ព្រះធម្មវនវាសី សុន ចាន់វីរៈមុនី ឧបត្ថម្ភអង្ករ ២០តោន និងថវិកា ១ម៉ឺនដុល្លារ ជូនកាកបាទក្រហមកម្ពុជា
ព្រះធម្មវនវាសី សុន ចាន់វីរៈមុនី ព្រះ រាជាគណៈថ្នាក់កិត្តិយស វត្តចន្ទប្បជោត្តនារាម (ហៅវត្តតាសុត) បានឧបត្ថម្ភអង្ករចំនួន ២០តោន និងថវិកាចំនួន ១ម៉ឺនដុល្លារអាម៉េរិកជូនកាកបាទក្រហមកម្ពុជា ដើម្បីបុព្វហេតុការងារមនុស្សធម៌។
ពិធីប្រគល់-ទទួលនេះ បានព្រព្រឹត្តទៅដោយមានការទទួលពី លោកជំទាវកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិកកាកបាទក្រហមកម្ពុជា នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នារសៀលថ្ងៃពុធ ទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៣។
ក្នុងឱកាសនោះ លោកជំទាវកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិក បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្តាំផ្ញើថ្លែងអំណរព្រះគុណ ចំពោះទឹកព្រះទ័យដ៏ជ្រះថ្លារបស់ ព្រះធម្មវនវាសី ដែលបានចែករំលែកនូវទេយ្យទានជាថវិកា និងអង្ករទាំងនេះ មកជូនកាកបាទ ក្រហមកម្ពុជា សម្រាប់បន្តចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត។
តាមរយៈអំណាចនៃបុណ្យដែលបានធ្វើនៅថ្ងៃនេះ លោកជំទាវកិត្តិបណ្ឌិត បានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធទាំងអស់ក្នុងលោក ប្រោសព្រំ ផ្តល់នូវពរជ័យ សិរីសួស្តី សូមឱ្យព្រះរាជាណាចក្រកម្ពុជា បន្តស្ថិតនៅក្នុងសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍជានិច្ច និងសូមបួងសួងដល់ ព្រះធម្មវនវាសី សុន ចាន់វីរៈមុនី សូមមានព្រះសុខភាពល្អ ព្រះជន្មាយុយឺន យូរ ដើម្បីបន្តទ្រទ្រង់វិស័យព្រះពុទ្ធសាស នាឱ្យបានគង់ វង្ស រីកចម្រើនតរៀងទៅ។
ក្នុងឱកាសនោះដែរ លោកជំទាវកិត្តិបណ្ឌិត បានប្រគេនចំពោះ ព្រះធម្មវនវាសី សុន ចាន់វីរៈមុនី នូវគ្រឿងឥស្ស រិយយស មុនីសារាភ័ណ្ឌ ថ្នាក់ មហាសេរីវឌ្ឍន៍ ដែលជាការប្រោសព្រះរាជ ទានដ៏ឧត្តុង្គឧត្តមពី ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហា ក្សត្រនៃព្រះរាជា ណាចក្រកម្ពុជា កាលពីថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ផងដែរ៕