ្គីភាពគ្រប់ជនជាតិទូទាំងប្រទេស ប្រមូលរាល់កម្លាំងសង្គម ដោយមិនប្រកាន់និន្នាការនយោបាយ ជំនឿ សាសនា កម្មករ កសិករ បញ្ញវន្ត ព្រះសង្ឃគ្រប់ជនរួមជាតិទាំងឡាយ ដែលរស់នៅក្រៅប្រទេសផងដែរ ដែលបង្កើតឡើងក្នុងបុព្វហេតុរំដោះជាតិ សិទ្ធិសេរីភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋកម្ពុជា ចេញពីរបបកម្ពុជាប្រជាធិបតេយ្យ បនប្រល័យពូជសាសន៍ ប៉ុល ពត។
ផ្តើមចេញពីចលនាតស៊ូ និងការធ្វើពលីកម្មសព្វបែបយ៉ាង សូម្បីតែជីវិតប្រកបដោយភាពអង់អាចក្លាហាននោះ ប្រទេសកម្ពុជាទាំងមូល ត្រូវបានរំដោះចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ធ្វើឱ្យប្រជាពលរដ្ឋបានរួចផុតពីទុក្ខវេទនា រួចពីការកាប់សម្លាប់ វិលមកមានសិទ្ធិសេរីភាពពេញលេញក្នុងការរស់នៅ ប្រកបរបរចិញ្ចឹមជីវិត ហើយជីវភាពត្រូវបានលើកកម្ពស់ជាលំដាប់ពីមួយទៅមួយឆ្នាំ ក្រោមដំបូលនៃសុខសន្តិភាព ដែលរកបានមកដោយលំបាកបំផុតនេះ៕