Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

រដ្ឋបាលស្រុកសំឡូត បដិសេធការចុះផ្សាយថា មានការឈូសឆាយដីព្រៃ និងរំលោភយកដីវត្តស្ទឹងគ្រញូង ថាមិនមែនជាការពិតនោះទេ

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃពុធ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ ព័ត៌មានជាតិ 306
រដ្ឋបាលស្រុកសំឡូត បដិសេធការចុះផ្សាយថា មានការឈូសឆាយដីព្រៃ និងរំលោភយកដីវត្តស្ទឹងគ្រញូង ថាមិនមែនជាការពិតនោះទេ រដ្ឋបាលស្រុកសំឡូត បដិសេធការចុះផ្សាយថា មានការឈូសឆាយដីព្រៃ និងរំលោភយកដីវត្តស្ទឹងគ្រញូង ថាមិនមែនជាការពិតនោះទេ

កន្លងទៅថ្មីៗនេះ បន្ទាប់ពីសារព័ត៌មានឈ្មោះ ក្តាមក្រហម Post News បានចុះផ្សាយថា មានគ្រឿងចក្រជាច្រើនគ្រឿងចូលទៅធ្វើការឈូសឆាយដីព្រៃនៅជិតភ្នំអូរត្រីរ៉ស់ ភូមិស្វាយជ្រុំ ភូមិអូរជាំក្រោម និងភូមិកំពង់ល្ពៅ ក្នុងភូមិសាស្រ្តឃុំកំពង់ល្ពៅ ស្រុកសំឡូត បាត់ដំបង រដ្ឋបាលស្រុកសំឡូត បានចេញសេចក្តីបំភ្លឺ ដោយបានគូសបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ រដ្ឋបាលឃុំកំពង់ល្ពៅ បានដាក់សំណើតាមរយៈរដ្ឋបាលស្រុកសំឡូត មកមន្ទីរបរិស្ថានខេត្តបាត់ដំបង ដើម្បីស្នើសុំធ្វើផ្លូវក្រវ៉ាត់ព្រំដីសម្បទានសង្គមកិច្ចក្នុងគោលបំណងដើម្បីកំណត់ព្រំដីកុំឱ្យមានការទន្រ្ទានឈូសឆាយកាន់កាប់ខុសច្បាប់។

នៅក្នុងសេចក្តីបំភ្លឺរបស់រដ្ឋបាលស្រុកសំឡូតដដែលនោះ បានឱ្យដឹងថា នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ គណៈកម្មការរដ្ឋបាលក្នុងតំបន់វិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធខេត្តបាត់ដំបង បានចុះទៅប្រកាសបើកតំបន់វិនិច្ឆ័យ និងផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋរស់នៅមូលដ្ឋានឃុំកំពង់ល្ពៅ ស្រុកសំឡូត ដែលមានដីធ្លីមិនទាន់ចុះបញ្ជី សូមឱ្យបោះបង្គោលព្រំដីឱ្យបានច្បាស់លាស់ ដើម្បីត្រៀមចុះបញ្ជីក្បាលដីមានលក្ខណៈជាប្រព័ន្ធ។

នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ប្រជាពលរដ្ឋរស់នៅភូមិស្វាយជ្រុំចំនួន១៨គ្រួសារ ដែលមានដីចំការ នៅចំណុចភ្នំអូរត្រីរ៉ស់ទំហំ៤៩ហិកតា ដែលពួកគាត់ប្រើប្រាស់ និងអាស្រ័យផលចាប់តាំងពីឆ្នាំ១៩៩១មកនោះ បានចូលឈូសឆាយពង្រាបដី និងបោះបង្គោលព្រំដីរបស់ពួកគាត់ ដើម្បីត្រៀមចុះបញ្ជីក្បាលដីមានលក្ខណៈជាប្រព័ន្ធ ហើយបន្ទាប់មកទើបដឹងថា ដីនៅចំណុចនោះត្រួតគ្នាជាមួយនឹងម្ចាស់ដីម្ខាងទៀត ដែលបញ្ហានេះ រដ្ឋបាលស្រុក កំពុងសម្រុះសម្រួលគ្នាដើម្បីបញ្ចប់រឿង។

រដ្ឋបាលស្រុកសំឡូត បានបញ្ជាក់ថា ចំពោះសារព័ត៌មានដែលចុះផ្សាយថា មានការឈូសឆាយដីព្រៃ និងរំលោភយកដីវត្តស្ទឹងគ្រញូង មិនមែនជាការពិតទេ គឺបងប្អូនប្រជាពលរដ្ឋបានចូលទៅត្រួសត្រាយក្បាលដីដាក់បង្គោលព្រំដីដើម្បីត្រៀមចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅថ្ងៃខាងមុខ។ រដ្ឋបាលស្រុកសំឡូត តម្រូវឱ្យសារព័ត៌មានឈ្មោះ ក្តាមក្រហម Post News កែតម្រូវអត្ថបទផ្សាយនោះឡើងវិញ បើមិនដូច្នោះទេ រដ្ឋបាលស្រុកសំឡូត នឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន៕