Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

មានរោងចក្រផលិតសំបកកង់រថយន្តចំនួន២ហើយ កំពុងដំណើការនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៧ ខែមេសា ឆ្នាំ២០២៣ ព័ត៌មានជាតិ 1178
មានរោងចក្រផលិតសំបកកង់រថយន្តចំនួន២ហើយ កំពុងដំណើការនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានរោងចក្រផលិតសំបកកង់រថយន្តចំនួន២ហើយ កំពុងដំណើការនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ

នេះជាការបញ្ជាក់របស់លោក ចិន ជានកាង (Chen Jiangang) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នៅក្នុងជំនួបពិភាក្សាការងារជាមួយលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកាលពីរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣។

នៅក្នុងជំនួបនោះ លោក ចិន ជានកាង (Chen Jiangang) បានលើកឡើងថា នៅថ្ងៃទី២២ ខែឧសភា ខាងមុខនេះ ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុបានគោរពអញ្ជើញសម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី អញ្ជើញចូលរួមក្នុងកម្មវិធីសំណេះសំណាលជាមួយកម្មករ និយោជិត ទស្សនាពិព័រណ៍សមិទ្ធផល និងពិធីសម្ពោធដាក់ឱ្យដំណើរការរោងចក្រសំបកកង់រថយន្ត ដែលមានឈ្មោះថា ជេនេរ៉ល ថាយអឺរ ថេកណូឡូជី (ខេមបូឌា) ឯ.ក។ លោកបន្តថា កន្លងមកនេះ ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុបានទាក់ទាញវិនិយោគិនជាច្រើនមកសិក្សានៅប្រទេសកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនេះ ជាពិសេសតាមរយៈការទទួលគណៈប្រតិភូសំខាន់ៗទាំង២ គឺគណៈប្រតិភូក្រសួងការបរទេសចិន និងគណៈប្រតិភូសហគមន៍ជំរុញពាណិជ្ជកម្មទូទាំងប្រទេសចិន។

ការអញ្ជើញមកទស្សនាទាំងអស់នេះ គឺបានបង្ហាញជាសញ្ញាថា រដ្ឋាភិបាលចិនបានបើកចំហការចេញចូលប្រទេសកាន់តែធំទូលាយ ហើយក៏កាន់តែមានទំនុកចិត្តថា វិនិយោគិនចិននឹងមកវិនិយោគនៅប្រទេសកម្ពុជាកាន់តែច្រើន។ ដំណឹងល្អមួយទៀត គឺរោងចក្រផលិតសំបកកង់រថយន្ត ជេនេរ៉ល ថាយអឺរ ថេកណូឡូជី ដែល អ៊ិត សំហេង ធ្លាប់បានទៅទស្សនកិច្ចនៅទីក្រុងវូស៊ីកន្លងទៅនោះ បច្ចុប្បន្ននេះ បានវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសព្រះសីហនុ តាមសំណើ និងការទាក់ទាញរបស់លោករដ្ឋមន្រ្តី អ៊ិត សំហេង ហើយ។ ការវិនិយោគនេះ គឺជាគម្រោងធំបំផុតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស។ ក្រុមហ៊ុននេះ បានបណ្តាក់ទុនវិនិយោគចំនួន ៣០០ លានដុល្លារ។

ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនរូបនេះបានប្ដេជ្ញាថា នឹងខិតខំប្រឹងប្រែងទាក់ទាញវិនិយោគិនមកកាន់ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុ ដើម្បីផ្ដល់ឱកាសការងារកាន់តែច្រើនជូនប្រជាពលរដ្ឋកម្ពុជា ជាពិសេសនឹងខិតខំប្រឹងប្រែងទាក់ទាញវិស័យដែលប្រើប្រាស់បច្ចេកវិទ្យាកាន់តែទំនើប មកវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុ។

លោករដ្ឋមន្ត្រី អ៊ិត សំហេង ក៏បានស្នើតាមរយៈក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដើម្បីឱ្យវិទ្យាស្ថានមិត្តភាពកម្ពុជា-ចិន បង្កើនការវិនិយោគបន្ថែមទៅលើការបណ្ដុះបណ្ដាល ពិសេសសម្ភារៈ គ្រូបច្ចេកទេសវិជ្ជាជីវៈ ដើម្បីបង្កើនការបណ្ដុះបណ្ដាលធនធានមនុស្សបន្ថែមទៀត ឆ្លើយតបនឹងតម្រូវការក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុផងដែរ៕