Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

នគរបាលខេត្តកំពត បញ្ជូនលោកឧកញ៉ា ជា សារ៉ន និងបក្ខពួកទៅតុលាការហើយ

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃពុធ ទី២៦ ខែមេសា ឆ្នាំ២០២៣ ព័ត៌មានជាតិ 1322
នគរបាលខេត្តកំពត បញ្ជូនលោកឧកញ៉ា ជា សារ៉ន និងបក្ខពួកទៅតុលាការហើយ នគរបាលខេត្តកំពត បញ្ជូនលោកឧកញ៉ា ជា សារ៉ន និងបក្ខពួកទៅតុលាការហើយ

នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពត បានបញ្ជូនប្រធានក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូតិ៍ ជា សារ៉ន និងបក្ខពួក៨ នាក់ទៀត ទៅសាលាដំបូង ហើយ ក្រោយបំពេញសំណុំរឿងរួចរាល់។ ដោយឡែកប្រជាពលរដ្ឋ ដែលចាញ់បោកការលួងលោមរបស់ក្រុមហ៊ុន បានបន្តដាក់ពាក្យបណ្តឹងនៅស្នងការដ្ឋាននគរបាលខេត្តជាបន្តបន្ទាប់។

ឧកញ៉ា ជា សារ៉ន និងបក្ខពួកត្រូវបានសមត្ថកិច្ចនាំខ្លួនកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ មកស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសាកសួរ ពាក់ព័ន្ធនឹងបណ្ដឹងរបស់ប្រជាពលរដ្ឋ ពីករណី ឆបោក។ ការចាប់ខ្លួនឧកញ៉ាល្បីខាងដីឡូតិ៍ និងអ្នកពាក់ព័ន្ធមួយចំនួននេះ បានធ្វើឡើងបន្ទាប់ពីលោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានបើការសម្រុះសម្រួលបញ្ហាប្រឈមជូនប្អូនប្រជាពលរដ្ឋជាទ្រង់ទ្រាយធំ នៅបរិវេណវត្តអង្គឈូក ឃុំឈូក ស្រុកឈូក និងក៏មានការចូលរួមពីលោកឧកញ៉ា ជា សារ៉ន ផងដែរ។

លោកឧត្តមសេនីយ៍ត្រី លក ញ៉ាវ ស្នងការរងបានប្រាប់អ្នកសារព័ត៌មានថា គិតពីថ្ងៃទី២៣ រហូតដល់ល្ងាចថ្ងៃទី២៥ ខែមេសា ស្នងការដ្ឋាន បានទទួលពាក្យបណ្ដឹង ពីប្រជាពលរដ្ឋចំនួន២.៣៧២ នាក់។

ពលរដ្ឋបានអះអាងថា ពួកគាត់ខ្លះអស់លុយចាប់ពី១ម៉ឺន រហូតដល់១០ម៉ឺនដុល្លារ ព្រោះតែចាញ់បោកលោក ជា សារ៉ន ឲ្យខ្ចីលុយពីធនាគារទៅបណ្ដាក់ទុនទិញដីឡូត៍ ដើម្បីទទួលបានការប្រាក់ខ្ពស់ ប៉ុន្តែម្ចាស់ដីឡូត៍ មិនបានផ្ដល់ប្រាក់ភាគលាភ ដូចបានសន្យានោះឡើយ ធ្វើឲ្យពួកគាត់ប្រឈមនឹងការរឹបអូសដីធ្លីផ្ទះសំបែង ទើបផ្ទុះប្រតិកម្មនេះឡើង៕

អត្ថបទទាក់ទង