Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

អាជីវករលក់ដូរក្នុងផ្សារកំពង់បឹង បង្ហាញសេចក្តីរីករាយក្រៃលែងក្រោយទទួលបានដំណោះស្រាយល្អក្រោមកិច្ចសម្របសម្រួលពីអភិបាលខេត្តកំពង់ឆ្នាំង

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី៤ ខែមេសា ឆ្នាំ២០២៤ ព័ត៌មានជាតិ 1056
អាជីវករលក់ដូរក្នុងផ្សារកំពង់បឹង បង្ហាញសេចក្តីរីករាយក្រៃលែងក្រោយទទួលបានដំណោះស្រាយល្អក្រោមកិច្ចសម្របសម្រួលពីអភិបាលខេត្តកំពង់ឆ្នាំង អាជីវករលក់ដូរក្នុងផ្សារកំពង់បឹង បង្ហាញសេចក្តីរីករាយក្រៃលែងក្រោយទទួលបានដំណោះស្រាយល្អក្រោមកិច្ចសម្របសម្រួលពីអភិបាលខេត្តកំពង់ឆ្នាំង

ក្រុមអាជីវករលក់ដូរនៅផ្សារកំពង់បឹង បានស្នើសុំកិច្ចអន្តរាគមន៍ពីអភិបាលខេត្តកំពង់ឆ្នាំង ដោយសុំឲ្យជួយសម្របសម្រួលពន្យារពេល នៃការសាងសង់ផ្សារកំពង់បឹងខាងលើនេះសិន ដោយសារតែអាជីវករលក់ដូរក្នុងផ្សារ ពុំទាន់មានលទ្ធភាពក្នុងការរកប្រាក់សម្រាប់ទិញតូបលក់ដូរបាននៅឡើយ។

ក្រោយពីបានទទួលសំណើរបស់ប្រជាពលរដ្ឋ ដែលជាអាជីវករលក់ដូរខាងលើនេះ នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង រួមជាមួយលោក-លោកស្រី អភិបាលរងខេត្ត និងក្រុមការងារ រដ្ឋបាលខេត្ត បានជួបជាមួយតំណាងអាជីវករផ្សារកំពង់បឹង ឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ចំនួន២៥នាក់ (តំណាងអាជីវករមានតូបលក់ដូរក្នុងផ្សារសរុប៥០តូប) ដែលបានសំណូមពរដល់តំណាង ក្រុមហ៊ុនវិនិយោគផ្សារកំពង់បឹងសន្តិភាព ពន្យារពេលនៃការសាងសង់ផ្សារជាបណ្ដោះអាសន្នរយៈពេល៣ឆ្នាំទៀតសិន ដើម្បីទុកលទ្ធភាពដល់បងប្អូនអាជីវករ ដែលកំពុងជួបការលំបាកក្រោយអំឡុងពេលកូវីដ-១៩ និងកត្តាសេដ្ឋកិច្ចសកលឲ្យបានបន្តលក់ដូរជាបន្តទៀត។

ជាលទ្ធផល ក្រោមការសម្របសម្រួលរបស់រដ្ឋបាលខេត្តត្រឹមម៉ោង១៖០០នាទីរសៀល បានសម្រេចគោលការណ៍ឯកភាពដូចខាងក្រោម៖
១- តំណាងក្រុមហ៊ុនវិនិយោគបានឯកភាពរយៈពេលសរុប៥ឆ្នាំគិតតាំងពីពេលមុន និងចាប់គិតសារជាថ្មីដោយចាប់ពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤នេះរហូតដើមខែកញ្ញា ឆ្នាំ២០២៥ (រយៈពេល១ឆ្នាំកន្លះ)
២- ខាងក្រុមហ៊ុនចាប់ផ្តើមសាងសង់ ហើយតម្រូវឲ្យអាជីវកររើតូបលក់ដូរ ទៅទីតាំងដីអគារគ្រោះមហន្តរាយ និងតាមបណ្តោយផ្លូវបេតុងក្បែរផ្សារកំពង់បឹង។ ចាប់ពីកំឡុងខែកញ្ញា ឆ្នាំ២០២៥ ក្រុមហ៊ុនវិនិយោគ ចាប់ផ្តើមដំណើការសាងសង់ផ្សារមារយៈពេល១៨ខែ
៣- ក្រោយការសាងសង់ផ្សារកំពង់បឹងសន្តិភាពរួច ទើបអនុញ្ញាតឲ្យអាជីវករជួលតូបចូលលក់ដូរក្នុងផ្សារដោយមិនយកថ្លៃជួលតូបរយៈពេល២ឆ្នាំបន្តទៀត និងតម្រូវបង់តែថ្លៃភាស៊ីផ្សារតែប៉ុណ្ណោះ។

ការសម្របសម្រួលខាងលើនេះ ធ្វើឲ្យតំណាងអាជីវករមានក្តីរីករាយ និងបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត គោរពជូនសម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលបានចាត់ឲ្យឯកឧត្តមអភិបាលខេត្ត និងក្រុមការងារ ដើម្បីជួយសម្របសម្រួលនូវទុក្ខលំបាករបស់ពួកគាត់ទាំងអស់គ្នា ដែលពួកគាត់ស្នើសុំរយៈពេលតែ៣ឆ្នាំ តែក្រុមហ៊ុនឯកភាពជូនពួកគាត់រហូតដល់៥ឆ្នាំ។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បាននាំយកថវិការបស់សម្តេចមហាបវរធិបតី ជូនបងប្អូនអាជីវករ ដើម្បីសម្រួលមធ្យោបាយធ្វើដំណើរ និងអាហារថ្ងៃត្រង់ដល់ពួកគាត់ទាំងអស់គ្នា ដែលពួកគាត់ទទួលប្រកបដោយទឹកចិត្តរីករាយយ៉ាងក្រៃលែងផងដែរ៕